មន្ត្រីជាន់ខ្ពស់ៈ គណបក្ស​អំណាច​ខ្មែរ មិនទាន់​ឈានដល់​ការរំលាយ​នៅឡើយ​ទេ​

1366
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​សួង សុ​ភ័​ណ្ឌ ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ ពាក់ព័ន្ធ​ស្តីពី​ការអនុវត្តន៍​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្រសួងមហាផ្ទៃ​។
​ ​
​ការកោះអញ្ជើញ​តំណាង​ក្រុមប្រឹក្សា​នយោបាយ​របស់​គ​ណ​បក្ស​អំណាច​ខ្មែរ មក​ប្រជុំពិភាក្សា​ស្តីពី​ការអនុវត្តន៍​ច្បាប់​ស្តីពី​គណបក្ស​ន​យោ​បាយ កើតឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ការ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បទបញ្ជា​។​
​ ​
​លោក​ឈឹម កាន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ទទួលបន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម​និង​គណបក្ស​ន​យោ​បាយ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា កិច្ច​ពិភាក្សាបាន​ផ្តោតលើ​ការអនុវត្តន៍​ច្បាប់​ស្តីពី​គណបក្សនយោបាយ ហើយ​តំណាង​គណបក្ស​អំណាច​ខ្មែរ បាន​ជម្រាប​ថា នឹង​ខិតខំ​គោរព​ទៅតាម​បទ​ប្បញ្ញត្តិ​ដែល​ច្បាប់​បានចែង​។​ជារួម​ក្រសួងមហាផ្ទៃ​មិន​មាន​ចាប់បង្ខំ​អ្វី​ទេ សំខាន់​ឲ្យ​ខាង​គណបក្សនយោបាយ​គោរព​ទៅតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​សំខាន់បំផុត​។​ដោយសារ​ក្រសួង​ធ្លាប់មាន​ចេញ​លិខិត​ជូនដំណឹង​រួចហើយ ពាក់ព័ន្ធ​នឹង​ករណីនេះ​។

​លោក​បាន​បន្តថា​ ​ចំពោះ​ការឈាន​ទៅដល់​រំលាយ​គណបក្ស​គឺ​មិនទាន់បាន​និយាយ​ទេ​សំខាន់​គណបក្ស​អំណាច​ខ្មែរ​បាន​បំពេញ​ទៅតាម​​លក្ខខណ្ឌ​ច្បាប់​ឬ​អត់​។

​ចំណែក​លោក​សួង សុ​ភ័​ណ្ឌ ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ បាន​ឲ្យ​ដឹងថា​ក្រសួងមហាផ្ទៃ​បាន​ហៅ​មក​ជជែក​ទាក់ទង​ទៅនឹង​លក្ខខណ្ឌ​គណបក្ស បទបញ្ជា​ផ្ទៃ​គណបក្ស និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ហើយ​សង្កត់ធ្ងន់​ទៅលើ​ច្បាប់​ស្តីទី​គណបក្សនយោបាយ មាត្រា​២៦​ថ្មី​។ ខាង​ក្រសួង​បានបង្ហាញ​នៅ​ចំណុច​ខ្វះខាត​តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក​នឹង​ព្យាយាម​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​ក្រសួង​​ត្រូវការ​។

​លោក​បាន​បន្តថា នៅក្នុង​ជំនួប​នោះ លោក​ក៏បាន​ប្រគល់​លិខិត​តែងតាំង​លោក​ជា​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ និង​លិខិត​ផ្ទេរសិទ្ធិ​លោក​ជា​ប្រធានស្តីទី កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ជូន​ខាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​។

​សូមជម្រាបថា លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ម្តុំ​ស្ពាន​ព្រែក​ព្នៅ ពេល​លោក​កំពុងធ្វើដំណើរ​ត្រឡប់​មកពី​ខេត្តកំពង់ចាម​។ លោក​ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស រួមមានៈ ១-​បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ ។ ២-​បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព ។ ៣-​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ៕​ដោយៈ មុនី​រ័ត្ន​/sn

លោក​សួង សុ​ភ័​ណ្ឌ ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ (​រូប​ថ​តៈ មុនី​រ័ត្ន​)