មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ ជំ​រុញឱ្យ​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​រដ្ឋ ផ្នែក​ធនាគារ

982
ចែករម្លែក

ដោយ​៖ ភ្នំ​ស្វាយ /
បន្ទាយមានជ័យ​៖ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ជំរុញ​ឱ្យ​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​រដ្ឋ ផ្នែក​ធនាគារ ឱ្យ​សម​ស្របតាម​កាលានុវត្តន៍​ភាព បច្ចុប្បន្នភាព នៃ​ការរីកចម្រើន របស់​ប្រទេស និង​ពិភពលោក ក៏ដូចជា ការរីកដុះដាល និង​ការប្រកួតប្រជែង នៃ​ធនាគារឯកជន ក្នុងប្រទេស​។​

​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ជំរុញ​ដូច្នេះ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ នា​សាលប្រជុំ​នៃ ធនាគារជាតិ​នៃ​កម្ពុជា​ខេត្ត ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង លោក ថា សុទ្ធា នាយក​ថ្មី របស់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តបន្ទាយមានជ័យ ជំនួស​លោក ហេង ទួង នាយក​ចាស់ នៃ​សាខា​នេះ ដែល​បាន​ចូលនិវត្តន៍​។​
លោក​ហេង ទួង បានធ្វើ​របាយការណ៍​ស​ង្ខេ​ប ទាក់ទិន​នឹង​លទ្ធផល​ការងារ និង​ការអភិវឌ្ឍ ឈានឡើង​របស់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តបន្ទាយមានជ័យ នៅក្នុង​ដំណាក់កាល​ថ្មី នៃ​ការអនុវត្ត​គោលនយោបាយ វិស័យ​ធនាគារ​។ បន្ទាប់មក លោក ថា សុទ្ធ នាយក​ថ្មី ក្រោយពី​បានទទួល​ការតែងតាំង ទទួល​ប្រកាស និង​ត្រា លោក​បាន​ប្តេជ្ញា ខិតខំ​បំពេញ​កា​ងារ ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត សមត្ថភាព ប្រកបដោយ​ការទទួលខុសត្រូវ បាន​លទ្ធផល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ បន្តទៀត ។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ នៃ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ផ្តល់​ធនធានមនុស្ស​ថ្មី មក​ដឹកនាំ​សាខា ក៏ដូចជា អបអ​សាទរ​លោកនាយ​ក​ថ្មី ធនាគារជាតិ​នៃ​កម្ពុជា ខេត្តបន្ទាយមានជ័យ​នេះ ។ លោក​សង្ឃឹមថា លោកនាយក​ថ្មី និង​សហការី នឹង​គោរព​តាម ការចាត់​តាំងរបស់​ថ្នាក់ដឹកនាំ ធនាគារជាតិ​នៃ​កម្ពុជា ហើយ​បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​រដ្ឋបាលខេត្ត ក៏ដូចជា​មន្ទីរ អង្គភាព និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ជុំវិញ​ខេត្ត​។​

​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា​: លោក ថា សុទ្ធា នាយក​ថ្មី ត្រូវ​ទទួល​ការណែនាំ និង​អនុសាសន៍​ល្អៗ ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ហើយ​ខិតខំ​សិក្សា ដើម្បី​ស្វែងយល់ និង​ស្រាវជ្រាវ ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង និង​សមត្ថភាព​ការងារ​ខ្លួនឯង និង​បុគ្គលិក ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត រីកចំរើន ត្រូវ​ទទួលយក​បទពិសោធ​ន៍​បន្ថែមទៀត ដែលជា​សក្កា​នុព​ល​សេដ្ឋកិច្ច​ធំ និង​បន្ត​ដឹកនាំ គ្រប់គ្រង​សាខា ធនាគារជាតិ​នៃ​កម្ពុជា ខេត្តបន្ទាយមានជ័យ ឲ្យ​បានសម្រេច​ជោគជ័យ ថ្មីៗ​បន្ថែមទៀត​។ ត្រូវខិតខំ​បំពេញការងារ និង​ភារកិច្ច ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ត្រូវគោរព​វិន័យ និង​អនុវត្ត​តាមច្បាប់ និង​លិខិតបទដ្ឋាន​នានា របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រកបដោយ​ស្មោះត្រង់​។​

​លោក​ទេសាភិបាល បាន​បន្តថា​: នាយក និង​បុគ្គលិក ត្រូវ​ថែរក្សា​ទ្រព្យសម្បត្តិ របស់​ធនាគារជាតិ​នៃ​កម្ពុជា ឲ្យ​បាន​គង់វង្ស ជាពិសេស​ថែរក្សា​ការពារ ឃ្លាំង​បេឡា ឱ្យបាន​ល្អប្រសើរ និង​ត្រូវ​ពង្រីក​ការ​យាមកាម ឱ្យបាន​ជាប្រចាំ និង​ត្រូវខិតខំ​បំពាក់បំប៉ន ជំនាញ​បច្ចេកទេស និង​ក្រមសីលធម៌ វិជ្ជាជីវៈ ជូន​មន្ត្រី​បុគ្គលិក ក្រោម​ឱវាទ​៕v