មន្ត្រីប៉ូលិស​ជាន់ខ្ពស់កម្ពុជា​បញ្ជាក់​ជាថ្មី​ករណី​ជន​ថត​ឃ្លី​ប​វីដេអូ​បង្អាប់​បន្ថោក​នារី​ខ្មែរ​

1046
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាល​​បាន​បញ្ជាក់ថា ទាក់ទង​ការលើកឡើង​របស់ Human Rigth watch ដែល​បានស្នើ​ថៃ​មិន​ឲ្យ​បញ្ជូន​លោក​រ៉ាត់ រ័ត្ន​មុនី មក​ឲ្យ​អាជ្ញាធរ​កម្ពុជា តើ​គាត់​ពិនិត្យ​សំណុំ​រឿង​នេះហើយ​ឬ​នៅ​បានជា​ថា រឿងនេះ​មិន​ពិត ពីព្រោះ​វិ​ដេ​អូ​ឃ្លី​ប​” ម្តាយ​ខ្ញុំ លក់​ខ្ញុំ “​វា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស​ប្រទេស​កម្ពុជា និង​ស្ត្រី​ខ្មែរ​។​

​លោក​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​នេះ​ថា តាម​ការស៊ើបអង្កេតរ​បស់​សមត្ថកិច្ច គឺ​ពីរ​នាក់​ម្តាយកូន​បាន​ឆ្លើយថា ការថត​វិ​ដេ​អូ​ឃ្លី​ប​នេះ គឺ​មិនមែនជា​រឿង​ពិត​ទេ​។ ជាការ​សម្តែង តាម​ការ​លួងលោម​ពី​លោក រ៉ាត់ រ័ត្ន​មុនី ទាំង​បា​រ៉ូ​ល ឈុត​ឆាក សុទ្ធ​តែ​មានការ​ណែនាំ​ពី​លោក​រ៉ាត់ រ័ត្ន​មុនី​។ គាត់ “​រ៉ាត់ រ័ត្ន​មុនី​”​បាន​ប្រាប់ថា​ថត​ឃ្លី​ប​វិ​ដេ​អូ​ប្រទេស​ខ្មែរ​ក្រោយ​របប​ប៉ុលពត​តែ​ដល់​ពេលចេញ​វិ​ដេ​អូ​ឃ្លី​ប​ទៅជា​រឿង​ផ្សេង​ទៅវិញ​។​ពេល​ថត​រួច​លោក​រ៉ាត់ រ័ត្ន​មុនី ឲ្យ​លុយ​គាត់​ម្នាក់ ១០០​ដុល្លារ​។​លោក​បន្តថា​ជាមួយគ្នា​នេះ ស្ត្រី​ម្តាយកូន​បានស្នើ​សុំ​ឲ្យ​ប៉ូលិស​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាល​ជាតិ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បញ្ជាក់ថា ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ និង​ការបំភ្លឺ​របស់​សាក្សី និង​ភស្តុតាង​មួយចំនួន គឺមាន​តែ​លោក​រ៉ាត់ រ័ត្ន​មុនី ទេ ទើប​អាច​បំភ្លឺ​ពី​ការថត​វីដេអូ​ឃ្លី​ប​នេះ​។​វិ​ដេ​អូ​នេះ ថត​ក្នុង​ចេតនា​ទុច្ចរិត បន្ថោក​កិត្តិយស​ប្រទេស​កម្ពុជា​។ ហេតុនេះ ប៉ូលិស​បាន​ស្នើសុំ​ព្រះរាជអាជ្ញា​សុំ​កោះហៅ​លោក​រ៉ាត់ រ័ត្ន​មុនី មក​បំភ្លឺ តែ​គាត់​បានគេច​ខ្លួន​ចេញទៅ​ក្រៅប្រទេស​។ “​ពេល​វីដេអូ​ចេញ​គាត់​មាន​គម្រោង​គិតទុក​ជាមុន ។​ការថត​របស់គាត់​ក្នុង​គោលបំណង​ជា​ថ្នូរ​អ្វីមួយ​។ ព្រះរាជអាជ្ញា​បានចេញ​លិខិត​អញ្ជើញ​គាត់​មក​បំភ្លឺ មិនមែន​ចាប់ខ្លួន​ទេ តែ​គាត់​មិន​ចូល​ខ្លួប​បំភ្លឺ ។​គាត់​មាន​ចេតនា​គេចវេស​។ សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​នេះ ដោយបាន​សុំ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​នាំខ្លួន​លោក​រ៉ាត់ រ័ត្ន​មុនី​។​នៅ​ថ្ងៃទី​៧ ខែធ្នូ សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​លោក​រ៉ាត់ រ័ត្ន​មុនី​។ គាត់​មាន​ចេតនា​ទៅ​ប្រទេស​ទី​៣ និង​មាន​អ្នក​នៅ​ពិ​ក្រោយខ្នង​”​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាល​

