មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​: សិទ្ធិផ្ដាច់មុខ​លើ​ផលិតផល​មួយ ម៉ូ​ណូ​ប៉ូ​លី ក្រសួង​មិន​អនុញ្ញាត​ទេ​

544

(​ភ្នំពេញ​)៖​ជុំវិញ​ការការពារ​សិទ្ធិផ្តាច់មុខ​លើ​ម៉ាក​ដូច​មានចែង​ក្នុង​ច្បាប់ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បា​នប​ក​ស្រាយ​ថា​សិទ្ធិ​ផ្ដាច់​​មុខ​លើ​ផលិតផល​មួយ ម៉ូ​ណូ​ប៉ូ​លី (Monopoly) គឺ​ក្រសួង​មិន​អនុញ្ញាត​ឡើយនិង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ឬ​អ្នក​នាំចូល​និង​ចែកចាយ​ទំនិញ​​ពាក់​ម៉ាក​ដែល​បំពាន​សិទ្ធិផ្តាច់មុខ​ត្រូវ​បញ្ឈប់​ជា បន្ទាន់​ដើម្បី​ចៀសវាង​ការប្រឈមមុខ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​។

​លោក ស៊ា​ង ថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​សារព័ត៌មាន​រស្មី​កម្ពុជា​ថា ម៉ូ​ណូ​ប៉ូ​លី គឺជា​ការនាំ​ចូល​នូវ​ទំនិញ​ណាមួយ​ប្រភេទ​ផ្តាច់មុខ​លើ​ទំនិញ ពាក់​ម៉ាក​មួយ​ដែល​ខុសពី​សិទ្ធិផ្តាច់មុខ​លើ​ផលិតផល​មួយ​។ ​ឧទាហរណ៍​នៅក្នុង​មុខទំនិញ​មួយ​លើ ប្រភេទ​រថយន្ត ដែលមាន​ច្រើន​ម៉ាក ដូចជា តូយ៉ូតា ឡិច​ស៊ី​ស ហ្វ​ត​។​ល​។ ដូច្នេះ​ក្រសួង​មិន អនុញ្ញាត​ឲ្យ ក្រុមហ៊ុន​នាំចូល​រថយន្ត​ផ្តាច់មុខ​ទាំងអស់​បានទេ ដែល​នេះហើយ​ហៅថា ម៉ូ​ណូ​ប៉ូ​លី​។ លោក​បន្តថា ប៉ុន្តែ​ក្រសួង​នឹង​កត់ត្រា និង​តម្កល់ ឯកសារ​ជូន​ក្រុមហ៊ុន​ដែល​នាំចូល​រថយន្ត​តែមួយ​ម៉ាក​ដូច​ឧទាហរណ៍ លើកឡើង​ខាងលើ​ថា ប្រសិនបើជា​ម៉ាក ហ្វ​ត ក្រសួង​អាច​កត់​​ត្រា​ជូន​បាន​។

​លោក​អគ្គនាយក​មានប្រសាសន៍​បន្តថា ការដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ ទីមួយ​ទាល់តែ​ក្រុមហ៊ុន​នោះ​ទទួលបាន​ការទាក់ទង​ក្រុមហ៊ុន​​ពី​ក្រៅប្រទេស ដែល​ភាគី​ប្រគល់​សិទ្ធិ​មកដល់​ក្រុមហ៊ុន​ក្នុងស្រុក​ជា​អ្នកទទួល​រថយន្ត​ម៉ាក​នោះ​នៅក្នុង​ប្រទេស​ណាមួយ​ដូចជា​កម្ពុជា ​ហើយ​ក្រុមហ៊ុន​នៅ​កម្ពុជា គឺ​ក្រសួង​យក ឯកសារ​ទាំងអស់​តាម​ការស្នើសុំ​ពី​ក្រុមហ៊ុន​ក្នុងស្រុក​ណាមួយ នឹង​តម្កល់​ឯកសារ​ជូន​។ ដូច្នេះ​អ្នក​នាំ ចូល​រថយន្ត​ម៉ាក ដែល​គ្មាន​សិទ្ធិ​ពី​ក្រុមហ៊ុន​ដើម​មក​ទេ នឹង​ហើយ​ដែល​ហៅថា​បំពាន​ជាមួយ​ម្ចាស់​ម៉ាក បាន​សិទ្ធិ​ពី​ខាងក្រៅ​ដែល​ក្រសួង​​នឹងមាន​វិធានការណ៍​ទៅលើ​ករណី​នឹង​។​

