មន្ត្រី​កម្ពុជា​ចង់ឱ្យ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​មាន​បញ្ជរ​តែមួយ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​

1301
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ខណៈដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​សិង្ហ​បុរី ។​ក្នុងនោះ​ក៏មាន​កិច្ចពិភាក្សា​លើ​ការលុបបំបាត់​របាំង​មិនមែន​ពន្ធគយ​បញ្ជរ​តែមួយ​អាស៊ាន (ASEAN Single Window) និង​ការសម្រួល​ពាណិជ្ជកម្ម​។

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​គាំទ្រ​ការ​ជម្រុញ​អនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន​ឲ្យ​បាន​គ្រប់​ប្រទេស និង​ស្នើឱ្យ​អាស៊ាន​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា និង​បួន​ប្រទេស​ទៀត​ដែល​កំពុង​អនុវត្ត​សាកល្បង​។ កម្មវិធី​នេះ​អនុវត្ត​ឱ្យបាន​ពេញលេញ​ក្នុង​គោលដៅ​សម្រួល​ពាណិជ្ជកម្ម​នេះ​នៅក្នុង​តំបន់​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៨​ថា​ក្នុង​កិច្ចប្រជុំ​នេះដែរ​លោក​ក៏បាន​ស្នើ​ឲ្យ​ភាគី​ថៃ​សហការ​ជាមួយ​កម្ពុជា​និង​ឡាវ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​ការនាំចេញ​ពោត​ពី​កម្ពុជា​និង​ឡាវ​។​

​មន្ត្រី​កម្ពុជា​ចង់ឱ្យ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​មាន​បញ្ជរ​តែមួយ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​

ឈានទៅ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​ទំនិញ​ឆ្លងកាត់​ទ្វេភាគី​កម្ពុជា ថៃ ក្នុងពេល​ឆាប់ៗ​ផងដែរ គ្រា​ដែល​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន នៅក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ដោយ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។​

​សូមបញ្ជាក់ថា​លោក​រដ្ឋមន្ត្រី​ប៉ាន​សូរ​ស័ក្តិ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (50th ASEAN Economic Ministers and Related Meeting)។​ដែល​រៀបចំឡើង​នៅ​រដ្ឋធានី​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​២៨ ខែសីហា ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ លោក Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី និង​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ាន​។ រួមជាមួយ​គណៈប្រតិភូ​ជា​សមាជិក ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន ។​ក្នុង​គោលបំណង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ការងារ​ធ្វើ​សេរីភាវូបនីយកម្ម​ក្នុង​អាស៊ាន និង​រិះរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ផ្សេងៗ​។

​ដោយឡែក កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ទាំង​៤​ប្រទេស​នេះ​បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ​២០១៧-២០១៨​បានអនុម័ត​លើ​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​២០១៩-២០២០ ។​ដើម្បី​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​សមាជិក​អាស៊ាន​ទាំង​០៦​ចាស់​។

​ទន្ទឹម​នោះ​រដ្ឋមន្ត្រី​កម្ពុជា​ក៏បានផ្តល់​គោលការណ៍​សំខាន់ៗ​សម្រាប់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​សម្រាប់​ការអភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (Framework for CLMV Development) ព្រមទាំង​ណែនាំ​ឲ្យ​លេខាធិការដ្ឋាន​អាស៊ាន ខិតខំ​សម្របសម្រួល​ការងារ​នេះ​ជាមួយ​ប្រទេស​ជា​សមាជិក ដោយ​ធ្វើយ៉ាងណា​បញ្ចប់សេចក្តី​ព្រាង​និង​ដាក់ជូន​រដ្ឋមន្ត្រី​ពិនិត្យ​និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​កំពូល​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ​ផងដែរ​៕S/