មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាល​ប្ដេជ្ញា​បញ្ចប់​បញ្ហា​អេដស៍​នៅក្នុង​ឆ្នាំ​២០២៥

289
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ៖ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មានប្រសាសន៍ថា កន្លងមករាជ​រដ្ឋាភិ​បាលសង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដោយ​ប្រកាន់យក “​វិធីសាស្ត្រ​ផ្តោតលើ​ប្រជាជន​” ហើយ​អស់​រយៈពេល​ជិត​បី​ទសវត្សរ៍​កន្លងទៅនេះ​។

លោក​បញ្ជាក់​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ប្រចាំ ឆ្នាំ​២០១៩ របស់​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​អន្តរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​សណ្ឋាគារ​អង្គរ​សេន​ជូ​រី ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ដោយមាន​អ្នកចូលរួម​មកពី​អង្គការ​សម្ព័ន្ធភាព​អន្តរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ចំនួន​២៤​ប្រទេស និង ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អង្គភាព​ពាក់ព័ន្ធ​នានា​។​

​លោក​ទេសរដ្ឋមន្ត្រី អៀង ម៉ូ​លី បាន​បន្តថា អង្គការ​ខា​ណា បាន​ក្លាយជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ធំ​បំផុត ដែល​បានផ្តល់​សេវា​បង្ការ ថែទាំ និង​គាំទ្រ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្រិត​សហគមន៍ ក៏ដូចជា​សុខភាព​បន្ត​ពូជ ផែនការ​គ្រួសារ សុខភាព​មាតា និង​ទារក កម្មវិធី​ជំងឺរបេង និង​ការកសាង​ជីវភាព​ផងដែរ ដែល​ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់​ភារកិច្ច​ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ឱ្យ​សិក្សា​លំហ​ថវិកា ដើម្បី​អនុវត្ត​ន៍ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋា​ភិបាល ក្នុងការ​បញ្ចប់​បញ្ហា​អេដស៍ នៅក្នុង​ឆ្នាំ​២០២៥។​

លោក អៀង ម៉ូ​លី បាន​បន្តទៀតថា ក្រសួង​ដែល​ពាក់ព័ន្ធ ក៏ត្រូវ​ទទួលស្គាល់​តួនាទី​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​បន្ត​គាំទ្រ​ឱ្យមាន​ការចូលរួម​បន្តទៀត ​តាមរយៈ​ការផ្តល់​មូលនិធិ​ពី​រាជរដ្ឋាភិបាល​តាម​លទ្ធ​ភាព​ថវិកាជាតិ។​

លោក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​បន្តទៀតថា ជោគជ័យ​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​កន្លងមក ដែលនាំឱ្យ​កម្ពុជា​សម្រេចបាន​គោលដៅ​៩០-៩០-៩០ នៅ​ឆ្នាំ ២០១៧ គឺ​ដោយសារ​ការគាំទ្រ​ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ខណៈ​នៅ​ឆ្នាំ​១៩៩១ ករណី​មេរោគ​អេដស៍​ជា​លើកដំបូង​ត្រូវបាន​រាយការណ៍​នៅ​កម្ពុជា និង​នៅ​ឆ្នាំ​១៩៩៥ មាន​ករណី​ឆ្លង​រហូតដល់​ជាង ២៣.០០០​នាក់ ហើយ​រាជរដ្ឋាភិបាល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការកសាង​កម្មវិធី​ផ្អែកលើ​ភស្តុតាង​ដែល​កាត់បន្ថយ​ចំនួន​ឆ្លង​ថ្មី​មក​នៅ​តិចជាង​១.០០០​នាក់ នៅ​ឆ្នាំ​២០១៨ ។​

លោកស្រី គ្រីស្ទី​ន ស្ទេ​លីង នាយក​ប្រតិបត្តិ​អង្គការ​ហ្វ្រ​ន់​ឡាញ​អេដស៍ (Frontline AIDS) បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​៧​ប៉ុណ្ណោះ​ដែល​បានសម្រេច​គោលដៅ​៩០-៩០-៩០ ហើយ​លោកស្រី ក៏​ចង់​ស្វែងយល់​ពី​ជោគជ័យ​កម្ពុជា និង​ចង់ដឹងថា តើ​កម្ពុជា​ធ្វើយ៉ាងណា​ក្នុងការ​គាំទ្រ​សង្គម​ស៊ីវិល ដោយ​ប្រើ​ថវិកា​ក្នុង ស្រុក​ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ លោក ពិន ប្រាកដ អភិបាល រង​ខេត្តសៀមរាប បាន​មាន ប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល ខេត្ត នឹង​ពិនិត្យ​លទ្ធភាព​បន្ថែមទៀត ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​រាល់​បញ្ហា​របស់​អង្គការ​សង្គម​ស៊ីវិល និង​សមាគមន៍ដែល​កំពុង​អនុវត្ត​សកម្មភាព​ក្នុង​ខេត្តសៀមរាប ដើម្បីឱ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ៕B/Ha