មន្ត្រីជាន់ខ្ពស់​WB​និង​IMF​សរសើ​កម្ពុជា​ដែល​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​ការកាត់បន្ថយ​ភាពក្រីក្រ​

168
ចែករម្លែក

​ដោយ​ស៊ា​ថាំង​/​ភ្នំពេញៈ​គណៈប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ទេសាភិបាល​ធនាគារពិភពលោក​(WB)​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) ។​ប្រជុំ​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់​របស់​ធ​នាគារ​ពិភពលោក​(WB)​និង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​( IMF )​បាន​បន្ត​សរសើរ​
​កម្ពុជា​ពី​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​ការកាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាង​ឆាប់រហ័ស​។

​មន្ត្រី​បាន​ប្រាប់ថា​កំឡុង​ចូលរួម​ប្រជុំ​ឆ្នាំនេះ​លោក​វ​ង្សី​វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​បម្រុង​របស់​កម្ពុជា​ប្រចាំ​ធនាគារពិភពលោក​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា​បាន​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​រវាង​លោកស្រី វិច​តូ​រី​យ៉ា ខ្វា​ខ្វា អនុប្រធាន WB ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហិ្វ​ក​,​លោកស្រី​នី​ណា​ស្តូ​ល​កូ​វី​ក​អនុប្រធាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC), លោក វី​ជ័យ លី​យេ អនុប្រធាន​ទីភ្នាក់ងារ​ធានា​ការវិនិយោគ​ពហុភាគី (MIGA) ។​លោក​គូ​នី​ល​ហ្វា​ង​នាយក​ប្រតិបត្តិ​WB​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​IMF​ទទួលបន្ទុក​នាយកដ្ឋាន​កិច្ចការ​សារពើពន្ធ​។​

​នៅក្នុង​ជំនួប​ខាងលើនេះ​មន្ត្រីជាន់ខ្ពស់​WB​និង​IMF​បាន​ថ្លែង​នូវ​ការកោតសរសើ​ចំពោះ​កម្ពុជា​ដែល​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​កាត់បន្ថយ​ភាពក្រីក្រ​បាន​ឆាប់រហ័ស​។​សមិទ្ធផល​នេះ​ទទួលបាន​ការ​សារ​ទរ​និង​ការវាយតម្លៃ​ខ្ពស់​ពី​សំណាក់​បណ្តា​ប្រទេស​ទាំងអស់​ដែលជា​សមាជិក​របស់​WB​ហើយ​បាន​កែប្រែ និង​លើ​កម្ពស់​មុខមាត់​របស់​កម្ពុជា​យ៉ាងខ្លាំង​នៅក្នុង WB​។

​សក្ខីភាព​នេះ​បាន​ស្តែងឡើង​តាមរយៈ​ការអនុម័ត​របស់​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ដែល​តំណាងឱ្យ​សមាជិក​ទាំងអស់​របស់​WB​លើ​“​ឯកសារ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង WB ឆ្នាំ​២០១៩=២០១៣”​កាលពី​ខែឧសភា​កន្លងទៅ​ក្នុង​សម្លេងគាំទ្រ​ជា​ឯកច្ឆ័ន្ទ​។​ការគាំទ្រ​ជា​ឯកច្ឆ័ន្ទ​បែបនេះ គឺជា​ករណី​ដ៏​ពិសេស និង​កម្រ​កើតមាន​ខ្លាំងណាស់ សម្រាប់​ករណី​ប្រទេស​ដ៏​ទៃ​ផ្សេងទៀត​។ ក្នុង​ឆ្នាំ​២០១៩​នេះ WB បានអនុម័ត​ផ្តល់នូវ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដល់​កម្ពុជា​សរុប​ចំនួន ២១០​លាន​ដុល្លារ​អាមេរិក​ហើយ​គ្រោង​នឹង​អនុម័ត​ផ្តល់នូវ​ហិរញ្ញប្បទាន​ដល់​កម្ពុជា​យ៉ាងហោច​ប្រមាណ ២១៥ លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត នៅ​ឆ្នាំ​២០២០ ខាងមុខ​។

