មន្ត្រី​កាំកុងត្រូល​កោះកុង រកឃើញ​អាហារ​កំប៉ុង និង​កញ្ចប់​ចំនួន​១៤១​ហួស​សុភាព​ប្រើប្រាស់​

659
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: មន្ត្រី​សាខា​កាំកុងត្រូល និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ដែល​កំពុង​តាំង​លក់​នៅតាម​ហាង​ទំនិញ​តូចធំ​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ដោយ​មន្ត្រី​ជំនាញ​រកឃើញ អាហារ​កញ្ចប់ និង​កំប៉ុង​ចំនួន​១៤១ ហួស​សុភា​ពនៃ​ការប្រើប្រាស់ ក្រោយ​ការពិនិត្យ​អង្កេត​។​

​យ៉ាងហោចណាស់ ចំណីអាហារ សម្រាប់​ទទួលទាន​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ រួមមាន​៖ នំ​កញ្ចប់ មី កាហ្វេ ណែម ទឹកដោះគោ ប្រេងខ្យង ទឹកត្រី​ដប ម្សៅ​ស៊ុប និង​ចាហួយ​ជាង​១៤១​ដប និង​កញ្ចប់ ត្រូវបាន​រកឃើញថា ហួស​ថ្ងៃខែ​ឆ្នាំ​ប្រើប្រាស់​អស់​ជាច្រើន​ខែ​មកហើយ​នៅក្នុង​ហាង​លក់ទំនិញ​តូចធំ​ចំនួន​៥ ដែល​ម្ចាស់​ហាង​នៅតែ​បន្ត​ដាក់តាំង​លក់​នៅ​ទីផ្សារ​។

លោក ជា នី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង នៅ​ថ្ងៃទី​៧ ខែឧសភា បានឱ្យដឹងថា ការដាក់​តាំង​ផលិតផល​ទំនិញ​ហួស​សុភាព​យ៉ាង​បំពាន​ច្បាប់​ដូច្នេះ វា​ធ្វើឱ្យប៉ះពាល់ និង​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​អ្នកប្រើប្រាស់ ករណី​បើ​ពុំមាន​ដឹង​យល់​ពី​សុវត្ថិភាព​ចំណីអាហារ​។ ខណៈ​អាជ្ញាធរ​ផ្តោត​ការយកចិត្ត​ដាក់​ខ្ពស់​ការទប់ស្កាត់ និង​បង្ក្រាប រាល់​ទំនិញ​ខូច​សុភាព​នៅលើ​ទីផ្សារ​។​

​លោក ជា នី បាន​បន្ថែមថា កន្លងទៅ លោក និង​ក្រុមមន្ត្រី ធ្លាប់​ព្រមាន​ដល់​ម្ចាស់​ហាង​អាជីវកម្ម​ជាច្រើនលើក​ច្រើនសារ​មក​ហើយ កុំ​ឱ្យធ្វើ​អាជីវកម្ម​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ នៅ​រាល់ពេល​ចុះ​ពិនិត្យ​គុណភាព​ចំណីអាហារ ដោយមាន​ម្ចាស់​ហាង​បាន​គោរព​តាម​ការណែនាំ និង​ម្ចាស់​ហាង​ខ្លះទៀត​បន្ត​លួចលាក់​បញ្ចេញ​ទំនិញ​គ្មាន​គុណភាព​ទាំង​បំពាន​ដដែល​។
​ជាក់ស្តែង ទំនិញ​ដែល​ហួស​សុភាព​ដែល​រឹបអូស​បាន​នៅថ្ងៃនេះ គឺ​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​កិច្ចសន្យា និង​ប្រមូល​យកទៅ​រក្សា​នៅ​ទីស្នាក់ការ​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ដុត​បំផ្លាញចោល​។​

​ចំណែក អ្នកស្រី លឹម ហុង ជា​ម្ចាស់​ហាង​ទំនិញ​ហី​ហោ ប៉ាន់ ប៉ាន់ លើកឡើងថា មូលហេតុ​ដែល​ហាង​របស់​អ្នកស្រី​មាន​ទំនិញ​ហួស​សុភាព​ប្រើប្រាស់ ក៏​ព្រោះ​បុគ្គលិក​មាន​ភាពខ្វះ​ចន្លោះ​ចំពោះ​ការពិនិត្យ​រៀបចំ​តាំង​ទំនិញ​លក់​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹម​នោះ អ្នកស្រី​ទទួលស្គាល់​កំហុស​អ​ចេតនា ដោយ​សន្យា​នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ និង​អ្នកសារព័ត៌មាន​ថា ចាប់ពី​ថ្ងៃនេះ​ទៅ នឹងមិន​អោយមាន​ទំនិញ​ខូចគុណភាព​នេះ​តទៅទៀត​ទេ ដើម្បី​លើកកម្ពស់​សុខភាព​អ្នកប្រើប្រាស់​។​

​លោក ជា សុ​ភ័​ក្ត អ្នកទិញ​ទំនិញ គាំទ្រ​ចំពោះ​វិធានការ​បង្ក្រាប​ទំនិញ​ខូចគុណភាព​របស់​សមត្ថ​កិច្ច ស្រប​ពេលដែល​រូបលោក និង​ប្រជាពលរដ្ឋ​ដ៏ទៃទៀត​បារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​ដែល​ដាក់តាំង​លក់​នៅ​ទីផ្សារ​។ ពលរដ្ឋ ក៏​ជំរុញ​ដល់​មន្ត្រី​កាំកុងត្រូល និង​អ្នកពាក់ព័ន្ធ​បន្ត​ពង្រឹង​ការពិនិត្យ​អោយបាន​ច្រើន ជៀសវាង​អា​ជីករ​មួយចំនួន លួចលាក់​លក់ទំនិញ​បំផ្លាញ​សុខភាព​អ្នកប្រើប្រាស់​។​

​គួរ​ជម្រាប​ថា នៅ​ឆ្នាំ​២០១៨ កន្លងទៅ ក្រុមមន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង បាន​ចុះ​ពិនិត្យ​គុណភាព​សុវត្ថិភាព​ចំណីអាហារ​នានា និង​ពន្យល់​ណែនាំ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ និង​សិស្ស​នុ​សិស្ស​ឲ្យ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការនាំ​ទំនិញ​មក​លក់​ត្រូវ​សួររក​ប្រភព​ច្បាស់លាស់ ជៀសវាង​ពេល​មាន​ហានិភ័យ​កើតឡើង​ដល់​សុខភាព​របស់​អ្នក​ទទួលទាន​។
​មន្ត្រី​ជំនាញ បានកំណត់​សម្គាល់​ដល់​ពលរដ្ឋ​ទៀតថា ពិសេស​ចាំបាច់​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណា​ដែលមាន​សុវត្ថិភាព​យកមក​បរិ​ភោគ ដោយមាន​ស្លាក​សញ្ញា ថ្ងៃ​-​ខែ​-​ឆ្នាំ ផលិត ឬ​ផុតកំណត់​រយៈពេល​ប្រើប្រាស់​សំបក​វេច​ខ្ចប់​ផលិតផល​អនាម័យ​បាន​ត្រឹមត្រូវ​៕ ល​