មន្ត្រីពិការភាពៈសូមបងប្អូនដែលមានពិការភាពត្រៀមខ្លួនចាប់យកការងារឱ្យបានច្រើន

994
ចែករម្លែក

ដោយៈ មេសា/ភ្នំពេញៈ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសយងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានផ្ញើសារដល់ជនពិការឱ្យត្រៀមខ្លួនចាប់យកឱកាសការងារថា   ក្នុងគោលដៅឱ្យបងប្អូនដែលមានពិការភាព មានជីវភាពកាន់តែថ្លៃថ្នូរឡើងៗ និង អាចចូលរួមក្នុងសង្គមគ្រប់ទិដ្ឋភាពឱ្យបានកាន់តែច្រើនឡើងថែមទៀតនោះ យើងតែងតែបានខិតខំប្រឹងប្រែង ឱ្យបងប្អូនដែលមានពិការភាពទទួលបានឱកាសការងារកាន់តែច្រើន ។ បន្ទាប់ពីបានធ្វើការជាមួយគ្នាមួយរយៈមក មិនយូរឡើយ រោងចក្រសហគ្រាស និង ក្រុមហ៊ុនឯកជនជាច្រើន នឹងចាប់ផ្តើមជ្រើសរើសជនដែលមានពិការភាពចូលបម្រើការងាររបស់ពួកគេហើយ ។ ហេតុនេះ សូមជនដែលមានពិការភាពទាំងឡាយ និង ក្រុមគ្រួសារ មេត្តាត្រៀមខ្លួនឱ្យបានល្អ ដោយការសិក្សានូវចំណេះ និង ជំនាញតាមការពេញចិត្តរបស់ខ្លួន ដើម្បី ចាប់យកឱកាសការងារនោះឱ្យបានច្រើនតាមដែលអាច  ។

ការក្រើនផ្ញើសាររបស់លោក យៀប ម៉ាលីណូ ដោយសារថ្មីៗនេះ នាយកដ្ឋានសុខុមាលភាពជនពិការ និង អ្នកពាក់ព័ន្ធ បានបញ្ជ្រាបច្បាប់ការងារ និង របៀបជ្រើសរើសជនពិការចូមបម្រើការងារដល់ ថ្នាក់ដឹកនាំ នៃ រោងចក្រសមហគ្រាស និង ក្រុមហ៊ុនឯកជនធំៗប្រមាណជា ៩០ ក្រុមហ៊ុន ហើយអ្នកដឹកនាំ នៃ ក្រុមហ៊ុនទាំងនោះ បានសន្យាថា នឹងបញ្ជូនសេចក្តីប្រកាសជ្រើសរើសជនពិការចូលបម្រើការងារក្នុងស្ថាប័នរបស់ពួកគេតាមរយៈនាយកដ្ឋានសុខុមាលភាពជនពិការ និង ភ្នាក់​ងារ​ជាដៃគូក្នុងពេលឆាប់ៗនេះ ។

ច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ បានចែងកំណត់ថា ក្រសួងស្ថាប័នរដ្ឋត្រូវជ្រើសរើសជនពិការចូលបម្រើការចំនួន ២ ភាគរយ នៃ បុគ្គលិករបស់ខ្លួន ។ ចំណែកស្ថាប័នឯកជន ត្រូវជ្រើសរើសជនពិការ ១ ភាគរយ នៃ ចំនួនបុគ្គលិករបស់ខ្លួន ឱ្យចូលបម្រើការងារ ។

កន្លងមក ត្រូវបានកត់សម្គាល់ថា ក្រសួងស្ថាប័នរដ្ឋ បានជ្រើសរើសជនពិការចូលបម្រើការងារបានច្រើន គឺ ១,៧៨ ភាគរយហើយ ។ ចំណែកស្ថាប័នឯកជន ក៏បានជ្រើសរើសច្រើនគួរសមហើយដែរ ។ ទោះយ៉ាងណា តម្រូវការ នៃ ការជ្រើសរើសជនពិការចូលបម្រើការងារនៅតាមស្ថាប័នឯកជន នៅមានចំនួនច្រើនទៀត ដើម្បី ឆ្លើយតបទៅនឹងមាត្រា នៃ ច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ ៕ Kh