មន្ត្រីប៉ូលិស​ពាក់​ស័ក្ដិ​៣ ម្នាក់​ស្លាប់​ភ្លាមៗ ដោយសារ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

156
ចែករម្លែក

ដោយៈ សាវ​រក្ស​:ភ្នំពេញ ៖ មន្ត្រីប៉ូលិសនៅ​នាយកដ្ឋាន​នគរបាល​ការពារម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្រោយពី​រូបគាត់​ជិះ​ម៉ូតូ​យ៉ាង​លឿនទៅបុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ដែល​បើក​បញ្ច្រាសគ្នា​និង​កំពុង​បត់​ឆ្លងផ្លូវ ។ ករណីនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី យប់​រំលងអធ្រាត្រឈានចូល​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ក្រុមហ៊ុនលក់​រថយន្ត​Mercedes តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ ជឹម រតនៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​មន្ត្រីប៉ូលិសនៅ​នាយកដ្ឋាន​នគរបាល​ការពារ ប្រចាំការ​នៅ​ស្ថា​នទូត​ឥណ្ឌា ។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អន្លង់​គង​ចាស់ សង្កាត់ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-5883 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ត្បូង​មក​ជើង ។​ ខណៈ​មកដល់​ចំណុចកើតហេតុ ខាងលើ​ក៏បាន​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ​បំណង​ចត​រថយន្ត​ក្នុង​ដីឡូត៍​ដើម្បី​សម្រាក តែ​គាប់​ជួន​បើក​ឆ្លង​បានពាក់​កណ្តាលផ្លូវ​​ ​ត្រូវបាន​ម៉ូតូ​មួយគ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​បើកបរ​ទិសដៅ​បញ្ច្រាសគ្នា​ក្នុង​ល្បឿន​លឿន​មក​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ ​ធ្វើ​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ចំណែកឯ​បុរស​ខាងលើ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។

ភ្លាមៗ​នោះដែរ តៃកុង​រថយន្ត​បាន​ចុះ​គេចខ្លួន​បាត់ស្រមោល​ បន្សល់​ទុក​រថយន្ត​បង្ក​នៅ​នឹង​កន្លែងកើតហេតុ ។ ក្រោយមក​គេ​ឃើញ​វត្តមាន​បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ មានការសោកស្ដាយ​ជនរងគ្រោះ​យ៉ាងខ្លាំង ។​

ក្រោយមក​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ឲ្យ​មក​ធ្វើការ​វាស់វែង​យករថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។ រីឯ​សព​ជនរងគ្រោះ​​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​Ha