មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​បៈ ទណ្ឌិត សម រង្ស៊ី គ្មាន​សិទ្ធិ​ប្តឹង​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នោះទេ​

1102
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.) បាន​ថ្លែងថា ការ​ស្នើ​​របស់​ទណ្ឌិត សម រង្ស៊ី ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នុះ គឺ​សមរង្ស៊ី គ្មាន​សិទ្ធិ​ប្តឹង​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ឡើយ ពីព្រោះ​បុគ្គល​រូបនេះ មិនមែនជា​បេក្ខជន​របស់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​។ ចំពោះ​សន្លឹកឆ្នោត​វិញ គឺ​គ​.​ជ​.​ប​. រក្សាទុក​៦​ឆ្នាំ បន្ទាប់ពី​បោះឆ្នោត ទើប​ច្បាប់​អនុញ្ញាត​ឲ្យ​បំផ្លាញចោល​។​

​ការបញ្ជាក់​នេះ គឺ​បន្ទាប់ពី​លោក​សម រង្ស៊ី បាន​សូម​ឲ្យ​គ​.​ជ​.​ប​. កុំ​បំផ្លាញចោល​សន្លឹកឆ្នោត ដែល​ប្រមូលបាន​នៅតាម​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស ដើម្បី​យកមក​ពិនិត្យ និង​រាប់​ឡើងវិញ​ទាំងអស់គ្នា ក្នុង​គោល​បំណង​ឃើញ​ឲ្យ​ច្បាស់​ថា សន្លឹកឆ្នោត​មោ​ឃៈ ដែល​ប្រជាពលរដ្ឋ​ខ្វែង​ចោល មាន​ចំនួន​ប៉ុន្មាន​ភាគរយ​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក​សម រង្ស៊ី សរសេរ​បង្ហោះ​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​។​

លោក​សោម សូលី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប​
​(រូបឯកសារ)

​លោក​សោម សូលី​ដា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៦ ខែសីហា ថា គ​.​ជ​.​ប​. រក្សាទុក​សន្លឹកឆ្នោតរ​យៈ​ពេល ៦​ឆ្នាំ បន្ទាប់ពី​ការបោះឆ្នោត​រួចហើយ ទើប​ច្បាប់​អនុញ្ញាត​ឲ្យ គ​.​ជ​.​ប ប​ផ្លាញ​សន្លឹកឆ្នោត​នោះ​។ លោក​បន្តថា ទាក់ទង​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ មិនអាច​ធ្វើទៅកើត​ទេ ពីព្រោះ​នៅក្នុង​មាត្រា ១៣៥ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចែងថា នៅពេលដែល​បណ្តឹង​ទាក់ទង​និង​ការបោះឆ្នោត​ត្រូវបាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ ហើយគ​.​ជ​.​ប បានទទួល​លទ្ធផល​នៃ​ការបោះឆ្នោត​គ្រប់​រាជធានី ខេត្ត គ​.​ជ​.​ប ត្រូវ​​ប្រកាស​លទ្ធផល​ផ្លូវការ​។ ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​វា​អាច​កើតឡើង​តែ​ក្នុងករណី​បណ្តឹង​នៃ​ការិយា​ល័យ​​បោះឆ្នោត​យ៉ាងហោចណាស់​ម៉ោង​១១​និង​៣០​នាទី បន្ទាប់​ពីថ្ងៃ​បោះឆ្នោត ហើយ​ការប្តឹង​អំពី​ភាពមិន​ប្រក្រតី​នៅ​ការិយាល័យ​បោះឆ្នោត អាចដាក់​ប្តឹងទៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត បាន​ត​រហូតមកដល់​គណៈកម្មកា​រ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ប្រសិនបើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​ឲ្យ​គ​.​ជ​.​ប ជឿជាក់​បាន​ថា មាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​ទៅ​និង​ការលួចបន្លំ​សន្លឹកឆ្នោត ឬក៏​ភាពមិនប្រក្រតី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធ​នៃ​ការបោះឆ្នោត នោះ​គ​.​ជ​.​ប នឹង​សម្រេច​អំពី​ការបើក​កញ្ចប់​សុវត្ថិភាព “​ក​” ដើម្បី​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​សម្ភារ​ឯកសារ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។ ករណី​រាប់​សន្លឹកឆ្នោត​ឡើងវិញ គឺ​ច្បាប់​ចែង​តែ​ស្ថាប័ន​គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​លោក​បាន​បញ្ជាក់ថា “​ពិនិត្យ​ទៅលើ​ផ្លូវច្បាប់ ការលើកឡើង​របស់លោក​សម រង្ស៊ី គឺ​ផ្ទុយ​នឹង​គតិ​ច្បាប់ មិន​អាច​​ទទួលយកបាន​ទេ​។ ហើយ​កាន់តែ​ខុសច្បាប់​ទៅទៀត ដែល​គណបក្ស​មួយ​មិនបាន​ចូលរួម​នៅក្នុង​ការ​បោះឆ្នោត កាន់តែ​គ្មាន​សិទ្ធិ​នៅក្នុង​ការប្តឹង​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។ នៅក្នុង​ច្បាប់​បានចែង​ច្បាស់ គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត មាន​សិទ្ធិ​ប្តឹង បណ្តឹង​ដាក់​តាម​យន្តការ​បី​ថ្នាក់​របស់​គ​.​ជ​.​ប និង​ឡើងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ហើយ​គាត់ (​សម រង្ស៊ី​) មិន​មែនជា​បេក្ខជន​​របស់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ផង តើ​គាត់​មាន​សិទ្ធិ​អី​នៅក្នុង​ការទាម​ទារ​​ឲ្យ​គ​.​ជ​.​ប ឬក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មក​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ គឺ​វា​ផ្ទុយ​និង​គតិ​ច្បាប់ វា​អត់​ទៅរួច​”​។


​ ​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង​។ ហើយ​ការ​ប្រកាស​​លទ្ធផល​បណ្តោះ​អាសន្ន គឺ​នៅ​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០១៨ និង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ​៕សរន