មន្ត្រីជាន់ខ្ពស់​សង្គម​កិ​ច្ចៈ ខេត្ត ត្បូងឃ្មុំ កំពុង​ត្រូវការ NGO ​ធ្វើការ​នៅ​ទីនោះ​

589
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើង​អំពី​តម្រូវការ​អង្គការក្រៅរដ្ឋាភិបាល​ធ្វើការ​នៅ​ខេត្ត ត្បូងឃ្មុំ ថា មូលហេតុ​សំខាន់​នោះ​ព្រោះថា ការងារ​សង្គមកិច្ច គឺជា​ការងារ​មាន​វិសាលភាប​ធំធេង ពោល​គឺមាន​ការងារ​ច្រើនណាស់ អាជ្ញាធរ​មិនអាច​រ៉ាប់រង​ម្នាក់ឯង​បានទេ ។ ម្យ៉ាងទៀត​ខេត្ត ត្បូងឃ្មុំ គឺជា​ខេត្ត​ដែល​ទើបតែ​បង្កើត​ថ្មី វិស័យ​ការងារ​គាំពារ​សង្គម ពោលគឺ​វិស័យ​សង្គមកិច្ច នៅមាន​តម្រូវការ​ច្រើន ខណៈ​អង្គការក្រៅរដ្ឋាភិបាល​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ចុះទៅ​ធ្វើការ​នៅ​ទីនោះ ។ ហេតុនេះ អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សង្គមកិច្ច អាច​ពង្រីក​កម្មវិធី​ការងារ​របស់ខ្លួន​ទៅ​អនុវត្ត​នៅ​ខេត្ត ត្បូងឃ្មុំ ឱ្យបាន​ច្រើន​តាម​ដែល​អាច ជាពិសេស ស្រុក ពញ្ញាក្រែក ហើយ​ក្រសួង​សង្គមកិច្ច នឹង​ផ្តល់​ភាពងាយស្រួល​គ្រប់យ៉ាង ដើម្បី អង្គការ​ទាំងនោះ​ធ្វើការ​របស់ខ្លួន​បាន​ដោយ​រលូន


​លោក តូច ចាន់នី ថ្លៃ​ង​អំពាវនាវ​បែបនេះ នាឱកាស​លោក​អញ្ជើញ​ជា​អធិបតី នៃ ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៤ កាលពី​ល្ងាច​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ។​


​គិត​ត្រឹម​ល្ងាច​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នេះ ក្រសួង​សង្គមកិច្ច កៀរគរ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ បាន​សរុប ១៣១ អង្គការ​ហើយ ដោយមាន​ថវិកា​ជិត ១០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ធ្វើការ​លើ​វិស័យ​សង្គមកិច្ច​រយៈពេល ១ ឆ្នាំ ទៅ ៥ ឆ្នាំ ហើយ​ជាការ​ការកត់សម្គាល់ នេះ​មិនមែនជា​លើក​ទី ១ ទេ ដែ​លលោក តូច ចាន់នី អំពាវនាវ​បែបនេះ ពោលគឺ​លោក តែងតែ​លើកទឹកចិត្ត​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ ទៅ​ដាក់​កម្មវិធី​ការងារ​របស់ខ្លួន នៅ​ខេត្ត ត្បូងឃ្មុំ ឱ្យបាន​ច្រើន​តាម​ដែល​អាច ជាពិសេស ឃុំ កណ្តោលជ្រុំ ស្រុក ពញ្ញាក្រែក ។​


​ទោះយ៉ាងណា លោក តូច ចាន់នី តែងតែ​ផ្តែផ្តាំ​ដល់​អង្គការ​ទាំងនោះ​ម្តង​ហើយ​ម្តង​ទៀតថា ត្រូវតែ​ធ្វើការ​ឱ្យ​ស្មោះត្រង់​ទៅនឹង​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀងគ្នា ពោលគឺ​ត្រូវតែ​ធ្វើ​ការឱ្យ​ប្រកបដោយ​គុណភាព ប្រកបដោយ​វិជ្ជាជីវៈ​ច្បាស់លាស់ ហើយ​ត្រូវតែ​ចៀសវាង​ឱ្យបាន ពោលគឺ​កុំ​យក​រូបភាព​អង្គការក្រៅរដ្ឋាភិបាល ទៅធ្វើ​ការ ដើម្បី បម្រើឱ្យ​ផលប្រយោជន៍​នយោបាយ​គ​ណ​បក្ស​ណាមួយ​ឡើយ ពុំ​នោះទេ ក្រសួង​សង្គមកិច្ច នឹង​ដក​ភាពជា​ដៃគូ​វិញ​ភ្លាម ៕ Kh

លោក តូច ចាន់នី ថ្លែង​ទៅកាន់​ពិធី​ចុះហត្ថលេខា នៃ ការយោគយល់​គ្នា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ( ​រូបៈ មេសា​ )
អ្នកចូលរួម និង ពិធី​ចុះហត្ថលេខា នៃ ការយោគយល់​គ្នា រវាង​ក្រសួង​សង្គមកិច្ច និង អង្គការក្រៅរដ្ឋាភិបាល (​ ​រូបៈ មេសា​ )