មន្ត្រី​កាំកុងត្រូល រកឃើញ​ស្ថានីយ​ប្រេង​ចំនួន​១១​ទីតាំង លក់​មិន​គ្រប់​លីត្រ​

1026
ចែករម្លែក
  • 41
    Shares

ដោយ​: ចាន់ ថន / ព្រៃវែង​: ដើម្បី​ធានាបាន​នូវ​បរិមាណ​ចំនួន​និង​គុណភាព​នៃ​ប្រេងសាំង​ល្អ សម្រាប់​អ្នកប្រើប្រាស់​ក្នុង​ខេត្តព្រៃវែង​។ មន្ត្រី​ជំនាញ​កាំកុងត្រូល សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១៩​ទីតាំង នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាមរ​ក៌ ដោយ​ប្រើ​រយៈពេល​២​ថ្ងៃ គឺ​កាលពី​ថ្ងៃទី​២០ និង​២១​សីហា​កន្លងទៅនេះ​។​

​លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង ដែល​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ បាន​ឲ្យ​ដឹងថា សកម្ម​ភាពចុះ​ត្រួតពិនិត្យ​រយៈពេល​២​ថ្ងៃ នៅលើ​ស្ថានីយប្រេងឥន្ធនៈ​ទាំង​១៩​ទីតាំង​នោះ ជា​លទ្ធផល​បាន​រកឃើញ ស្ថានីយ៍​ចំនួន​៦ បាន​លក់​ត្រឹមត្រូវ​ទាំង​គុណភាព​និង​បរិមាណ​។ ក្នុងនោះ​ក៏​ស្ថានីយ​ចំនួន​៥​លក់​ប្រេងសាំង​មិន​គ្រប់​លីត្រ និង​៦​ស្ថានីយ​ទៀត លក់​មិន​គ្រប់​លីត្រ​ហើយ ថែមទាំង​បន្លំ​យក​សាំង​ធម្មតា ដាក់លក់​ជា​សាំង​ស៊ុប​ពែ​ថែម​ទៀតផង​។​

​ចំណែក​ស្ថានីយ​២​កន្លែង​ទៀត មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទេ ក្នុងនោះ​ស្ថានីយប្រេងឥន្ធនៈ​យីហោ ឈន់ គង់ ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ម្ចាស់​ស្ថានីយ​បាន​បដិសេធ​មិន​ឲ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​តែម្តង​។
​និង​ស្ថានីយប្រេងឥន្ធនៈ​យីហោ ឃី សុខ​ជា នៅក្នុង​ស្រុក​ពាមរ​ក៌ ពេល​ឃើញ​មន្ត្រី​ជំនាញ​ចុះទៅ​ដល់ បាន​លួច​ទៅ​បិទ​ភ្លើង​ហើយ​ឆ្លើយថា​ភ្លើង​ដាច់ ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​មិនអាច​ពិនិត្យ​បាន ទើប​មន្ត្រី​ជំនាញ​ដាក់​ការសង្ស័យថា ស្ថានីយ​ទាំង​២​នេះ លក់​ប្រេង​មិន​គ្រប់​លីត្រ ឬ​មាន​ការលក់​បន្លំ​គុណភាព​ប្រេងសាំង ទើប​មិន​ព្រម​ឲ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​។​

​លោក អ៊ុត សុភាព បាន​បញ្ជាក់ថា ចំពោះ​ស្ថានីយ​ដែល​លក់​ប្រេងសាំង​មិន​គ្រប់​លីត្រ និង​ក្លែងបន្លំ​គុណភាព​សាំង ពី​សាំង​ធម្មតា​ដាក់លក់​ជា​សាំង​ស៊ុប​ពែ លោក​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​កែប្រែ បើ​លើក​ក្រោយ​ពិនិត្យឃើញ​មិន​កែប្រែ លោក​និង​ចាត់វិធានការ​ព្រមាន​តា​ម​ផ្លូវច្បាប់​។ ចំណែក​ស្ថានីយ​២​ដែល​មិន​សហការ ក៏ត្រូវ​ចាប់បង្ខំ​ឲ្យ​ចុះកិច្ចសន្យា​ដែរ បើ​លើក​ក្រោយ​នៅតែ​មិន​សហការ មន្ត្រី​ជំនាញ​និង​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ព្រមទាំង​សុំ​គោលការណ៍​បិទ​អាជីវកម្ម​ស្ថានីយ​នោះ​តែម្តង​៕