មន្ត្រី​កសិកម្ម​បង្ហាញ​បច្ចេកទេស​បង្កាត់​ពូជ​គោ​ដោយ​មេជី​វិត​សិប្ប​និ​មិ្ម​ត​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​

2090
ចែករម្លែក

(​កំពង់ចាម​)៖ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម បានបង្ហាញ​បច្ចេកទេស​បង្កាត់​ពូជ​គោ បាន​ច្រើន ប្រភេទ​តាមរបៀប​ចាក់​បញ្ចូល​មេជី​វិត​សិប្ប​និ​មិ្ម​ត​តាមរយៈ​ប្រដាប់ភេទ​របស់ សត្វ​គោ​ញី​ម្ចាស់​មេគោ​ទាំងឡាយ​អាច​ចំណាយពេល​នៅ​នឹង​ក្រោល​ក្បែរ​លំនៅស្ថាន​ចន្លោះ​ពី​១៥​ទៅ​៣០​នាទី​គឺ​ដំណើរការ​នៃ​ការ​បង្កាត់​ហើយ​រួចរាល់​។ ដោយ​ប្រើប្រាស់​រយៈពេល​នៃ​ការ បង្ក​កំណើត​ចំនួន​ប្រាំបួន​ខែ​និង​១០​ថ្ងៃ​ដូចគ្នា​ការ​បង្កាត់​ជាមួយ​សត្វ​គោ​ឈ្មោល​ជា​បា​អីចឹង​ដែរ​។​

​លោក លន់ សុផល អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា មេជី​វិត​សត្វ​គោ​សិប្ប​និមិត្ត ដែល​ផលិត​នៅ​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម នេះ​មាន​ជា​ពូជ គោ​សម្រាប់​ចិញ្ចឹម​ទុក​ពូជ​, គោ​សម្រាប់​ចិញ្ចឹម យក​សាច់​, គោ​សម្រាប់​ចិញ្ចឹម​យក​ទឹកដោះ និង​គោ​សម្រាប់​ជា​កម្លាំង​អូសទាញ​។

​លោក សុផល បាន​ឲ្យ​ដឹង​ទៀតថា មេជី​វិត​ដែល​យើង​បាន​ទិញ​យកមក​រក្សាទុក​តាម​លក្ខណៈ បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ​នេះ​បង្កលក្ខណៈ​ងាយស្រួល​និង​ចំណេញ​ដល់​កសិករ​ជា​ម្ចាស់​មេគោ​ច្រើន យ៉ាង​ណាស់​ដូចជា ចំណេញ​ផ្នែក​សេដ្ឋកិច្ច បើ​យើង​បង្កាត់​បា​ជា​គោ​ឈ្មោល​ផ្ទាល់​នោះ គឺ​មួយ​លើក​បាន​តែម្តង​ប៉ុណ្ណោះ​។ ផ្ទុយ​មកវិញ​បើ​បង្កាត់​តាម​មេជី​វិត​សិប្ប​និមិត្ត​នេះ គឺអាច​បាន ដល់​មេគោ​ជាង​១០០​ក្បាល​ក្នុង​មួយ​លើក​។

​លោក​អនុប្រធាន​បាន​បន្ថែមថា ជាមួយ​នោះ​កសិករ​ចំណេញ​សោហ៊ុយ​ដឹក​ជ​ញ្ជួ​ន​និង​ពេលវេលា ដោយ​មិនបាច់​ដឹក​មេគោ​ស្វែងរក​បា​ដែល​យើង​ស្រឡាញ់​នោះទេ​គឺ​គ្រាន់តែ​ជូនដំណឹង​តាម រយៈ​លេខ​ទូរស័ព្ទ​របស់លោក​( លន់ សុផល ) ០១២ ៩៥៨ ៨៣៥ គឺ​ខាង​លោក​នឹង​យក​ធុង ផ្ទុក​មេជី​វិត​ទៅ​បង្កាត់​ដល់​ក្រោល​ឬ​ដល់ កសិដ្ឋាន​តែម្តង​។ អត្ថប្រយោជន៍​ដ៏​សំខាន់​បន្តទៀត​គឺ កសិករ​ជា​ម្ចាស់​អាច​ជ្រើសរើស​ពូជ​តាម​ការស្រឡាញ់​ពេញចិត្ត​គ្មាន​ការ​ផ្សងព្រេង​ដូច​ការ​បង្កាត់​ដោយ​គោបា​ទេ​។ លក្ខណៈពិសេស​របស់​មេ​ជីវិត​សិប្ប​និមិត្ត​គឺ​បាន​កាត់បន្ថយ​ការចម្លង​រោគ តាមរយៈ​ប្រដាប់បន្តពូជ​របស់​គោបា​ទៅកាន់​មេគោ​ផ្សេងទៀត​ក្នុងអំឡុងពេល​បង្កាត់​នោះ​។​