​លោក​បញ្ជាក់ថា ការនាំ​ខ្លួន​លោក​រ៉ាត់ រ័ត្ន​មុនី មក​កម្ពុជា​វិញ​គឺ​ដើម្បីអោយ​គាត់​មក​បំភ្លឺ​អំពី​មូលហេតុ​ថត​វិ​ដេ​អី​ឃ្លី​ប ម្តាយ​ខ្ញុំ លក់​ខ្ញុំ​។ ការបញ្ជូន​លោក​រ៉ាត់ រ័ត្ន​មុនី មក​កម្ពុជា​នឹង​មក​ឆាប់ៗ​នេះ ដោយ​កំពុង​បំពេញ​តាម​នីតិវិធី បែបបទ​ឯកសារ​។​

​គួររំលឹកថា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ថា “​ការចាប់ខ្លួន​នេះ​ប៉ូលិស​កម្ពុជា​បានស្នើ​សុំ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ហើយ​កំពុងតែ​រៀបចំ​បំពេញ​នីតិវិធី​បញ្ជូនមក​កម្ពុ​ជា​នៅក្នុងពេល​ឆាប់ៗ​នេះ ទាក់ទង​ការថត​វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​””​។​

​អ្នកស្រី ឡុង គីម​ហ៊ាង ប្រពន្ធ​របស់លោក រ៉ាត់ រដ្ឋ​មុនី បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​នេះ​កើតឡើង នៅពេលដែល​អ្នកស្រី និង​ប្តី​បាន​ស្នើសុំ​ទិដ្ឋាការ​ធ្វើដំណើរ​ទៅ​ប្រទេស​ហូ​ឡង់​។​អ្នកស្រី​បារម្ភ​ថា​ប្តី​របស់​អ្នកស្រី​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ព្រោះតែ​ជួយ​ផលិត​វីដេអូ​ឯកសារ​ដែល​និយាយ​ពី​ការពិត​ដែល​កើតឡើង​នៅ​កម្ពុជា ខណៈ​អាជ្ញាធរ​ថៃ​កំពុង​រៀបចំ​នីតិវិធី ដើម្បី​បញ្ជូន​ស្វាមី​របស់ខ្លួន​មក​កម្ពុជា​វិញ​។​
​ខ្សែភាពយន្ត​ឯកសារ​នេះ​មាន​រយៈពេល​២៧​នាទី​បាន​រៀបរាប់​លម្អិត​អំពី​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា​ដែល​លក់​ព្រហ្មចារី​ស្រី​របស់​ពួកគេ​ក្នុងតម្លៃ​ប្រហែល ៤០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។
​ខ្សែភាពយន្ត​នេះ​បាន​និយាយថា​នៅក្នុង​ក្លិប​រាត្រី​និង​ខារ៉ាអូខេ​ក្មេងស្រី​ជំទង់​បាន​ញ៉ាំ​ភេសជ្ជៈ​និង​ផ្តល់​ការ​សេវា​ផ្លូវភេទ​ដល់​អតិថិជន​បួន​ឬ​ប្រាំ​នាក់​ក្នុង​មួយថ្ងៃ​។​

