មន្ត្រីនគរបាល​ទេសចរ​ខេត្ត​: ពិត​ជាមាន​ជនជាតិ​បារាំង​ឡើងទៅ​អង្គុយ​លើ​ព្រះ​សិរព្រះ​បដិមាករ​លើ​ភ្នំ​សំពៅ​មែន​

2002
ចែករម្លែក
  • 495
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: នគរបាល​ទេសចរ​ខេត្ត​ប្រចាំ​នៅលើ​ខ្នងភ្នំ​សំពៅ និង​មេ​ប៉ុស្តិ៍​ឃុំ​ភ្នំ​ពៅ បាន​ប្រាប់​រស្មី​កម្ពុជា​ថា ក្រោយពេល​ចូលឆ្នាំ​ខ្មែរ​រួច ប្រហែលជា​ថ្ងៃ​១៨​ឬ​១៩​ខែមេសា ឆ្នាំ​២០១៨ មាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​រូបភាព​ជនបរទេស​ប្រុស​ស្រី​២​នាក់​ឡើងទៅ​អង្គុយ​លើ​ព្រះ​សិរ​ព្រះ​បដិមាករ ដែល​មិនទាន់​សាងសង់​រួចហើយ រូបភាព​នេះ គឺ​រូប​ពិត​របស់​ជនជាតិ​បារាំង​ប្រុស​ម្នាក់​ស្រី​ម្នាក់ ហើយ​គេចខ្លួនបាត់​មិនទាន់​ស្រាវជ្រាវ​រកឃើញ​នៅឡើយ តែ​ស្គាល់ឈ្មោះ​ម្នាក់​ហើយ​។​

ជនជាតិ​បារាំង​ឡើងទៅ​អង្គុយ​លើ​ព្រះ​សិរ​ព្រះ​បដិមាករ​និង​ស្រី​នៅ​ពីមុខ​ព្រះភ័ក្ត្រ​ព្រះ​​អង្គ​

​លោក ម៉ី ឆេង​លី មេ​ប៉ុស្តិ៍​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា រូបលោក​ក៏​ទើបតែ​ដឹង​រឿង​ជនបរទេស​ឡើងទៅ​អង្គុយ​លើ​ព្រះ​សិរ​ព្រះ​បដិមាករ ក្រោយពេល​ចូលឆ្នាំ​រួច​ដោយ​មើលឃើញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ​។ បើតាម​ការស្រាវជ្រាវរ​បស់​ប៉ូលិស​ប៉ុស្តិ៍ និង​ប៉ូលិស​ទេសចរ​ប្រចាំ​នៅលើ​ភ្នំ​សំពៅ បាន​រកឃើញ​ម្ចាស់​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​រូបភាព​នោះ ហើយដោយ​គាត់​ប្រាប់​សមត្ថកិច្ច​ថា រូបនេះ​គាត់​បានមកពី​មិត្ត​ភ័ក្ត្រ​បាញ់​មក​ឲ្យ​រួច​គាត់​ក៏​បង្ហោះ​បន្ត ដើម្បី​ឲ្យ​គេ​បានឃើញ​។ ក្នុង​រូបភាព​នោះ គឺ​បុរស​ឡើង​ទៅលើ​ព្រះ​សិរ​ព្រះអង្គ និង​ស្រី​ម្នាក់​អង្គុយ​នៅមុខ​ព្រះភ័ក្ត្រ​ព្រះអង្គ​។​

​ដោយឡែក​លោក តូច ស៊ុន​ណា​រ៉ា​ធិបតី​មន្ត្រី​ទេសចរ​ខេត្ត​ប្រចាំការ​លើ​ភ្នំ​សំពៅ បាន​បញ្ជាក់ថា បើតាម​ការស្រាវជ្រាវ យើង​រកឃើញ​អត្តសញ្ញាណប័ណ្ណ​របស់​ជ​ន​បរទេស​ប្រុស​ឈ្មោះ ហ្វា​រ៉េ​ម ហ្វេ​លិច​រ៉ូ​ស៊​ម៉ា​យ​ឃើ​ល (Frarehm Felix Roger Michel) កាន់​លិខិតឆ្លងដែន​លេខ 1DC328923​។ ចំណែក​អត្តសញ្ញាណប័ណ្ណ​ស្ដ្រី​មិនមាន​ទេ​។​

​មន្ត្រី​ទេសចរ​រូបនេះ បាន​បញ្ជាក់ថា ជនបរទេស​ទាំង​២​នាក់​នេះ អាច​ចេញទៅ​ធ្វើ​ទេសចរ​នៅ​ខេត្ត​ផ្សេងទៀត ទើប​រក​មិនឃើញ​។ បច្ចុប្បន្ន​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​យកមក​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​តទៅទៀត ហើយនឹង​ណែនាំ​ដល់​អ្នកទេសចរ​បរទេស​ដទៃទៀត​ផងដែរ​។​

​លោក​ធិបតី​បាន​ឲ្យ​ដឹងថា រូបសំណាក​ព្រះ​សិរ​ព្រះ​បដិមាករ​នេះ គឺមាន​ការផ្តួចផ្តើមរ​បស់​ម្ចាស់​ក្ស​ត្រី​បុប្ផា​ទេវី ដោយ​កំណត់​ឲ្យ​ជាងចម្លាក់​យក​ថ្មភ្នំ​ឆ្លាក់​ជា​រូប​ព្រះ​សិរ​ព្រះ​ពុទ្ធរូប ដោយ​កំណត់​រយៈពេល​7​ឆ្នាំ​សាងសង់​ឲ្យ​ហើយ​។ ប៉ុន្តែ​ត្រូវ​ផ្អាក​ការសាងសង់​មួយរយៈ​ដោយសារតែ​ថ្មភ្នំ​នោះ បាក់បែក​ផុយ​ធ្លាក់​មួយចំនួន​ហើយ​ទើប​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ជាង​ផ្អាក​ការងារ ក៏​កើតមាន​បញ្ហា​នេះ​ឡើង​។​

​ចំណែក​លោកស្រី កេវ សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ពេល​អ្នកសារព័ត៌មាន​យើង​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​ជុំវិញ​បញ្ហា​ជនជាតិ​បរទេស​ឡើងទៅ​អង្គុយ​លើ​ព្រះ​សិរព្រះ​បដិមាករ​នៅលើ​ភ្នំ​សំពៅ គ្រាន់តែ​ឮថា​អ្នកកាសែត​រស្មី​កម្ពុជា​ក៏​បិទ​ទូរស័ព្ទ​ចោល ទោះបី​អ្នកសារព័ត៌មាន​យើង​ព្យាយាម​ទូរស័ព្ទ​ទៅជា​ច្រើនលើក​ក៏​មិន​ព្រម​លើក​ដែរ​៕ ល​