ដោយ: គូលែន / សៀមរាប: មន្ត្រីរាជការស៊ីវិលនៃក្រសួងមហាផ្ទៃចំនួន៤៨នាក់ក្នុងនោះស្រីចំនួន១៤នាក់ ដែលប្រឡងជាប់ក្នុងឆ្នាំ២០១៧ បានកំពុងបម្រើការងារនៅតាមអង្គភាពក្នុង ខេត្តសៀមរាប , កំពត , កែប , ឧត្តរមានជ័យ , ព្រះវិហារ និង ខេត្តកោះកុង បានទទួលការបណ្តុះបណ្តាលបឋមមួយ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងដោយនាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការអនុវត្តកំណែទម្រង់ និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺ ជាដំណើរការកំណែទម្រង់ដែលមានចរិតលក្ខណៈជានយោបាយផង និងរដ្ឋបាលផង ក្នុងនោះលើផ្នែកនយោបាយ គឺបានរៀបចំឲ្យមានរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជានីតិបុគ្គលដែលមានតំណាងជាក្រុមប្រឹក្សាកើតឡើងពីការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់ និងលើផ្នែករដ្ឋបាល គឺបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅតាមថ្នាក់នីមួយៗនៅថ្នាក់ក្រោមជាតិ ព្រមទាំងបានរៀបចំឲ្យរដ្ឋបាលនីមួយៗមានបុគ្គលិក មុខងារ និងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
លោកស្រី យូ សុភា បានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជានឹងផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ដល់ក្មួយៗ សម្រាប់ការចាប់ផ្តើមអាជីពជាមន្ត្រីរាជការនៅតាមរដ្ឋបាលសាមី ដើម្បីបម្រើសេចក្តីត្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានឱ្យកាន់តែឆាប់រហ័ស៕ ល