មន្ត្រីរដ្ឋបាល​ខេត្ត​ក្រុង​ស្រុក​ត្រូវ​គ្រប់គ្រង​និង​ចាត់ចែង​មន្ត្រី​បុគ្គលិក​ឱ្យស្រប​តាម​នីតិវិធី​

836
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​អភិបាលរង​ខេត្តកំពត​បាន​ណែនាំ​និង​ជំរុញ​ដល់​មន្ត្រី​រដ្ឋបាលខេត្ត​ក្រុង​ស្រុក​ឱ្យ​គ្រប់គ្រង​ក៏ដូចជា​ចាត់ចែង​មន្ត្រី​បុគ្គលិក​ស្របតាម​គោលការណ៍​បែបបទ​ព្រមទាំង​នីតិវិធី​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​ក្នុងឱកាស​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​គោលការណ៍​បែបបទ​និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បុគ្គលិក​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កាលពី​ថ្ងៃទី​៨ ខែ ឧសភា ឆ្នាំ​២០១៩​។

​លោកស្រី​យូ​សុគន្ធ​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ក្រុង​ស្រុក​ត្រូវ​គ្រប់គ្រង​ក៏ដូចជា​ចាត់ចែង​មន្ត្រី​បុគ្គលិក​របស់ខ្លួន​ស្របតាម​គោលការណ៍​បែបបទ​ព្រមទាំង​នីតិវិធី​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

ការអនុវត្ត​បែបនេះ​គឺ​ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​ពង្រឹង​ការគ្រប់គ្រង ចាត់ចែង​មន្ត្រី​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យបាន​ល្អប្រសើរ​ក៏ដូចជា​ក្នុងន័យ​តម្លាភាព​គណនេយ្យភាព អព្យាក្រឹត និង​សមធម៌​ដោយ​បញ្ចៀស​នូវ​វប្បធម៌​អន្តរាគមន៍ បក្ខពួក និង​គ្រួសារនិយម​។

​លោកស្រី​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​ដើម្បី​ឆ្លើយតប​ចំពោះ​ប្រសិទ្ធភាព​ការងារ​លើ​នាយក​រដ្ឋបាល​សាលាខេត្ត​ក៏ដូចជា​នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​និង​អភិបាល​ព្រមទាំង​នាយក​រដ្ឋបាល​ក្រុង​ស្រុក​ទាំងអស់​ត្រូវខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​បន្ថែ​ម​ទៀត​ក្នុងនាម​ជា​សេនាធិការ​សម្រាប់​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​។

ជាមួយគ្នានេះ​នាយក​រដ្ឋបាលខេត្ត​និង​នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​ព្រមទាំង​មន្ត្រី​ទទួលបន្ទុក​ការងារ​បុគ្គលិក​ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព​ក៏ដូចជា​ចំណេះដឹង​ព្រមទាំង​ជំនាញ​សម្រាប់​ការងារ​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​បន្ថែមទៀត​ផងដែរ​។​

ដោយឡែក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​និង​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​ក៏ត្រូវ​រៀបចំ​ទុកដាក់​នូវ​ប្រព័ន្ធគ្រប់គ្រង​ឯកសារ​ព្រមទាំង​ទិន្នន័យ​បុគ្គលិក​ឱ្យ​បានល្អ​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​បុគ្គលិក​ការធ្វើផែនការ​ក៏ដូចជា​ការពិនិត្យ​វាយតម្លៃ​លើ​មន្ត្រី​បុគ្គលិក​ក្រោម​ដែន​សមត្ថកិច្ច​ខ្លួន​៕S/