ចែករម្លែក
  • 14
    Shares

ដោយ:ពៅ និមល​/​ភ្នំពេញ ៖ ក្នុងការ​ទប់ស្កាត់​ជំងឺប៉េស្ត​កើតឡើង​ណាមួយ​របស់​សត្វ​ជ្រូក​នៅ​កម្ពុជា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​បទបញ្ជា​ដល់​មន្ត្រីក្រោមឱវាទ ជាពិសេស​មន្ត្រី​តាម​ច្រកព្រំដែន​ទាំងអស់​ថា ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​មុននឹង​សម្រេច​បើក​ឲ្យ​មានការ​នាំចូល​។​
​ ​

នៅក្រោយ​សិក្ខាសាលា ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា ជុំវិញ​បញ្ហា​នេះ​ទោះបី​ជាការ​នាំចូល​សត្វ​ជ្រូក​មួយ​ក្បាល ពីរ​ក្បាល ឬ​ដឹក​តាម​ម៉ូតូ​ក៏ ដោយ​គឺ​ត្រូវ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​។ ក្នុងករណី​ប្រសិនបើ​មន្ត្រី​ណាមួយ​មិន​ចូលរួម​អនុវត្តតាម​ការណែនាំ ក្រសួង​ក៏មាន​វិន័យ​តឹងតែង​ដែរ​ទៅដល់​មន្ត្រី លើក​ទី​១.​គឺ​ការព្រមាន ហើយ​លើក​ទី​២​ប្រឈម​នឹងធ្វើ​ការផ្លាស់ប្តូរ​មន្ត្រី​ទៅកាន់​កន្លែង​ផ្សេង​។​
​ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មកដល់​ប្រទេស​វៀតណាម​ដែលជា​ប្រទេសជិតខាង​នៃ​ប្រទេស​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្រសួង​ក៏បាន​ដាក់​ចេញ​ឲ្យ​បិទ​ការ​នាំចូល​ជ្រូក​ពី​វៀតណាម និង​ផលិត​សាច់ក្រក​ទាំងស្រុង​ចូលមក​កម្ពុជា ជាពិសេស​នឹង​ចាត់វិធានការ​លើ​មន្ត្រី​រូប​ណា ដែលមាន​ការធ្វេសប្រហែស រឺ​មានការ​ឃុបឃិត​ឲ្យ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។

លោក​បន្តទៀតថា ការបិទ​ការនាំ​ចូល​ជ្រូក​ពី​វៀតណាម​មក​កម្ពុជា​នេះ ក៏​មិន​បង្ក​ផល​ប៉ះពាល់​ដល់​តម្រូវកា​រសាច់​ជ្រូក​នៅ​កម្ពុជា​ដែរ ក្រោម​ហេតុផល​ថា កម្ពុជា​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​បាន​រហូតដល់​ជាង​៨០​ភាគរយ និង​នាំចូល​មួយចំនួន​ពី​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ​ច្បាស់លាស់​ និង​មាន​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ពី​សុខភាព​សត្វ​ត្រឹមត្រូវ​មុន​ការ​នាំចូល​។​
​ ​

តាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​សត្វ​ពិភពលោក​បាន​បាន​ឲ្យ​ដឹងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជម្ងឺ​ដែល​ធ្វើអោយ​សត្វ​ជ្រូក​ស្លាប់​ជាច្រើន ស្រប​ពេលដែល​ជម្ងឺ​នេះ​ពុំទាន់​រកឃើញ​ថ្នាំ​វ៉ាក់សាំង​ការពារ​នៅឡើយ​។ ជំងឺ​នេះ​អាច​ឆ្លងទៅ​ជ្រូក​ដទៃ​តាម​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ជ្រូក​មាន​ជម្ងឺ ហើយ​វា​ក៏មាន​លទ្ធភាព​ចម្លង​ជម្ងឺ​ដោយ​ប្រយោល តាម​កាកសំណល់ ចំណីអាហារ​ជាដើម​។​

សូម​រម្លឹកថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះឡើង​លើកដំបូង​ក្នុង​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៨ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​បាននិងកំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង​និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​៕B/