មន្ត្រីជំនាញចុះជួយសង្គ្រោះស្រែស្រូវ​កសិករជាង៥០០ហិកតាក្នុងស្រុក​បន្ទាយមាស

157
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ មន្ត្រីជំនាញបានចុះបូមទឹកស្រោចស្រពស្រែស្រូវវស្សារបស់ប្រជាកសិករប្រមាណជាង៥០០ហិកតាស្ថិតក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសរបស់ប្រជាកសិករដែលកំពុងជួបគ្រោះរាំងស្ងួត។ នេះជាការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់។

លោកអ៊ុក រៀន មេឃុំត្នោតចុងស្រង់បានប្រាប់ឱ្យដឹងថាក្នុងឃុំត្នោតចុងស្រង់មានផ្ទៃដីបង្កបង្កើនផលជិត៤.០០០ហិកតា។ ក្នុងនោះភូមិដូនទាវ និងភូមិអង្គុញកំពុងជួបបញ្ហាខ្វះទឹកសម្រាប់ស្រូវវស្សាទំហំ៥១៥ហិកតា។ លោកមេឃុំបានបញ្ជាក់ថាទោះបីមិនទាន់ដល់ដំណាក់កាលខូចខាតក្តី តែបើមិនបានបូមទឹកជួយសង្គ្រោះទាន់ពេលវេលា នោះស្រូវរបស់កសិករទាំងពីរភូមិនឹងស្វិតងាប់ជាក់ជាមិនខាន។ ដូច្នេះក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្តដែលបានបញ្ជូនកម្លាំងមកបូមទឹកជួយស្រោចស្រព និងសង្គ្រោះស្រូវវស្សាជូនពលរដ្ឋរបស់លោក។

នាឱកាសជួបជាមួយប្រជាកសិករឃុំត្នោតចុងស្រង់ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថាផ្អែកលើរបាយការណ៍​ពី​អាជ្ញាធរស្រុកបន្ទាយមាសទើបរដ្ឋបាលខេត្តបានជ្រាបនូវតម្រូវការបន្ទាន់របស់បងប្អូនកសិករក្នុងឃុំត្នោតចុងស្រង់នូវបញ្ហាកង្វះខាតទឹកសម្រាប់ស្រូវវស្សានេះ។ ជាគោលការណ៍ រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយរាល់ការលំបាកសម្រាប់ប្រជាពលរដ្ឋទេ។ ម្ល៉ោះហើយ ក្នុងនាមរដ្ឋបាលខេត្ត លោកក៏បានតម្រូវឱ្យមន្ត្រីនៃមន្ទីរធនធានទឹកបញ្ជូនគ្រឿងចក្រមកជួយសង្គ្រោះស្រូវសន្ទូងជាបន្ទាន់។

ដូច្នេះសង្ឃឹមថាផលស្រូវវស្សារបស់បងប្អូននឹងមិនខូចបង់ឡើយ។ លោកជាវ តាយបានផ្តាំផ្ញើផងដែរថា ជាដំណោះស្រាយក្នុងការកាត់បន្ថយក្តីលំបាក និងបង្កើនប្រាក់ចំណូល កសិករ​គួរផ្លាស់ប្តូរពីការធ្វើស្រូវមកដាំបន្លែ ឬដំណាំផ្សេងៗដែលមិនសូវប្រើទឹកវិញ។ ម្យ៉ាងទៀតបងប្អូនក៏ត្រូវរួមគ្នារក្សាទឹកដើម្បីប្រើប្រាស់បានរយៈពេលយូរព្រោះកង្វះខាតអាចនឹងអូសបន្លាយរហូតដល់ខែឧសភា ឬខែមិថុនាខាងមុខឯណោះ។

លោកកែន សំបូរ កសិកររស់នៅភូមិដូនទាវ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសបានរៀប រាប់ថា ជាទូទៅការធ្វើស្រូវវស្សាឆ្នាំនេះមានលក្ខណៈល្អប្រសើរស្ទើរគ្រប់ទីកន្លែង លើកលែងតែអ្នកភូមិអង្គុញ និងអ្នកភូមិដូនទាវប៉ុណ្ណោះ។ បើនៅតែបន្តគ្មាទឹកទៀត យ៉ាងយូរប្រាំថ្ងៃខាងមុខស្រូវរបស់លោកនឹងចាប់ផ្តើមងាប់ហើយ។ ដូច្នេះ លោកសូមអរគុណដល់លោកអភិបាលខេត្តកំពតដែលបានចុះមកជួយបូមទឹកដាក់ស្រែទាន់ពេលវេលា៕B/