មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា អំពាវនាវ​កងទ័ព​រួម​កម្លាំង​គ្នា និង​សូម​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នា​ក្រោយនេះ​

1203
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ជាថ្មី​ម្តងទៀត លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់​រួបរួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​សន្តិភាព​ដែល​កម្ពុជា​កំពុងមាន​បច្ចុប្បន្ន​និង​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ខែកក្កដា​ខាងមុខ ដើម្បី​រក្សាបាន​សុខសន្តិភាព​ជូន​ប្រជាជន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​។​

​ការអំពាវនាវ​ខាងលើនេះ លោក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង​នាឱកាស​អញ្ជើញ​ជា​គណៈ​អធិបតីភាព​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីបញ្ជាការ​កងវរសេនាតូច​លេខ​៨៦ ដែលជា​អំណោយ​របស់​ក្រសួងពាណិជ្ជកម្ម ជូន​ទីបញ្ជាការដ្ឋាន​កាំភ្លើង​ធំ ស្ថិតក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោម​ការចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​មន្ត្រី​ក្រសួងពាណិជ្ជកម្ម នាយទាហាន នាយទាហានរង និង​ពលទាហាន​ប្រមាណ​ជាង​៣០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​គុណបំណាច់​ដ៏​ថ្លៃថ្លា​របស់​កង​ព័​ទ​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​និង​មាតុភូមិ ព្រមទាំង​គុណ​តម្លៃ​សន្តិភាព​ដែល​ប្រសូត្រ​ចេញពី​គោលនយោបាយ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ដែល​បានផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប អាច​ចូលរួម​ស្តារ និង​កសាង​ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ​រហូត​ទទួលបាន​កិត្តិនាម​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ ព្រមទាំង​ធានាបាន​នូវ​និរន្តរភាព​នៃ​ការអភិវឌ្ឍ ការពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ការលើកស្ទួយ​នីតិរដ្ឋ សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូ​របស់​ប្រជាជន​គ្រប់រូប​។​

​បន្ថែម​លើ​នេះ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​នាយ​ទាហាន នាយទាហានរង និង​ពលទាហាន ដែល​កំពុង​ឈរជើង​ការពារជាតិ​និង​មាតុភូមិ ស្របតាម​អនុសាសន៍​និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​អគ្គ​តេ​ជា​ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន លោក​រដ្ឋមន្ត្រី​បាន​នាំយក​អំណោយ​មួយចំនួន​ប្រគល់ជូន​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ មានដូចជា​៖ តុមូល​ដែក​ចំនួន​១០​ឈុត​, កៅអី​ជ័រ​ចំនួន ១០០, គ្រែ​សិក្ខាកាម​ចំនួន​៥០​ឈុត​, ស្រា​បៀរ​ចំនួន​១០០​កេស​, កូនឈើ​ចំនួន​៥០០​ដើម​, ថវិកា​ជប់លៀង​បិទ​វគ្គ​សិក្ខាកាម​ចំនួន​៣,៧៥០​ដុល្លារ និង​២,៥០០,០០០៛, ថវិកា​ជូន​កងទ័ព​ចំនួន​៤៧២​នាក់ (​ក្នុង​ម្នាក់​ចំនួន​០២​ម៉ឺន​រៀល​) និង​ជូន​អង្គភាព​ចំនួន​០២​លាន​រៀល​ផងដែរ​៕

#