មន្ត្រីជាន់ខ្ពស់​សភា​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​ថា​អាច​នឹងមាន​៣០​គណបក្ស​ចូលរួម​ប្រកួតប្រជែង​នាពេលខាងមុខ​

1002
ចែករម្លែក
  • 37
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​ជប៉ុន បានទទួល​ជួប​ជាមួយ លោក FUJITA Yukihisa សមាជិក​ព្រឹទ្ធសភា​ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ខណៈដែល​លោក​សមាជិក​ព្រឹទ្ធសភា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ លោក​ឈាង វុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​តែងតែ​ជួយ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ពិសេស​ការស្វែងរក​ស​ន្តិ​ភាព​។ លោក​បាន​លើកឡើងថា អ្វីដែល​កម្ពុជា​មាននៅ​ពេល​នេះ គឺ​មិនអាច​កាត់ផ្តាច់​បាន​ពី​ជំនួយ​របស់​ប្រទេស​ជប៉ុន​នោះទេ​។ កម្ពុជា​បាន​ហែល​ឆ្លង​ទុក្ខលំបាក​ជាច្រើន ទំរាំ​កសាងបាន​នូវ​ប្រទេសជាតិ​មួយ ដែលមាន​សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​។​

​លោក​ប្រធាន​គណៈកម្មការ​បាន​ជម្រាប លោក FUJITA Yukihisa ថា ជាមួយ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស សេដ្ឋកិច្ចកម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រង្វង់​៧% នៅ​រៀងរាល់ឆ្នាំ​។ មន្ត្រីរាជការ​កម្ពុជា មាន​ប្រាក់បៀវត្សរ៍​ជា​មធ្យម ៤០០​ដុល្លារ ភាពក្រីក្រ​បាន​កាត់បន្ថយ​មក​នៅសល់តែ​ត្រឹម​ជាង​១០% ប៉ុណ្ណោះ​។​

​ដោយឡែក​នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​វិញ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​ខាងមុខនេះ​។ លោក ឈាង វុន បាន​គូសបញ្ជាក់ថា នេះ​ជាការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​បេ​ត្យ ជាការ​ផ្តល់​សិទ្ធិសេរីភាព និង​អំណាច​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ​។ នៅក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នេះ ក្នុងពេល​បច្ចុប្បន្ននេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​នឹង​កំពុង​ទទួល​ចុះឈ្មោះ​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង ហើយ​បើតាម​ការប៉ាន់ស្មាន គឺ​នឹងមាន​គណបក្សនយោបាយ​ជាច្រើន​ចូលរួម​ការបោះឆ្នោត ដែល​ក្នុងនោះ ទំនង​មិនតិចជាង​៣០​គណបក្ស​ឡើយ​។​

​លោក ឈាង វុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន ដែល​នៅតែ​បន្ត​ជួយ​គាំទ្រ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងការ​ដំណើរ​ការរៀបចំ​បោះឆ្នោត​នោះ​។​
​លោក FUJITA Yukihisa ជា​សមាជិក​ព្រឹទ្ធសភា ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជាច្រើនលើក​មកហើយ​។ លោក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​អដ្ឋិធាតុ​កូនប្រុស​របស់លោក​មួយ​រូប ត្រូវបាន​យកមក​ដ​ម្ក​ល់​ទុក​នៅ​កម្ពុជា​មួយចំណែក​ដែរ​។ លោក បាន​គូសបញ្ជាក់ថា លោក​មាន​មនោសញ្ចេតនា​ជាមួយ​ប្រជាជន​កម្ពុជា ដូច្នេះ លោក បាន​ប្តេជ្ញា​ហើយ​ថា នឹង​ខិតខំ​ចូលរួមចំណែក​ក្នុង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នាឱកាស​នេះ លោក FUJITA Yukihisa គ្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋ​សភា និង​រាជរដ្ឋាភិបាល​ជាច្រើនរូប​ផងដែរ​៕ ល​