​គួររម្លឹកថា កាលពី​ថ្មីៗ​កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ថា កន្លងមក​មាន​ក្រុមហ៊ុន​ឬ​អ្នក​នាំចូល​មួយចំនួន​​បាន​លួច​នាំចូល​និង​ចែកចាយ​ទំនិញ​ដែល​បំពាន​លើ​សិទ្ធិ​នាំចូល​និង ចែកចាយ​ផ្តាច់មុខ​លើ​ទំនិញ​ពាក់​ម៉ាក​ណាមួយ​ក្នុងប្រទេស​កម្ពុជា តាម​ការប្រគល់សិទ្ធិ​ពី​ម្ចាស់​ម៉ាក​ដែល បាន​កត់ត្រា​និង​តម្កល់​នៅ​ក្រសួងពាណិជ្ជកម្ម​រួចហើយ​។​ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម​ស្នើ​ឲ្យ​ម្ចាស់​ម៉ាក ដែល​បានទទួល សិទ្ធិ​ពី​ក្រុមហ៊ុន​ខាងក្រៅ​សហការ​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច ដូចជា​៖ កាំកុងត្រូល គយ ប៉ូលិស​សេដ្ឋកិច្ច ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាព​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ដដែល លោក​អគ្គនាយក ស៊ា​ង ថៃ បានបញ្ជាក់​ទៀតថា មកដល់ពេលនេះ​ក្រសួង​មិនទាន់​ទទួលបាន​តួលេខ​​ច្បាស់លាស់​ណាមួយ​ថា​មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន បំពាន​លើ​បញ្ហា​នេះ​ទេ​។ ដោយឡែក ចំពោះ​បណ្តឹង​លើ​ករណីនេះ​ក្រសួង​ទទួលបាន​មាន ចំនួន​ប្រាំ​បណ្តឹង ហើយ បានជា​ក្រសួង​ចេញ​លិខិត​នេះ​ដើម្បី​ជាការ​រម្លឹក​ទៅដល់​ក្រុម​ដទៃទៀត​កុំ​ឲ្យ​គាត់​នាំចូល​ដែល​បំពាន​សិទ្ធិ​ទៅលើ​ម្ចាស់​​សិទ្ធិ​ដែល បានទទួល​នាំចូល​ទំនិញ​ម៉ាក​ណាមួយ​ដូច​ជម្រាបជូន​ខាងដើម​។​

​លោក​លើកឡើង​បន្តថា លក្ខខណ្ឌ​ដែល​ទទួលបាន​សិ​ទិ្ធ​ផ្តាច់មុខ​ក្នុងការ​នាំចូល​និង​ចែកចាយ​ទំនិញ ពាក់​ម៉ាក​មួយ​៖ ១.​អ្នក​នាំចូល​ត្រូវជា​នីតិបុគ្គល ។​២.​ត្រូវមាន​លិខិត​ប្រគល់​សិ​ទិ្ធ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ម៉ាក​នៅក្រៅ​ស្រុក​ដោយមាន​បញ្ជាក់​​ពីសា​ការី និង​៣.​ត្រូវយក​ឯកសារ​ក្នុង​ចំណុច​១​និង​២ មក​កត់ត្រា និង តម្កល់​នៅ​ក្រសួងពាណិជ្ជកម្ម​ទើប​ក្រសួង​ចេញ​លិខិត​កត់ត្រា​ជូន​៕​ដោយ : ពៅ និមល​/sn

​លោក ស៊ា​ង ថៃ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម (​ប្រភពពី​ក្រសួង​)