​លោក​វ​ង្សី​វិស្សុត​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សមានចិត្ត​និង​សុភ​វិនិច្ឆ័យ​របស់​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​WB​ចំពោះ​កម្ពុជា​។​ចំពោះ​យុទ្ធសាស្ត្រ​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​របស់​WB​ក្នុងការ​ភ្ជាប់​ការ​វិភា​ជ​ថវិកា​ជាមួយនឹង​ស្ថានភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​នៃ​ប្រទេស​និ​មួយៗ​នោះ​នឹង​ក្លាយជា​លក្ខខណ្ឌ​កាន់តែ​អនុគ្រោះ​ថ្មី​បន្ថែមទៀត​ដល់​កម្ពុជា​។​

ដោយសារ​កាន់តែ​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​ហិរញ្ញប្បទាន​កាន់តែច្រើន​ថែមទៀត​ពី​WB​ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​បាន​គ្រប់​បំណុល​សាធារណៈ​បាន​យ៉ាង​ល្អ​និង​ជា​ប្រទេស​ដែលមាន​ស្ថានភាព​បំណុល​សាធារណៈ​មាន​ចីរភាព​និង​មាន​ហានិភ័យ​កម្រិត​ទាប​ជាងគេ ធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ប្រទេស​មួយចំនួន​លើ​ពិភពលោក​។

ជាមួយគ្នានេះ​លោក​វ​ង្សី​វិស្សុត​បានស្នើ​ដល់​WB​ក្នុងការ​ផ្តល់នូវ​ហិរញ្ញប្បទាន​សម្រាប់​គាំទ្រ​ដល់​គម្រោង​ធំៗ​ដែលមាន​បច្ច័យ​ធំ​ដល់​ការអភិវឌ្ឍ​ប្រទេស​ផង​និង​ដើម្បី​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​គម្រោង​ផងដែរ​ទន្ទឹមគ្នា​នឹង​ការបន្ត​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​គម្រោង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​កម្ពុជា​នៅក្នុង​ដំណាក់កាល​ថ្មី​។ តាមរយៈ​ជំនួប​ខាងលើ​នេះដែរ គណៈប្រតិភូ​កម្ពុជា និង​WB​ក៏បាន​ផ្តោត​ការពិភាក្សា​លើ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ពិសេស​កា​រព​ង្រឹ​ក​ភាពជា​ម្ចាស់​របស់​កម្ពុជា​។​

​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​លទ្ធភាព​និង​ឱកាស​នៃ​ការពង្រីក​កិច្ចប្រតិបត្តិការ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​ដែលជា​ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯកជន​របស់​WB​ក្នុង​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​របស់​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ទន្ទឹមគ្នា​នឹង​ការពង្រីក​ប្រតិបត្តិការ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ឱ្យលើស​ពី​វិស័យ​ហិរញ្ញវត្ថុ​ដែល​បាននិងកំពុង​អនុវត្ត​ដោយ​ជោគជ័យ​នាពេល​បច្ចុប្បន្ន​ដោយ​ផ្តោតលើ​វិស័យ​មួយចំនួន​បន្ថែមទៀត​ជាអាទិ៍​៖​ឡូ​ជី​ស្ទីក​និង​ដឹកជញ្ជូន​,​សហគ្រិនភាព​,​និង​ការអភិវឌ្ឍន៍​ឌីជីថល​ជាដើម​។

