មន្ត្រីប៉ូលិស​-​យោធា​បាញ់​គ្នា​! ប៉េអឹម​ចាប់ខ្លួន​នាយរង​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​

648
ចែករម្លែក
  • 852
    Shares

ដោយ​: ឫទ្ធិ​ស័ក្តិ / ភ្នំពេញ​: ប៉េអឹម​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែលមាន​តួនាទី​នាយរង​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ក្រុម​មន្ត្រីប៉ូលិស រហូត​ឈានដល់​ការផ្ទុះអាវុធ ប៉ុនប៉ង​បាញ់សម្លាប់​គ្នា កាលពី​រសៀល​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខផ្ទះ​លេខ ២១៣AEo ផ្លូវ​លេខ​១៣៩ សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​មន្ត្រី​យោធា​ដែល​ឃាត់ខ្លួន​ឈ្មោះ ជា ពេជ្រ​ចន្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​យោធា នាយរង​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ មាន​ទីលំនៅ​ផ្ទះ​លេខ ៧៣E1Z ផ្លូវ​លេខ ១២៨ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។ មន្ត្រី​យោធា​រូបនេះ ដក​កាំភ្លើង​ប៉ុនប៉ង​បាញ់សម្លាប់​ក្រុមមន្ត្រី​ប៉ូលិស (​ដក​កាំភ្លើង​ភ្ជង់​) ដោយសារតែ​ទំនាស់​ពាក្យសំដី​។​

​ចំណែក​ឈ្មោះ គី​វ ស៊ីថា មន្ត្រីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃ​ក្រសួង​មហាផ្ទៃ និងជាអតីតអធិការរង​ក្រុង​តាខ្មៅ (​មិត្ត​ភ័ក្តិ​មេ​ប៉ុស្តិ៍ អូរឫស្សី​៣) បាន​យក​កាំភ្លើង​ពី​ប៉ូលិស​ប៉ុស្តិ៍​អូរឫស្សី​៣ បាញ់​ចំនួន​ទៅលើ​មន្ត្រី​យោធា តែ​មិន​បណ្តាល​ឲ្យ​របួស​។ បន្ទាប់ពី​បាញ់​រួច​បាន​រត់គេចខ្លួន​។

​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៥:១០​នាទី ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ឈ្មោះ ជា ពេជ្រ​ចន្ថា បាន​បើករថយន្ត​មក​ឈប់​មុខផ្ទះ​លេខ ២១៣Eo ផ្លូវ​១៣៩ ក៏បាន​ទាស់​ពាក្យសម្ដី​ជាមួយ ឈ្មោះ គី​វ ស៊ីថា ពេលនោះ​ឈ្មោះ ជា ពេជ្រ​ចន្ថា ក៏បាន​ដក​អាវុធខ្លី​ចេញពី​កាបូប​បំណង​ភ្ជង់​ទៅលើ​ឈ្មោះ គី​វ ស៊ីថា តែមាន​ប្រជាពលរដ្ឋ​ឃាត់​គេ​ក៏​ឡើងទៅ​លើផ្ទះ មួយសន្ទុះ​ក្រោយមក​គេ​ក៏​ចុះមក​វិញ ស្រាប់តែ​ឈ្មោះ គី​វ ស៊ីថា ឆក់​អាវុធ​ពី​នគរបាល​ប៉ុស្តិ៍ សង្កាត់​អូរឫស្សី​៣ បាញ់​មកលើ​ឈ្មោះ ជា ពេជ្រ​ចន្ថា តែមាន​នគរបាល​ឃាត់​បណ្ដាលអោយ​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ តែ​មិន​បណ្ដាលអោយមាន​អ្នករងរបួស​ម្នាក់​ទេ​។ ក្រោយពី​ធ្វើ​សកម្មភាព​បាញ់​រួច​គេ​បាន​គេចខ្លួនបាត់ ចំណែកឯ​ឈ្មោះ ជា ពេជ្រ​ចន្ថា ត្រូវបាន​ប៉េអឹម​ខណ្ឌ​៧​មករា ហៅ​មក​សាកសួរ​។

​ប្រភព​បាន​បន្តថា មន្ត្រី​យោធា​រូបនោះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ដក​អាវុធខ្លី បម្រុង​ភ្ជង់​ទៅលើ​ឈ្មោះ គី​វ ស៊ីថា ពិតប្រាកដ​មែន តែមាន​អ្នក​ឃាត់​។ បន្ទាប់ពី​សាកសួរ​យក​ចម្លើយ​រួច ប៉េអឹម​ខណ្ឌ ៧​មករា បាន​បញ្ជូន​ខ្លួន​ឈ្មោះ ជា ពេជ្រ​ចន្ថា ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត​៕