មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា​: សន្លឹកឆ្នោត​មួយ​សន្លឹក​ពិតជា​សំខាន់​ក្នុងការ​កំណត់​វាសនា​ប្រទេសជាតិ

1413
ចែករម្លែក
​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៤.០០០​នាក់ ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (​រូបថត ក្រសួង​)

​ដោយ​: ពៅ និមល / ភ្នំពេញ : ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត និយោជក និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​៤.០០០​នាក់​ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​បងប្អូន​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​ប្រទេសជាតិ ដូច្នេះ​សូម​គិត​ឲ្យ​បាន​ច្បាស់​មុននឹង​សម្រេចចិត្ត​គូស​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ព្រៃឈរ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានលើកឡើង​បន្តថា សន្តិភាព គឺជា​កត្តា​សំខាន់​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ដើម្បី​នាំមក​នូវ​ប្រាក់ចំណូល​ជូន​ប្រជាជន​និង​ប្រទេសជាតិ រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បានកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ កម្មការិនី​ចំនួន​១៧០​ដុល្លារ ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨ ដោយ​មិនទាន់​បូក​បញ្ចូល​នយោបាយ​គាំពារ​សង្គម​ផ្នែក​សុខភាព និង​គោលនយោបាយ​ពង្រីក​ប្រាក់​សោធន​និវត្តន៍​នៅឡើយ នៅ​ឆ្នាំ​២០១៩​ប្រាក់​ឈ្នួល​អ​ប្បរមា​នឹង​ខ្ពស់ជាង​១៧០​ដុល្លារ​បន្តទៀត​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​ជូន​ប្រជាជន តាមរយៈ​ការពង្រាយ​រោងចក្រ​នៅតាម​បណ្តា​ខេត្ត និង​តំបន់​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ និង​បាន​ពន្យល់​កម្មករនិយោជិត និង​និយោជក ឲ្យ​ចេះ​ប្រើប្រាស់​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជ្រើសរើស​គណបក្សនយោបាយ​ដែលមាន​សមត្ថភាព​ពិតប្រាកដ ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​វិបុល​សុខ និង​វឌ្ឍនភាព​នាពេល​អនាគត​។​

​ស្របគ្នា​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត និង​សម្បូរ​សប្បាយ ហើយ​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុងការ​ប្រមូលផ្តុំ​កម្លាំង​ប្រជាពលរដ្ឋ ចូលរួម​ការពារ​និង​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ក្នុង​នោះបាន​បង្កើត​គោលនយោបាយ​ទាក់ទាញ​វិនិយោគ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ តម្លើង​ប្រាក់បៀវត្ស​រ៏​ជូន​មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និង​កម្មករ កម្ម​ការី​នី ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រពល​រដ្ឋ​។​ល​។​

​សូម​រម្លឹកថា តាមរយៈ​ការបង្កើត​និង​ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ផ្នែក​សុខភាព និង​គោលនយោបាយ​ពង្រីក​ប្រាក់​សោធន​និវត្តន៍​របស់​រាជរដ្ឋាភិបាល បានធ្វើ​ឲ្យ​កម្មករនិយោជិត​ទូទាំងប្រទេស ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន ដូចជា​៖ ពុំមាន​ការបង់ប្រាក់រ​បប​សន្តិសុខ​សង្គម [​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០​ភាគរយ​], ទទួលបាន​ការពិនិត្យ​និង​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ​, កម្មការិនី មាន​សិទ្ធិ​ឈប់សម្រាក​មាតុភាព​រយៈពេល​០៣​ខែ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​១២០​ភាគរយ​, ក្នុងពេល​សម្រាលកូន កម្មការិនី​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ផងដែរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទទួលបាន​ប្រាក់​សោធន​និវត្តន៍ (​ប្រាក់​រឺ​ត្រែ​ត​) ពេញ​ដូចគ្នា​នឹង​មន្ត្រីរាជការ​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​៕ ល​