មន្ត្រីជលផល​: ដើម្បី ឱ្យ​សហគមន៍​រីក ចម្រើន និង​ត្រូវ​នាំគ្នា​រក្សា​ត្រី​ពូជ និង​ចិញ្ចឹម​ត្រី​ល្អិតៗ​ឱ្យបាន​ច្រើន​

457
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ដើម្បីឱ្យ​សហគមន៍​រីក ចម្រើន និង​ត្រូវ​នាំគ្នា​រក្សា​ត្រី​ពូជ និង​ចិញ្ចឹម​ត្រី​ល្អិតៗ​ឱ្យបាន​ច្រើន​។​នេះ​ជាការ​បញ្ជាក់​អោយដឹង​របស់លោក ជិន ដា អនុប្រធាននាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅក្នុង​សិក្ខាសាលា​បូកសរុប​ល​ទ្ឋ​ផល​គម្រោង ស្តីពី​ការគ្រប់គ្រង​ប្រ​ព័​ន្ឋ​ក​សិ​វារីវប្បកម្ម ដើម្បី​បង្កើន​អាហារូបត្ថម្ភ​និង​ជីវភាព ដែល​រៀបចំឡើង​ដោយ​អង្គការ វើ​ល​ហ្វី​ស​(WorldFish) និង អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​(TCO) សហការ​ជាមួយ​រដ្ឋបាល​ជលផល ក្រោម​ការគាំទ្រ​ថវិកា ពី សហគមន៍ អ៊ឺរ៉ុប​(EU.IFAD) នៅ​សណ្ឋាគារ​អប្សរា​អង្គរ ខេត្តសៀមរាប នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។​

លោក ជិន ដា បាន​បញ្ជាក់ថា រដ្ឋបាល​ជលផល ជាពិសេស​មន្ត្រី​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម បានរួម​ចំណែក​ក្នុងការ​ផ្តល់​មេរៀន​បច្ចេកទេស ការចុះ​ប្រឹក្សា​ការងារ​បច្ចេកទេស ជាមួយ​អង្គការ​ដៃគូ​អនុវត្ត​គម្រោង ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង នូវ​ជី​ភាព​របស់​ប្រជាជន​នៅ​សហគមន៍​ជនបទ​ក្នុង​ខេត្តសៀមរាប ហើយ​គម្រោង​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​កើនឡើង​នូវ​ផល​ត្រី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​ចំណេះដឹង​ផ្នែក​អាហារូបត្ថម្ភ និង​អនាម័យ​ដល់​ប្រជាជន​ក្នុង​សហគមន៍​គោលដៅ​ផងដែរ​។​

លោក ជិន ដា បាន​ជំរុញ​ដល់​កសិករ​ក្នុង​គោលដៅ ក្រោយ​គម្រោង​នេះ​បញ្ចប់ សូម​បន្ត​សហការ​ទំនាក់ទំនង​ជាមួយនឹង​មន្ត្រី​បច្ចេក ទេស និង​កសិករ​ដែលមាន​បទពិសោធន៍​រៀនសូត្រ និង ចែក រំលែក បទពិសោធន៍​ល្អៗ ដល់​គ្នា​ទៅវិញទៅមក​ដើម្បី ឱ្យ​សហគមន៍​រីក ចម្រើន និង​ត្រូវ​នាំគ្នា​រក្សា​ត្រី​ពូជ និង​ចិញ្ចឹម​ត្រី​ល្អិតៗ​ឱ្យបាន​ច្រើន ព្រោះថា​ត្រី​ល្អិត​វា​សម្បូរ​ដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​កាល់ស្យូម និង​វីតាមីន​ផ្សេងៗ​ទៀត ដែលមាន​ប្រសិទ្ធ​ភាពល្អ​បំផុត សម្រាប់​បំប៉ន​សុខភាព​កុមារ​ចាប់​តាំង​កកើត​រហូតដល់​មាន​វ័យ ២៤ ខែ និង​សុខភាព​ស្ត្រី​ពេល​មានគភ៌ គឺ​វា​ជួយ​ធ្វើ​មាន​សុខភាព​មាំមួន​ល្អ និង​មាន​សាច់ឈាម​ស្រស់ថ្លា​។​

  លោក អ៊ុង ច័ន្ទ​រតនា នាយក​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា លើកឡើងថា គម្រោង​ស្តីពី​ការគ្រប់គ្រង​ប្រ​ព័​ន្ឋ​ក​សិ​វារីវប្បកម្ម ដើម្បី​បង្កើន អាហារូបត្ថម្ភ​និង​ជីវភាព​នេះ បាន​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ តាមរយៈ​ថវិកា​អនុវត្ត​គម្រោង​ពី​អង្គការ​វើ​ល​ហ្វី​ស​(WorldFish) ដែល​គម្រោង​នេះ អនុវត្ត​ដោយ​អង្គការ​ដៃគូ​ចំនួន​៣​ខុសៗ​គ្នា គឺ​នៅ​ខេត្តពោធិសាត់ , បាត់ដំបង និង​ខេត្តសៀមរាប អនុវត្ត​ដោយ​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា ហើយ​គម្រោង​នៅ​ខេត្តសៀមរាប បាន​អនុវត្ត​នៅ​ស្រុក​ក្រឡាញ់​ចំនួន​៣​ឃុំ មាន​ស្រះ​កសិករ​ចំនួន​៦៨​ស្រះ បន្ទាប់មក​អនុវត្ត​៣​ឃុំ​នៅ​ស្រុក​ពួក និង​ស្រុក​សូទ្រនិគម ហើយ​ការអនុវត្ត​គម្រោង​៣​ឆ្នាំនេះ បាន​ជួយ​ដល់​កសិករ​គោលដៅ​ចំនួន​១២០​គ្រួសារ ។​

  លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ និង​បង្ហាញ​ភាពជឿជាក់​ទៅលើ​ធនធាន​ជលផល​តាម​វាលស្រែ ដែលជា​ផ្នែក​មួយ​បាន​គ្របដណ្តប់​មួយ​ភាគ​ធំ​លើដី​កសិកម្ម​ក្នុងប្រទេស ខណៈ​គម្រោង​ដែល​បាន​អនុវត្ត​រយៈពេល​ជិត​៣​ឆ្នាំ​មកនេះ បាន​ជួយ​បង្កើន​នូវ​វិធីសាស្ត្រ​សមស្រប​នៃ​អាហារូបត្ថម្ភ តាមរយៈ​វារីវប្បកម្ម​ទៅដល់​គ្រួសារ​ក្រីក្រ ជាពិសេស​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប បាន​ជួយ​រៀបចំ​ការគ្រប់គ្រង​ស្រះ​ក្នុង​តំបន់​គោលដៅ និង​បង្កើន​ចំណេះដឹង​និង​ផ្សព្វផ្សាយ​ដល់​ស្ត្រី​ដែលមាន​កូន​ក្រោម​អាយុ​៥​ឆ្នាំ អំពី​សារៈប្រយោជន៍​នៃ​ត្រី​សម្បូរ​ជីវជាតិ អាហារូបត្ថម្ភ ការ​ចំអិន​អាហារ និង​អនាម័យ បង្កើន​ចំណេះដឹង​ក្នុងការ​ចងក្រង​មេរៀន បទពិសោធន៍ នៃ​ការអភិវឌ្ឍ​វារីវប្បកម្ម និង​ចែករំលែក​ដល់​អ្នក​ពាក់​ព័​ន្ឋ​ក្នុងការ​ពង្រីក​វិសាលភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា ៕ ល​
#