មន្ត្រីនគរបាល​ផ្កាយ​ពីរ​ស្រវឹងស្រា ​បើករថយន្ត​ទៅបុក​រទេះ​លក់​ប្រហិត​ចៀន ​សង​៣០០​ដុល្លារបញ្ចប់រឿង

356
ចែករម្លែក

ដោយៈ​ចាន់តូ/​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​ផ្កាយ​២ ​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង ​រួច​ក៏​ជ្រុល​ទៅបុក​​ម៉ូតូ​រទេះ​លក់​ប្រហិត​ចៀន​និង​បុកល្ហុង​ដែល​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត ​កាលពីវេលា​ម៉ោង ២​រំលង អធ្រាត្រថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩​ ត្រង់ចំណុច​ខាងមុខផ្សារទំនើបស៊ុប​ភើស្ទ័​រ​ស្ថិត​តាមបណ្ដោយផ្លូវ១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​តាម​ប្រភពព័ត៌មាន​ពីកន្លែង​កេី​តហេតុបាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​ម៉ាកឡុ​ច​ស៊ី​ស LX470 ពណ៌​ស្ករ ពាក់​ផ្លាកលេខភ្នំពេញ 2Q-8581​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល​ផ្កាយ​ពីរ ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​មកដល់​ចំណុចកើតហេតុ​ រថយន្ត​បង្ក​ខាងលើ​ក៏បាន​រេ​ចង្កូត​ទៅខាង​ស្ដាំ​រួច​ក៏​ជ្រុល​ទៅបុក​​ម៉ូតូ​រទេះ​លក់​ប្រហិត​ចៀន​និង​បុកល្ហុង​មួយគ្រឿង ដែល​កំពុង​ឈប់​ចត​លក់​នៅលើ​ចិញ្ចើមផ្លូវ​ បណ្ដាល​ឲ្យ​បែក​ទូកញ្ចក់​និង​ខ្ទាតប្រហិត​រាយ​ប៉ាយ​ពេញ​ផ្លូវរង​ការខូចខាត​។ ចំណែកឯ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​បែក​ចង្កៀង ​និង​ក្រ​ពិត​កាង​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្ដាំ ហេីយក្នុង​ហេតុ​ការណ៍ខាង​លេីនេះក៏មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ​។

​ក្រោយពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​ក៏បាន​ធ្វើ​ការចរចា​ដោះស្រាយ​គ្នា​ជាមួយនឹង​ម្ចាស់​ម៉ូតូ​រទេះ​រងគ្រោះ ហេី​យ​ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ​អ្នក​បេី​ក​រថយន្ត​បង្ក​ក៏​ព្រម​ចេញ​សំណង​ចំនួន​៣០០​ដុល្លារ​ ឲ្យ​ទៅ​ភាគី​ខាង​ម៉ូតូ​រទេះ​រងគ្រោះ​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕​B/Ha