មន្ត្រីជាន់ខ្ពស់​ពីររូប​បញ្ជាក់​ដល់ក​ម្ម​ករ​គ្រោះថ្នាក់​ចរាចរណ៍ និង​សាច់ញាតិ​ថា កុំ​បារម្ភ​ពី​ថ្លៃ​ព្យាបាល​និង​សុខភាព​

1193
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ អមដំណើរ​ដោយ​លោក ជាវ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ និង​ជា​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមជាមួយ​ក្រុមការងា​រ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​បងប្អូន​កម្មករ និយោជិត​សរុប​២២​នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ​។​

​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ​បងប្អូន​កម្មករ លោក ហ៊ុន ម៉ា​នី បាន​ប្រាប់​បងប្អូន​កម្មករ​ទាំង​អស់​កុំ​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការចំណាយ​លើ​ការព្យាបាល ព្រោះ ប​.​ស​.​ស ជា​អ្នកទទួលបន្ទុក​ចេញថ្លៃ​ព្យាបាល​របស់​បងប្អូន​កម្ម​ករ​ទាំងស្រុង​។ ក្នុងឱកាស​នោះ​លោក​ក៏បាន​ផ្តាំផ្ញើ​សុខទុក្ខ និង​ជូនពរ​ដល់​បងប្អូន​ក​ម្មករ​រងគ្រោះ​ទាំងអស់​ឲ្យ​ឆាប់​ជាសះស្បើយ​ដើម្បី​បាន​ត្រឡប់ទៅផ្ទះ និង​ទៅធ្វើ​ការងារ​វិញ​ដូច​សព្វដង​។​

​ជាមួយគ្នានេះ​លោកអ្នក​នាំពាក្យ ជាវ ប៊ុន​រិ​ទ្ធ បានបញ្ជាក់​ដល់​បងប្អូន​ជា​សាច់ញាតិ​របស់​ជនរងគ្រោះ​ទាំងអស់​ថា សូមកុំ​បារ​ម្មណ៍​លើ​ការចំណាយ​ថ្លៃ​ព្យាបាល​របស់​ជនរងគ្រោះ ព្រោះ​កម្មករ​រងគ្រោះ ជា​គ្រោះថ្នាក់​ការងារ ដូច្នេះ ប​.​ស​.​ស នឹង​ផ្តល់​ការព្យាបាល​រហូតដល់​ជាសះស្បើយ​។ លើសពីនេះ​ទៀត បងប្អូន​កម្មករ​រង​គ្រោះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដែល​ប​.​ស​.​ស ផ្តល់ជូន​រួមមាន​៖ ប្រាក់​ថ្លៃ​ដឹកជញ្ជូន​ជនរងគ្រោះ​, ប្រាក់​ថ្លៃ​សង្គ្រោះបន្ទាន់​, ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​, ប្រាក់ឧបត្ថម្ភ​ដល់​អ្នក​ចាំ​ថែរក្សា​និង​អ្នក​ថែទាំ​ជនរងគ្រោះ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ​ចំពោះ​អ្នក​បាត់បង់​គ្រោះថ្នាក់​ការងារ​អចិន្ត្រៃយ៍​ប្រសិន បើ​ទទួល​គ្រោះថ្នាក់​រហូតដល់​ពិការភាព ប​.​ស​.​សនឹង​ផ្តល់ជូន​ដៃជើង​អវៈយវៈ​សិប្ប​និមិត្ត ឈើច្រត់ រទេះរុញ​។​ល​។ ថែមទាំង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ មានដូចជា​៖ ជាង​អ៊ុតសក់​, ជាង​សំអាង​, ជាង​ជួសជុល​ទូរស័ព្ទ​,​ជាងភ្លើង​ជាដើម​។​

​សូម​រម្លឹក​ទៀតថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​កាល​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ មូលហេតុ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ បាន​បើក​វ៉ា​ជែង​រថយន្ត​ដែល​នៅខាងមុខ​ក្នុងទិសដៅ​ស្របគ្នា​មិន​ប្រុងប្រយ័ត្ន ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​តែម្តង និង​ប​បណ្តាល​ឲ្យ​កម្មករនិយោជិត រងរបួស​ធ្ងន់​ចំនួន​១៧​នាក់ និង​ស្រាល​៣៤​នាក់​។ ក្នុងនោះ ជនរងគ្រោះ​ដែល​របួសធ្ងន់​ចំនួន​២២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​នេះ​។​

​ក្រោយពី​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ និង​មាន​ការជួយ​សម្របសម្រួល​ពី​ភ្នាក់ងារ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខណៈ​នេះ​ជនរងគ្រោះ​មួយចំនួន មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ហើយ​៕