មន្ត្រីជាន់ខ្ពស់​អ៊ី​យូ : ការពារ​មិន​ឲ្យ​កម្ពុជា​បាត់បង់ អ៊ី​ប៊ី​អេ ពី​សហភាព​អឺរ៉ុប

1183
ចែករម្លែក
មន្ត្រីជាន់ខ្ពស់​អ៊ី​យូ : ការពារ​មិន​ឲ្យ​កម្ពុជា​បាត់បង់ អ៊ី​ប៊ី​អេ ពី​សហភាព​អឺរ៉ុប

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី Alina BOICIUS អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប បានបញ្ជាក់​អំពី​គោលជំហរ នៃ​បេសកកម្ម​ក្នុង​គោលដៅ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​មិន​ឲ្យ​កម្ពុជា​បាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែង​គ្រឿង​សព្វាវុធ​ឬ​អ៊ី​ប៊ី​អេ​(EBA) ពី​សហភាព​អឺរ៉ុប​។


​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រួមទាំង​តំណាង​ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​


​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​បេសកកម្ម​ពិនិត្យ​និង​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ស្ដីពី​ការអនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែង​គ្រឿង​សព្វាវុធ​។​
​លោកស្រី Alina BOICIUS បាន​សំដែង​នូវ​ការអបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​វិស័យ​ដីធ្លី​និង​បានលើកឡើង​អំពី​នីតិវិធី​ក្នុងការ​ពិនិត្យ អ៊ី​ប៊ី​អេ ដែល​បញ្ហា​សម្បទាន​ដី​ជា​ចំណុច​មួយ​ក្នុងការ​វាយតម្លៃ សុំ​ការបញ្ជា​ក់លើ​បញ្ហា​មួយចំនួន​ក្នុងការ​ដោះស្រាយ​វិវាទ​កន្លងមក​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករសរ​នាំចេញ វិធីសាស្ត្រ​នៃ​ការដោះស្រាយ និង​លទ្ធផល​រំពឹងទុក​រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។​
​លោកស្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រក​ការឆ្លើយតប​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា​និង​បានបញ្ជាក់​អំពី​គោលជំហរ​នៃ​បេសកកម្ម​ក្នុង​គោលដៅ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​មិន​ឲ្យ​កម្ពុជា​បាត់បង់ EBA ពី​សហភាព​អឺរ៉ុប ដែលជា​ការឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ អភិវឌ្ឍ​ប្រទេសជាតិ តាំងពី​ចំនុចសូន្យ​បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​របស់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ បង្កើត​ការងារ​ជូន​យុវជន លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ចូលរួមចំណែក​ក្នុង​ការកសាង​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ក្នុងឋានៈ​ជា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​។​

​ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់​អំពី​ជំហរ របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធានា​នូវ​នីតិរដ្ឋ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​បាន​ជម្រាបជូន​នូវ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​លើ​វិស័យ​ដីធ្លី​ក្នុងនោះ ចុះបញ្ជី​បាន ៥,២២​លាន​ក្បាលដី ស្មើនឹង​ជាង ៧៤​ភាគរយ នៃ​ក្បាលដី​សរុប​ប្រមាណ ៧​លាន​ក្បាលដី​៕​SRN