ដោយ: ពៅ និមល / ភ្នំពេញ: ដើម្បីរួមចំណែកនិងអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ការងាររបស់រាជរដ្ឋាភិបាល ពិសេសការផ្តល់សេវាសាធារណៈជាមួយវិស័យឯកជន ត្រូវបានមន្ត្រីជាន់ខ្ពស់នៃកម្ពុជាចំនួនពីររូបរំពឹងទុកថា វិស័យពាណិជ្ជកម្មនៅក្នុងខេត្តពោធិ៍សាត់នឹងកាន់តែល្អប្រសើរបន្តទៀត ក្រោយផ្លាស់ប្តូរប្រធានមន្ទីរខេត្តថ្មី។
មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មថ្មីប្រចាំខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការតែងតាំងថ្នាក់ដឹកនាំថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ គឺជាភស្តុតាងដែលបញ្ជាក់ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានកោតសរសើរអតីតប្រធានមន្ទីរ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចគ្រប់គ្រង និងដឹកនាំមន្ទីរពាណិជ្ជកម្ម រហូតក្លាយទៅជាអង្គភាពមួយដែលទទួលបានការគាំទ្រពីវិស័យឯកជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តពោធិ៍សាត់ ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្ររាល់កម្មភាពរបស់មន្ទីរពាណិជ្ជកម្ម ព្រមទាំងបានស្នើលោកប្រធានមន្ទីរថ្មីខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេសត្រូវពង្រឹងកិច្ចសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរខេត្ត ដើម្បីចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារឲ្យបានដូចភ្លៀងរលឹម ដើម្បីការពារសុខមាលភាពជូនប្រជាជន។
នៅជាមួយគ្នានេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានស្នើដល់ប្រធានមន្ទីរថ្មីខិតខំពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីដឹកនាំមន្ត្រីក្រោមឱវាទនិងមន្ទីរពាណិជ្ជកម្មខេត្ត សំដៅនាំមកនូវសមិទ្ធផលថ្មីៗជូនប្រជាជន នងវិស័យពាណិជ្ជកម្មជាតិ។ លើសពីនេះលោកអភិបាលខេត្ត ក៏បានស្នើមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈនិងបម្រើប្រជាពលរដ្ឋឲ្យបានល្អទៅមុខបន្តទៀត។
សូមបញ្ជាក់ថា ពោធិ៍សាត់ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា អមទៅដោយបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជា។ ក្រៅពីសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានប្រណិតៗ ខេត្តពោធិ៍សាត់ ក៏សម្បូរដោយដីមានជីជាតិ ដែលមានលក្ខណៈអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវនិងឈើហូបផ្លែគ្រប់ប្រភេទ៕ ល