មន្ត្រី​កាំកុងត្រូល​ចុះ​តាម​ហាង​ទំនិញ​ស្វែងរក​ម្សៅ​ទឹកដោះគោ​ខូចគុណភាព​ ​ ​

774
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​កោះកុង​សហការ​ជាមួយនឹង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​បាន​ចុះ​ស្វែងរក​ម្សៅ​ទឹកដោះគោ​កំប៉ុង​តាម​ហាង​លក់ទំនិញ​ណាមួយ​ដែល​ខូចគុណភាព​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទារក​។​

​សកម្មភាព​ត្រួតពិនិត្យ​តាមដាន​គុណភាព​អាហារ​កំប៉ុង​នេះ ធ្វើឡើង​ក្រោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ប្រកាសថា មាន​ផលិតផល​ម្សៅ​ទឹកដោះគោ សម្រាប់​ទារក ម៉ាក ឌុយ​មិច ម៉ា​ម៉ៀ​ល​ហ្គោល (Dumex Mamil Gold Infant Milk Formuda-Step 1) មាន​បាក់តេរី​។​

​លោក ជា នី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង នៅ​ថ្ងៃទី​៣០ សីហា​ឆ្នាំ​២០១៨ នេះ ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ដើរ​ចុះ​ពិនិត្យ​តាម​ហាង​លក់ទំនិញ​ដុំ និង​លក់រាយ​ជាច្រើន​កន្លែង នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ដើម្បី​ស្វែងរក ផលិតផល​ម្សៅ​ទឹកដោះគោ​កំប៉ុង​ប្រភេទ​ភ្លាមៗ​ដែល​កំពុង​តាំង​លក់​នៅលើ​ទីផ្សារ ពិសេស​ម្សៅ​ទឹកដោះគោ​ម៉ាក (Dumex Mamil Gold)​។​

​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ​អស់​ពេល​ជាង​១​ម៉ោង លោក ជា នី បាន​បញ្ជាក់ថា បណ្តា​ហាង​លក់ទំនិញ​ប្រភេទ​កំប៉ុង​ដែល​ពួកគាត់​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​វាយតម្លៃ គឺ​គ្មាន​ការដាក់​តាំង​លក់​ម្សៅ​ទឹកដោះគោ​កំប៉ុង​ប្រភេទ (Dumex Mamil Gold)​នោះទេ​។

​ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង​រូបនេះ បាន​ណែនាំ​ដល់​ម្ចាស់​អា​ជីករ​ទាំងអស់ ចាំបាច់​បង្កើន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ ការតាំង​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ ឬ​ទំនិញ​អាហារ​កំប៉ុង​ណា​ដែល​ជិត​ហួស​សុ​ព​ភាព​ប្រើប្រាស់​។ មិន​ដូច្នេះ​ទេ នឹង​រឹបអូស​ក​ម្ទេ​ទ​ចោល ហើយ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​។ ទៀតសោត ជួយ​សហការ​ផ្តល់ព័ត៌មាន​ជាបន្ទាន់​ករណី​បើ​ប្រទះឃើញ​មាន​លក់​នៅតាម​ហាង​ណាមួយ​។

​ដោយឡែក អ្នកស្រី ទិ​ត្យ សាខុន ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ​វិញ បង្ហាញ​ការ​សាទរ​ចំពោះ​វិធានការ ស្វែងរក​ទំនិញ​ផលិតផល​ដែល​ខូចគុណភាព​លក់​នៅលើ​ទីផ្សារ ខណៈ​ពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចំណីអាហារ​។​ករណី​បើ​មន្ត្រី​កាំកុងត្រូល​រកឃើញ​ទំនិញ​ដែលនាំឱ្យ​ប៉ះពាល់​សុខភាព​ណាមួយ ស្នើ​សុំឱ្យ​អាជ្ញាធរ​រឹបអូស​កម្ទេចចោល​តែម្តង​។​

​អ្នកស្រី​រ៉ុង​នាង​ម្ចាស់​អាជីវករ​លក់ទំនិញ​ដុំ​និង​រាយ​បានលើកឡើង​ថា​គាត់​មិនដែល​តាំង​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ​ដែល​មន្ត្រី​កាំកុងត្រូល​បង្ហាញ​ទេ​គឺ​លក់​តែ​ម្សៅ​ទឹកដោះគោ​ណា​ដែលមាន​ការ​វេច​ខ្ចប់​តាម​ស្តង់ដារ និង​មាន​កាល​បរិ​ច្ឆ​ទ​កំណត់​ត្រឹមត្រូវ​។ នៅពេល​អាជ្ញាធរ​ចុះមក​ពិនិត្យ និង​អប់រំ​ណែនាំ​យ៉ាង​ដូច្នេះ ជា​ចំណុច​ល្អ​មួយ សម្រាប់​ពួកគាត់​ដែលជា​អាជីវករ​លក់ដូរ ជៀសវាង​ទិញ​លក់ទំនិញ​ណា​ដែល​បង្ក​គ្រោះ​ដល់​អ្នកប្រើប្រាស់​។​

​គួរ​កត់សម្គាល់ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ណា​ណិ​ជ្ជ​កម្ម កាលពី​ថ្ងៃទី​២៩ សីហា ថ្មីៗ​នេះ បានប្រកាសថា ម្សៅ​ទឹកដោះគោ​ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែលមាន​ប្រភពដើម​នៅ​ប្រទេស​ម៉ាឡេស៊ី និង​នាំចូល​ដោយ​ក្រុមហ៊ុន Danone Dumex មាន​ផ្ទុក​បាក់តេរី Cronobacter sakazakii ដែល​រកឃើញ​ដោយ​បសុពេទ្យ​ប្រទេស​សិង្ហ​បុរី​។ បាក់តេរី​នេះ បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ពោះវៀនធំ​-​តូច រលាក​ស្រោម​ខួរក្បាល​ជាដើម ដែល​អាច​ឲ្យ​មាន​គ្រោះ​ថា្នក់​ដល់​ជីវិត​ទារក​ទៀតផង​៕S/

មន្ត្រី​កាំកុងត្រូល​ចុះ​តាម​ហាង​ទំនិញ​ស្វែងរក​ម្សៅ​ទឹកដោះគោ​ខូចគុណភាព​