មន្ត្រីរាជការ​សម័យ​តេ​ជោ​កាន់​តែមាន​តំលៃ​ ​ប្រឡង​ចូល​ក្រសួង​ការងារ​យកតែ​២៨​នាក់​ខណៈ​អ្នក​ប្រឡង​ជិត​២​ពាន់​នាក់​

1258
ចែករម្លែក

(​ភ្នំពេញ​)៖​ក្នុង​ឆ្នាំ​២០១៧​នេះ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានធ្វើ​ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ដែល​ក្នុងនេះ​តម្រូវ​ជ្រើសរើស​តែ​ចំនួន​២៨​នាក់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ក្នុងការ​ប្រឡង​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​កន្លងមក​គេ​ឃើញ​មាន​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង​មាន​រហូតដល់​ជិត​ពីរពាន់​នាក់​។​
​ ​
​លោក ចាប ឬ​ទ្ធី​ ​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​បាន​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញ​សារព័ត៌​​មាន​ក្នុង​មណ្ឌល​ប្រឡង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ​ឱ្យដឹងថា​ក្នុងឆ្នាំនេះ​មាន​បេក្ខជន​បានដាក់​ពាក្យ​ប្រឡង​សរុប​១៧៤៦​នាក់ ប៉ុន្តែ​ក្រសួង​ជ្រើសរើស​តែ​២៨​នាក់​ប៉ុណ្ណោះ​ដោយ​ក្នុងនេះ​៦​នាក់​សម្រាប់​បម្រើការ​ងា​រ​ថ្នាក់កណ្តាល​និង​២២​នាក់​ទៀត​តម្រូវឱ្យ​បម្រើ​ការងារ​នៅ​ថ្នាក់​ខេត្ត​ក្រុង​។​

​ទាក់ទិន​នឹង​ការប្រឡង​នេះដែរ​លោក​អនុរដ្ឋលេខាធិការ​បាន​ឱ្យដឹងថា​ការប្រឡង​នេះ​ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​មុខងារ​សា​ធារ​​ណៈ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ។​ក្នុងការ​ប្រឡង​នេះដែរ​ក៏មាន​ការការពារ​សន្តិ​សុខ​រក្សា​សណ្ដាប់ធ្នាប់​ពី​កម្លាំង​សមត្ថ​​កិច្ច​ផងដែរ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ការប្រឡង​ទទួលបាន​នូវ​យុត្តិធម៌​និង​ត្រឹមត្រូវ​១០០​ភាគរយ​។​

​លោក​បាន​ថ្លែង​ផង​ថា​”​ចំពោះ​ការប្រឡង​នេះ​យើង​បានរៀបចំ​ឡើងជា​ពីរ​ដំណាក់កាល​គឺ​ទី​១​ប្រឡង​សំណេរ​ដែលមាន​វិញ្ញាសារ​ពីរ​ដែរ​គឺ​ភាសា​អង់គ្លេស​និង​វិញ្ញាសារ​ចំណេះ​ទូទៅ​និង​ទី​២​ការប្រឡង​ផ្ទាល់មាត់​”​។​

​លោក​ចាប​ឬ​ទ្ធី​បាន​អះអាងថា​ក្នុងការ​ប្រឡង​នេះ ក្រសួង​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ធានា​នូវ​សុ​ក្រិ​ត្យ​ភាព​ដូចជា​ហាម​លួច​ចំលង​ឬ​មើលគ្នា ហាម​យក​ទូរស័ព្ទ​ចូល​និង​មិនឱ្យ​យក​សំណៅ​ឯកសារ​ចូលក្នុង​ប​ណ្ឌ​ល​ប្រឡង​។​ក្នុងករណី​បេក្ខជន​ល្មើ​សនឹង​បំរាម​ណាមួយ​នឹងត្រូវ​បណ្តេញ​ចេញពី​ការប្រឡង​តែម្តង​។

​លោក​បានបញ្ជាក់​បន្ថែម​ថា​”​ក្នុងការ​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ ក្នុង​ក្របខណ្ឌ​ក្រសួង​ការងារ ឆ្នាំ​២០១៧​នេះ​គឺធ្វើឡើង​ស្រប​​ទៅតាម សេចក្ដីប្រកាស​របស់ ក្រសួង​មុខងារសាធារណៈ​ដើម្បី​យកទៅ​ជំនួស​មន្ត្រី​ចាស់​ដែល​ពួកគាត់​ខ្លះ​បាន​ចូលនិវត្តន៍ ខ្លះ​ឈប់​ពី​ការងារ និង​មួយចំនួនទៀត​បាន​ស្លាប់​ជាដើម​៕​ដោយៈ​ដេប៉ូ​/sn

ដំណើរ​កិច្ចការងារ​ប្រឡង​នេះ​គឺមាន​កិច្ចសហការ​រវាង​បី​ស្ថាប័ន​ក្នុងនេះ​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​មុខងារសាធារណៈ​និង​សាមីក្រសួង​ផ្ទាល់​