មន្ត្រីប៉ូលិស​ស័ក្តិ ៤ ម្នាក់ នៅ​ភ្នំ​ដិ​ន ដក​កាំភ្លើង ភ្ជង់​គំរាម​បាញ់សម្លាប់​អ្នកបើករថយន្ត សណ្ដោង​

4025
ចែករម្លែក

(​តាកែវ​)៖ បុរស​ម្នាក់ ឈ្មោះ ហេង ដែល​បាន​អះអាងថា ជា​ឪពុក​របស់​អ្នកបើកបរ រថយន្ត​សណ្ដោង បាន​រៀបរាប់ថា មន្ត្រីនគរបាល អន្តោប្រវេសន៍​ម្នាក់ មាន​តួនាទី​ជា នាយផ្នែក នៅ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់សម្លាប់​កូន ប្រុស​របស់គាត់ ដែលជា​អ្នកបើករថយន្ត​សណ្ដោង ខណៈ​កូនប្រុស​របស់គាត់​បើករថយន្ត សណ្ដោង ចេញពី​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង នៅ​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គី​រី​ចុង​កោះ ស្រុក​គី​រី​វង្ស កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​។​

​បើទោះបី​បុរស​រូបនេះ មិនបាន​បញ្ចេញ​ឈ្មោះ​របស់​កូនប្រុស របស់គាត់​ក៏ដោយ​ក៏​គាត់​នៅ បាន​និយាយ​បន្តថា នៅ​មុនពេល​កើតហេតុ កូនប្រុស​របស់គាត់ បាន​បើកឡាន​សណ្ដោង ចូលទៅ​ចាក់​សាំង នៅ​ស្ថានីយប្រេងឥន្ធនៈ ស្ថិតនៅ​ភូមិ​ព្រៃ​តា​ម៉ៅ ។

លុះ​ពេល​បើក​ចេញមក​វិញ ក៏​ស្រាប់តែ លោក​វរសេនីយ៍ត្រី ស៊ឹម វិចិត្រ នាយផ្នែក​ប៉ូលិស អន្តោប្រវេសន៍ នៅ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន បើករថយន្ត​លុច​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2C7677 មកដល់ ក៏​ដក​កាំភ្លើង ភ្ជង់​រក​បាញ់​ធ្វើឱ្យ​កូនប្រុស របស់គាត់ លោត​ចុះ​ពីលើ​រថយន្ត រត់​ចូលទៅ​ស្ថានីយ​ប្រេង ដើម្បី​គេចខ្លួន​។​

​ឪពុក​ជនរងគ្រោះ​ខាងលើ បាន​សំណូមពរ ដល់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​អគ្គនាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ ជួយ​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​លោក​ស័ក្តិ​៤ ស៊ឹម វិចិត្រ នាយផ្នែក​ប៉ូលិសអន្តោប្រវេសន៍ នៅ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ ភ្នំ​ដិ​ន នោះ​ផង ព្រោះ​គាត់​ជា កូនចៅ​របស់​ពលរដ្ឋ តែ​បែរជាយក​អំណាច​បុណ្យស័ក្តិ និង​ប្រើ​កាំភ្លើង​គំរាម​បាញ់ ពលរដ្ឋ​ស្លូតត្រង់ ដោយ​គ្មាន​មូលហេតុ​ដូច្នេះ តទៅទៀត​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​២២ ឧសភា រស្មី​កម្ពុជា មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ ពី​លោក​វរសេនីយ៍ត្រី ស៊ឹម វិចិត្រ បានទេ ៕​