មន្ត្រីរាជការ​ជាង​៨០០​នាក់​ទៀត ទទួលបាន​បណ្ណ​សមាជិក​ពី​ ប​.​ស​.​ស​

724
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: បន្ទាប់ពី​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សរុប ជាង​០៦​ពាន់​នាក់​បានទទួល​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)​។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​មន្ត្រីរាជការ​នៃ​ក្រសួង​មុខងារសាធារណៈ​ចំនួន​៨៤៣​នាក់ បានទទួល​បណ្ណ​នេះ ដើម្បី​ទទួលបាន​សេវា​ពិនិត្យ និង​ព្យាបាល​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​នានា​ទូទាំងប្រទេស​ដោយ​ឥត​បង់ថ្លៃ​។​

​នៅក្នុង​ពិធី​ចែក​បណ្ណ​សមាជិក ប​.​ស​.​ស ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ក្រសួង​មុខងារសាធារណៈ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ទីស្តីការក្រសួង លោក អ៊ុក សមវិទ្យា
​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយ​កប​.​ស​.​ស នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា តាមរយៈ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​សម្រាប់​វិស័យ​ឯកជន ប្រកបដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ​កន្លងមក ប​.​ស​.​ស​ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​ទំនុកចិត្ត និង​បានប្រគល់​ភារកិច្ច​បន្ថែម​ជា​ប្រតិបត្តិ​ករ​តែមួយគត់ ក្នុងការ​គ្រប់គ្រង​និង​ចាត់ចែង​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់ មន្ត្រី​សាធារណៈ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​។

​លោកនាយក​លើកឡើងថា នៅ​ដើមឆ្នាំ​២០១៨ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​បានដាក់​ឲ្យ​ដំណើការ​នូវ​សេវា​តាវកាលិក (​អត្ថប្រយោជន៍​)​រួមមាន​៖ សេវា​ព្យាបាល​និង​ថែទាំ​វេជ្ជសាស្ត្រ​, សេវា​បញ្ជូន​អ្នកជំងឺ ឬ​ជនរងគ្រោះ​ចំពោះ​ករណី​សង្គ្រោះបន្ទាន់ និង​សេវា​បញ្ជូន​សព​និង​សេវា​បង្ការ​សុខភាព​។ ទន្ទឹង​នេះ ប​.​ស​.​ស នឹង​បន្ត​ពង្រឹង​និង​ពង្រីក​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ នឹង​បន្ត​ជម្រុញ​ការអនុវត្ត​ផ្នែក​ថែទាំ​សុខភាព​ទាំង​សម្រាប់​កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ និង​ខិតខំ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​ផ្នែក​ប្រាក់​សោធន​សម្រាប់​កម្មករនិយោជិត និង​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។​

​ជាមួយគ្នានេះ​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​មានប្រសាសន៍ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ប​.​ស​.​ស បាន​ចែក​បណ្ណ​សម្រាប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​ក្រសួង​មុខងារ​ដែលមាន​មន្ត្រីរាជការ​សា​ធា​រៈ​សរុប​ចំនួន​២.០៩១​នាក់ ក្នុងនោះ​មន្ត្រីរាជការ​ស៊ីវិល​មាន​ចំនួន​៩៤២​នាក់ មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​២០៨​នាក់ មន្ត្រីរាជការ​នៅ​ទីស្តីការក្រសួង​សរុប​ចំនួន​៥៤៣​នាក់ និង​មន្ត្រីរាជការ​នៅតាម​មន្ទីរ​មុខងារសាធារណៈ​រាជធានី ខេត្ត​ចំនួន​៣៩៨​នាក់ ដែល​នឹងត្រូវ​ទទួលបាន​បណ្ណ​នេះ សម្រាប់​ប្រើប្រាស់​ក្នុងការ​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​

​គិត​មកដល់​បច្ចុប្បន្ន​នេះ ប​.​ស​.​ស បានផ្តល់​តាវកាលិក​ផ្នែក​ហានិភ័យ​ការងារ ដល់​ជនរងគ្រោះ​ជា​កម្មករនិយោជិត​សរុប​ចំនួន​២១៣.០២៥​នាក់ ក្នុងចំណោម​កម្មករនិយោជិត​ជា​សមាជិក​ចំនួន ១.៤៨០.៩៣២​នាក់ នៃ​រោងចក្រ សហគ្រាស​ចំនួន​១២ ៥៨៨​សហគ្រាស​។ ដោយឡែក សម្រាប់​ផ្នែក​ថែទាំ​សុខភាព​បានផ្តល់​សេវា​ដល់​កម្មករនិយោជិត​ប្រមាណ​ជាង ​១.៥៩០.៥៨២ ដង​-​នាក់ (​ករណី​) ក្នុងចំណោម​កម្មករនិយោជិត​ប្រមាណ​ជាង​១ ៨០៩ ០៥០​នាក់ នៃ​រោងចក្រ សហគ្រាស​ចំនួន​ជាង​៨.២៦៩៕