មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណ​ការស្នើ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​បញ្ឈប់​ការដឹក​លើស​ទម្ងន់​

520
ចែករម្លែក

ដោយ​: ពៅ និមល​
​ភ្នំពេញ​:
ជាថ្មី​ម្តងទៀត លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ពោល​សុំ​កុំ​ឲ្យ​មានការ​ដឹក​លើស​ចំនួន​ដែល​ច្បាប់​បានកំណត់ ខណៈដែល​ក្នុង​មួយឆ្នាំៗ​កម្ពុជា​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ក្នុង​ការកសាង​និង​ថែទាំ​ផ្លូវថ្នល់​។​

​ក្នុង​អង្គសិក្ខាសាលា ស្តីពី​បច្ចេកទេស​ជួសជុល​ផ្លូវថ្នល់​ដោយ​ប្រើ​វិធីសាស្ត្រ Cold in Place Recycling កាលពី​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ ដោយមាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជាង​១០០​នាក់ នៅ​ទីស្តីការក្រសួង លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា សព្វថ្ងៃ​សត្រូវ​ដែល​នាំ​ឲ្យ​ផ្លូវ​រង​ការខូចខាត គឺ​ទឹក​និង​ការដឹក​ទំនិញ​លើស​ចំនួន​កំណត់ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​សឹក រេច​រិល ដោយ​ក្នុង​មួយឆ្នាំៗ​មាន​ប្រមាណ​រាប់លាន​ដង​ដែល​រថយន្ត​បើក​កាត់​នៅតាម​ដងផ្លូវ​។ ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បានធ្វើការ​រំលឹក​ជូន​អង្គពិធី​ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន លោក​បាន​ខិតខំ​ប្រឹងប្រែង​រក​ជំនួយឥតសំណង ក៏ដូចជា​ប្រាក់កម្ចី​មក​កសាង​ផ្លូវ​ឲ្យ​បាន​ច្រើន​ទូទាំងប្រទេស​ដើម្បី​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកវិនិយោគ​អាច​ប្រើប្រាស់​ផ្លូវថ្នល់​ក្នុងការ​ដឹកទំនិញ​ទៅ​លក់​នៅ​បរទេស និង​នាំ​ទំនិញ​មក​លក់​នៅក្នុង​ស្រុក​វិញ និង​អ្នក​ទេសចរណ៍​។​ល​។ ប៉ុន្តែ បើ​យើង​មិន​ជួយ​ថែទាំ​ទ្រព្យសម្បត្តិ​ជាតិ ដែល​លោក​ប្រឹងរក​ដោយ​លំបាក​នោះទេ យើង​នឹង​បាត់បង់​ទៅវិញ​គឺ​លឿន​ណាស់​។​

​ស្រប​ពេលដែល​កម្ពុ​ជាមាន​ការកសាង​ផ្លូវថ្នល់​ជាច្រើន ក្នុងនោះ​ផ្លូវ​ខូច​ក៏មាន ហើយ​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​ការកសាង​ផ្លូវ ការថែទាំ​ផ្លូវ​នៅ​មិនទាន់​ល្អប្រសើរ​ទេ ដោយ​ធ្វើ​ជាប់​រហូត និង​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​ជាដើម ពិសេស​ចាក់​ស្តើង​ស៊ី​ក្រាស់​។ ការបញ្ជាក់​បន្ថែម​រប​ស់លោក​រដ្ឋមន្ត្រី​។​

​ជាមួយគ្នានេះ លោក Kim Jenkins សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ប្រឹក្សា​ពី​ការសាងសង់​ផ្លូវ នៃ​សាកល​វ​វិទ្យាល័យ Stellenbosch, South Africa បាន​រៀបរាប់​ប្រាប់​អំពី​ការថែទាំ​ផ្លូវ​ឲ្យ​បាន​រឹងមាំ​និង​ប្រើប្រាស់​យូរអង្វែង​។ និង​ប្រាប់​អំពី​ការជួសជុល​ផ្លូវ​តាម​បច្ចេកទេស​ត្រជាក់ គឺ​មិនត្រូវ​ការប្រើ​ថាមពល​ច្រើន​នោះទេ ដោយសារតែ​អាច​លាយ​ក្នុងស្ថានភាព​ធម្មតា​តិចជាង ៥០​ដឺ​ក្រ ហើយ​ការសាងសង់​ផ្លូវ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ត្រជាក់​នេះដែរ គឺ​ផ្តល់​ប្រយោជន៍​ច្រើនណាស់ ដោយ​ប្រើ​រូបធាតុ​ចាស់​ធ្វើការ​សាងសង់​ឡើងវិញ ដើម្បី​កាត់បន្ថយ​ការចំណាយ​។ លោក​បន្តថា ការប្រើប្រាស់​បច្ចេកទេស​នេះ គឺអាច​ប្រើប្រាស់​រូបធាតុ​ចាស់​បាន​ដល់​១០០​ភាគរយ ដោយ​គ្រាន់តែ​បន្ថែម​ពពួក​កៅស៊ូ​តែប៉ុណ្ណោះ ហើយ​ការប្រើប្រាស់​បច្ចេកទេស​ត្រជាក់​នេះ គឺអាច​សន្សំ​ប្រា​ក់បាន​ច្រើន​ពី​ការសាងសង់​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​បន្ថែមថា ជុំវិញ​ការដឹក​ទំនិញ​លើស​ចំនួន​កំណត់​នេះ ក្នុង​រថយន្ត​មួយគ្រឿង បើ​ដឹក​លើស​កំណត់​ចំនួន​១០​តោន គឺ​ស្មើនឹង​រថយន្ត​០១​ម៉ឺន​គ្រឿង​បាន​បើក​លើ​ដងផ្លូវ ហើយ​បើសិន​រថយន្ត​មួយគ្រឿង​ដឹក​លើស​រហូតដល់​៣០​តោន ស្មើនឹង​រថយន្ត​៨១​ម៉ឺន​គ្រឿង​បាន​បើក​នៅលើ​ដងផ្លូវ​៕ ល​