មន្ត្រីជាន់ខ្ពស់ធនាគារជាតិកម្ពុជា ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរីកចម្រើនគួរឲ្យកត់សម្គាល់ ត្រឹមខែកក្កដា កម្ពុជាមានចំនួន៨២

89
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោក ហេង បូមករា បានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាសព្វថ្ងៃនេះបានបន្ដរីកចម្រើនគួរឲ្យកត់សម្គាល់ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០១៩ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៨២គ្រឹះស្ថានកំពុងប្រតិបត្តិការ។

ក្នុងសិក្ខាសាលា ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈវិស័យមីក្រូហិរញ្ញវត្ថ នៅថ្ងៃទី២១ តុលា ឆ្នាំ២០១៩នាសណ្ឋាគារភ្នំពេញ លោក ហេង បូមករា បានថ្លែងថា សព្វថ្ងៃអត្រានៃភាពក្រីក្រនៅកម្ពុជា បានថយចុះជាមធ្យម ១ភាគរយ ក្នុង១ឆ្នាំ បានធ្វើឲ្យកម្ពុជាជាប់ចំណាក់ថ្នាក់ទី៤ នៅលើពិភពលោក ក្នុងការទទួលបានជោគជ័យ នូវកាន់បន្ថយភាពក្រីក្រ។

លោកមានប្រសាសន៍ថា “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បន្ដរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងទំហំ និងវិសាលភាពរបស់ប្រតិបត្តិការ។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួនសរុបចំនួន៨២ ដែលក្នុងនោះ យើងឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់ប្រាក់បញ្ញើមានចំនួន៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន៧៥” ។

លោកអគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិកម្ពុជាបន្ដថា ក្នុងរយៈពេល២ទស្សវត្សរ៍មកនេះ កំណើនទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់មីក្រូហិរញ្ញវត្ថុ បានកើនឡើងជាលំដាប់ ។ ទាំងនេះបានឆ្លុះបញ្ចាំង ពីការប្រើប្រាស់សេវាកម្មមីក្រូហិរញ្ញវត្ថុ កាន់តែប្រសើរជាងមុខ ក៏ដូចជាមានការគាំទ្រ និងជំរុញលើទឹកចិត្តពីសាធារណជន មកលើសេវាមីក្រូហិរញ្ញវត្ថុ ។

លោកបន្ថែមថា ការចូលរួមចំណែក របស់មីក្រូហិរញ្ញវត្ថុ ពិតជាមានសារសំខាន់ដើម្បីលើកម្ពស់ជីវភាពរស់នៅប្រជាជនជាពិសេសបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ។

ចំណែកប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ បានលើកឡើងដែរថា វិស័យមីក្រូហិរញ្ញវត្ថុ ចាប់ផ្ដើមតាំងពីឆ្នាំ១៩៩០ ។ គិតមកដល់ពេលនេះ មីក្រូហិរញ្ញវត្ថុ បានឆ្លងកាត់ជិត៣០ឆ្នាំហើយ សម្រាប់ផ្ដល់សេវាជូនប្រជាជន ។

លោកបញ្ជាក់ថា រហូតមកបច្ចុប្បន្ន មានប្រជាជនខ្មែរ ប្រមាណជា២លានគ្រួសារ ទទួលបានសេវាប្រាក់កម្ចី ពីមីក្រូហិរញ្ញវត្ថុ ។ លោកថា មីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងធ្វើកិច្ចការងារទាំងនេះបន្ថែមទៀត ដើម្បីឲ្យប្រជាជនខ្មែរ ទទួលបានសេវាកម្ម ជាពិសេសដើម្បីឲ្យជីវភាពរបស់ពួកគាត់ កាន់តែមានភាពប្រសើរឡើង៕B/