មន្ត្រីជាន់ខ្ពស់​កម្ពុជា​: លោកស្រី យី​ង ឡាក់ មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​លិខិតឆ្លងដែន​ខ្មែរ​ទេ​

373
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ច្រានចោល​ចំពោះ​បរទេស ដែល​បាន​ផ្សព្វផ្សាយ​ថា លោកស្រី យី​ង ឡាក់ អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​លិខិតឆ្លងដែន​កម្ពុជា គឺជា​ការមិនពិត ពីព្រោះ​នៅក្នុង​គល់បញ្ជី​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន​មិនមាន​ឈ្មោះ​លោកស្រី យី​ង ឡាក់ ទេ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា លោកស្រី យី​ង ឡាក់ អតីត​នាយករដ្ឋមន្ត្រី​ថៃ មិនមាន​ឈ្មោះ​នៅក្នុង​គល់បញ្ជី​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន​នោះទេ​។​

ចំណែក​លោក​ផៃ ស៊ី​ផាន អ្នក​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ថា អ្វីដែល​លោក​ទទួលបាន​ព័ត៌មាន​ពី​ក្រសួងមហាផ្ទៃ គឺ​នៅក្នុង​បញ្ជី​នៃ​អ្នកទទួលបាន​លិខិតឆ្លងដែន គឺ​មិនមាន​ឈ្មោះ​លោកស្រី យី​ង ឡាក់ ទេ​។ ហើយ​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​បរទេស​អំ​ពី​រឿង​លោកស្រី យី​ង ឡាក់ កាន់​លិខិតឆ្លងដែន​កម្ពុជា គឺ​វា​មិនមាន​ប៉ះពាល់​អ្វី​ទេ​។​

​ការច្រានចោល​ព័ត៌មាន​លោកស្រី យី​ង ឡាក់ កាន់​លិខិតឆ្លងដែន​កម្ពុជា គឺ​បន្ទាប់ពី​សារព័ត៌មាន​ចិន South China Morning Post កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ ដែលមាន​ចំណងជើង​ថា អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង ឡាក់ កាន់​លិខិតឆ្លងដែន​កម្ពុជា ហើយ​អាច​នឹង​ប្រើ​លិខិតឆ្លងដែន​នេះ សម្រាប់​រត់គេចខ្លួន កាលពី​ឆ្នាំ​២០១៧​។ ការចុះផ្សាយ​អត្ថបទ​នេះ គឺ​ដកស្រង់​ចេញពី​សម្តី​របស់លោក Chong Ja Ian ដែលជា​សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​ការបរទេស នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​។ សាស្ត្រាចារ្យ​រូបនេះ អះអាងថា កម្ពុជា​គឺជា​ជម្រើស​ដ៏​ងាយស្រួល សម្រាប់​ការឆ្លងកាត់​ព្រំដែន ដោយ​គ្រាន់​តែមាន​លិខិតឆ្លងដែន​កម្ពុជា នោះ​គឺជា​ការ​ស្រេច​។​

​សូមជម្រាបថា យោងតាម​មាត្រា​៣០ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ ចែងថា ជនបរទេស​ណា​ដែល​កាន់កាប់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​។​

​មន្ត្រី​ភ្នាក់ងាររាជការ ឬ​ជន​ណា​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​កម្ពុជា ឱ្យ​ជនណាម្នាក់ ដែល​មិនមាន​សញ្ជាតិ​ខ្មែរ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ផងដែរ​៕ ល​