​លោក​បាន​បន្តថា ការ​បង្កាត់​ពូជ​គោ​តាមរយៈ​មេជី​វិត​សិប្ប​និមិត្ត​នេះ​យើង​បាន​ដំណើរការ​តាំងពី ខែតុលា ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​យើង​បង្កាត់​បាន​មេគោ​ចំនួន ១៦០​ក្បាល​មាននៅ​ស្រុក​កំពង់សៀម និង ស្រុក​ព្រៃឈរ គឺ​សេវា​ក្នុងការ​បង្កាត់​មេគោ​មួយ​ក្បាល​ចាប់ពី​២០​ម៉ឺន​ទៅជា​ង​៤០​ម៉ឺន​រៀល ដោយ​គិត​លើ​ប្រភេទ​ពូជ​គោ​។​

​លោក រី ដា​វិ​ន ដែល​បាន​ទទួលយក​ការ​បង្កាត់​មេជី​វិត​គោ​សិប្ប​និមិត្ត​នេះ​ដំបូង​គេ​នៅ ភូមិ​ស្រឡៅ ឃុំ​អម្ពិល ស្រុក​កំពង់សៀម បានដឹងថា មេគោ​អាយុ​បី​ខួប​របស់​គ្រួសារ​លោក​បាន ទទួល​ការ​បង្កាត់​ដំបូង​គេ​មិន​អស់​សេវា​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ កាលពី ឆ្នាំ​២០១៧ នោះ​គឺ​កើត​បានកូន​គោ​ឈ្មោល​មួយ​ក្បាល​។​ដោយ​សត្វ​គោមួយ​ក្បាល​នេះ​បាន​ធំធាត់ យ៉ាង​រហ័ស​គឺ​ឈ្មួញ​បាន​ពេញចិត្ត​បានមក​ទិញ​ក្នុងតម្លៃ​ពីរលាន​ហាសិប​ម៉ឺន​រៀល​ទៅ​ចិញ្ចឹម​ថែបំប៉ន​យក​សាច់​ដើម្បី​លក់​បន្ត​។​

​លោក ដា​វិ​ន បន្តថា ឥឡូវ​មេគោ​ដដែល​នេះ​បាន​បង្កាត់​ជា​លើក​ទី​ពីរ​កើត​កូនញី​ម្តង​គឺមាន​អាយុ ពីរ​សប្តាហ៍​និង​មាន​ទម្ងន់​ជាង​៥០​គីឡូក្រាម​។ ដោយ​កើនឡើង​ទម្ងន់​កាលពី​កើត​ភ្លាម​ប្រហែល ជាង​១០​គីឡូក្រាម​។ ឆ្លងតាម​បទពិសោធន៍​នៃ​ការចិញ្ចឹម​គោ​ច្រើន​ឆ្នាំ​កន្លងទៅនេះ​គឺ ការ​បង្កាត់ ពូជ​តាមរយៈ​មេជី​វិត​សិប្ប​និមិត្ត​នេះ គឺមាន​លក្ខណៈ​ល្អ​ច្រើន​មែនទែន​ដូចជា ការ​បង្កាត់​ពូជ តាម​ការចង់បាន​ចូលចិត្ត​, មេគោ​មិន​ឆ្លង​ជំងឺ​ពី​បា​, កូន​គោ​មាន​សុខ​ភាពល្អ​មាំមួន​រហ័សរហួន និង​មាន​តម្រូវការ ទីផ្សារ​ល្អ​៕

​លោក លន់ សុផល បង្ហាញ​ពី​ការ​បង្កាត់​ពូជ​គោ​តាមរបៀប​ចាក់​បញ្ជូន​មេជី​វិត​សិប្ប​និមិត្ត​ផ្តល់ អត្ថប្រយោជន៍​ច្រើនយ៉ាង​ដល់​កសិករ​ម្ចាស់​មេគោ ។​