​​នៅក្នុង​ខ្សែភាពយន្ត​នេះ​ក្មេងស្រី​ឈ្មោះ​គៀង​ស្រី​ម៉ិច​បាន​និយាយថា​ម្តាយ​របស់​អ្នកស្រី​បាន​បង្ខំ​ឱ្យ​នាង​ចូល​ពេស្យាចារ​។​នៅក្នុង​ក្លឹប​ខារ៉ាអូខេ​ភ្ញៀវ​បាន​ហៅ​ឱ្យ​អង្គុយ​ជាមួយ​ពួកគេ​។​ពួកគេ​បានឱ្យ​នាង​ផឹកស្រា​បៀរ​។ ប្រសិនបើ​ទៅ​គេង​ជាមួយ​ពួកគេ​និង​ទទួលបាន​ច្រើនជាង​នេះ​។​បើ​មិន​ដូច្នោះ​ទេ​ទទួលបាន ១០ ឬ ២០​ដុល្លារ​សម្រាប់​ការផឹក​ជាមួយ​ពួកគេ​។​
​ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នាពេល​កន្លងមក​នេះ​ថា សមត្ថកិច្ច​នឹងធ្វើ​ការ​កោះហៅ​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​មក​សាក​សួរ​ការថត​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា “​ម្តាយ​របស់ខ្ញុំ​បាន​លក់​ខ្ញុំ​”​។ ប៉ុន្តែ​លោកស្នងការ​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​មនុស្ស​ដែល​ត្រូវ​ហៅ​មក​សាកសួរ​នោះទេ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បន្តថា សមត្ថកិច្ច​បាន​សាកសួរ​ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន​ថា​តើ​អ្នកណា​មក​ថត​ខ្សែ​ភាពយ​ន្តេ​ក​សារ​នេះ​ថត​ដើម្បី​អ្វី​?​ហើយ​ករណីនេះ​កំពុងតែ​ស្ថិតនៅក្នុង​ការស្រាវជ្រាវ​នៅឡើយ​។ លោក​មិនអាច​បញ្ជាក់​លម្អិត​បាន​ទេ ទុក​ឲ្យ​សមត្ថ​ក​កិច្ច​ធ្វើការ​ស្រាវជ្រាវ​សិន​។​
​លោកស្នងការ​បានបញ្ជាក់​ថា​“​សមត្ថកិច្ច​កំពុងតែធ្វើការ​ងារ​នេះ​យើង​នឹងមាន​ហៅ​អ្នក​ដែល​ពាក់ព័ន្ធ​មក​សាកសួរ​ទៀត​”​។​
​ការគ្រោង​កោះហៅ​មនុស្ស​មួយចំនួន​មក​សាកសួរ​នេះ គឺ​បន្ទាប់ពី​ស្ត្រី​ពីរ​នាក់​ម្តាយ និង​កូន ដែល​ថត​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា “​ម្តាយ​របស់ខ្ញុំ​បាន​លក់​ខ្ញុំ​” ត្រូវបាន​ប៉ូលិស​ហៅ​មក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ស្នងការ​នគររាជ​ធានី​ភ្នំពេញ​។ ការសាកសួរ​នេះ គឺ​បន្ទាប់ពី​ខ្សែភាពយន្ត​ឯកសារ​មួយ​នេះ ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័ន្តច្រឡំ ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​។​
​ការសាកសួរ​ស្ត្រី​ពីរ​នាក់​ម្តាយ និង​កូន គឺ​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​៣១ ខែតុលា រហូតមកដល់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។


​ស្ត្រី​ទាំងពីរ​នាក់​មានឈ្មោះ គៀង ស្រី​ម៉ិច ត្រូវជា​កូន និង​ឈ្មោះ កៅ ម៉ា​ល័យ ត្រូវជា​ម្តាយ​។​ទាំង​ម្តាយ​និង​កូនស្រី​បាន​សារភាពថា ពួកគាត់​ទទួលបាន​លុយ​២០០​ដុល្លារ សម្រាប់​ការសម្តែង​នៅក្នុង​ខ្សែភាពយន្ត​នេះ​។ ប៉ុន្តែ​អ្វីដែល​ថត គឺ​មិនមែនជា​ខ្សែជីវិត​ពិត​របស់គាត់​ទាំងពីរ​នាក់​ទេ​៕សរន