​ក្រៅពីនេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​លទ្ធភាព​និង​ឱកាស​នៃ​ការពង្រីក​ប្រតិបត្តិការ​របស់​ទីភ្នាក់ងារ​ធានា​ការវិនិយោគ​ពហុភាគី (MIGA) ដែលជា​ស្ថាប័ន​ផ្តល់នូវ​ការធានា​លើ​ការវិនិយោគ​របស់ WB​ដើម្បី​ផ្តល់​ការធានា​ដល់​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ក្រៅពី​វិស័យ​ថាមពល​អគ្គិសនី​ក៏ដូចជា​ដើម្បី​ផ្តល់នូវ​ទំនុកចិត្ត​ដល់​វិនិយោគិន​និង​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ឱ្យបាន​កាន់តែច្រើន​មក​កម្ពុជា​ផងដែរ​។​ដោយឡែក​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់ IMF វិញ​, ភាគី​ទាំង​ពីរបាន​ផ្តោត​ការពិភាក្សា​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​គាំទ្រ​ដល់​ការកែទម្រង់​ប្រព័ន្ធ​ថវិកាជាតិ និង​ការធ្វើ​ទំនើបកម្ម​ពន្ធដារ ព្រមទាំង​ការពង្រឹង​ការគ្រប់គ្រង​ស្ថិតិ​រដ្ឋាភិបាល​។

​ក្រៅពីនោះ​លោក វ​ង្សី វិស្សុត ក៏បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម ពែ អូស​សុន ហ្វ្រី​ត រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ស៊ុយអែត​ផងដែរ​។ ក្នុងជំនួប​នេះ ភាគី​ទាំងពីរ​បានធ្វើ​ការពិភាក្សា​អំពី​ការកំណត់​វិស័យ​អាទិភាព​នៅក្នុង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា និង​ស៊ុយអែត សម្រាប់​រយៈពេល ០៥ ឆ្នាំ ទៅមុខទៀត​។​

​លោក​វ​ង្សី​វិស្សុត​បាន​ថ្លែង​នូវ​អំណរគុណ​ដល់​ប្រទេស​ស៊ុយអែត​ដែល​បាននិងកំពុង​បន្ត​គាំទ្រ​ដល់​កិច្ចអភិវឌ្ឍន៍​កម្ពុជា​ជា​បន្តបន្ទាប់​ហើយ​ប្រ​ទស​ស៊ុយអែត​គឺជា​ដៃគូ​មួយ​ដ៏​ល្អ​ផង​។​ឯកឧត្តម​ក៏បាន​ជម្រាបជូន​ដល់​ភាគី​ស៊ុយ​អ៊ែត​ជ្រាប​ផងដែរ​អំពី​កិច្ចដំណើរការ​និង​ការអនុវត្ត​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នីតិរដ្ឋ​និង​ការគោរព​សិទ្ធមនុស្ស​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ដែរថា​កិច្ចប្រជុំ​ប្រចាំ​របស់​WB​និង​IMF​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​“​ចក្ខុវិស័យ​របស់​WB​ឆ្ពោះទៅ​សម្រេច​គោលដៅ​នៃ​របៀបវារៈ​អភិវឌ្ឍន៍​ឆ្នាំ​២០៣០​និង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​”​។​អង្គ​ប្រជុំបាន​វាយតម្លៃថា​ពិភពលោក​កំពុងស្ថិត​ក្នុង​ភាព​ប្រឈម​ខ្ពស់​នៃ​ភាពមិនប្រាកដប្រជា​ហើយ​សេដ្ឋកិច្ចពិភពលោក​កំពុង​រង្គោះរង្គើ​ដែល​បង្ករ​ឡើង​ដោយ​នយោបាយ​សេដ្ឋកិច្ច​គាំពារ​និយម​ការដាក់​រនាំង​ពន្ធដារ​និង​សង្គ្រាម​ពាណិជ្ជកម្ម​។​

​ទោះជា​យ៉ាងនេះ​អង្គប្រជុំ​ឯកភាពគ្នា​ថា​WB​កាន់តែ​ត្រូវ​ប្តេជ្ញាចិត្ត​ខ្ពស់​និង​មោះមុត​ជាង​ពេលណាៗ​ទាំងអស់​ក្នុងការ​បំពេញបេសកកម្ម​របស់ខ្លួន​ជួយ​គាំទ្រ​ប្រទេស​ជា​សមាជិក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​មនុស្សជាតិ​នៅក្នុង​ពិភពលោក​ឱ្យ​រួច​ចាក​ផុតពី​ភាពក្រីក្រ​និង​ឆ្ពោះទៅរក​វិបុលភាព​៕S/