មន្ត្រី​ក្រសួងទេសចរណ៍​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO)

172
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​មន្ត្រី​ក្រសួង​ទេស ចរណ៍​ដឹកនាំ​ដោយ​លោក ​ហោ មុន្នីរ​ត្ន័​ រដ្ឋលេខាធិការ​ក្រសួង​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ទេសចរណ៍​និង​ចីរភាព (Committee of Tourism and Sustainability) និង​គណៈកម្មការ​ទេស​ចរណ៍ និង​ភាព​ប្រកួតប្រជែង (Committee of Tourism and Competition) នៃ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) នាឱកាស​មហា​សិ​ន្និបាទ​លើក​ទី​២៣ នៃ​អង្គការ​UNWTO នៅ​ទីក្រុង​Saint Petesburg ប្រទេស​រុស្សី​។

​តាម​សេចក្តីជូនដំណឹង​ពី​កិច្ចប្រជុំ​បានឲ្យដឹងថា​ ​គណៈកម្មការ​ទាំងពីរ​នេះ​បាន​​ពិភាក្សា និង​សម្រេច​លើ​ចំណុច​មួយចំនួន​ដើម្បី​ផ្ដល់​ជា​អនុសាសន៍​ដល់​ប្រទេស​នានា​ក្នុង​ពិភពលោក​សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ​របស់ខ្លួន​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន ដូចខាងក្រោម​៖

• ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ទាមទារ​ឲ្យ​ប​ន្ស៉ី​គ្នា​រាល់​ផែនការអភិវឌ្ឍន៍​នានា​
• ត្រូវ​ពង្រឹង​តួនាទី​របស់​វិស័យ​ទេសចរណ៍​ក្នុងការ​ចូលរួម​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកប​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ទាំង​១៧
• ត្រូវមាន​គោលនយោបាយ​លើ​ការប្រើប្រាស់ និង​ផលិត​សម្រាប់​វិស័យ​ទេសចរណ៍​
• ការអភិវឌ្ឍន៍​ទេសចរណ៍​ដោយ​ចីរភាព​ត្រូវ​ផ្តោតលើ​ការអភិវឌ្ឍន៍​ផលិតផល (Product) ការគិតគូរ​ធនធាន​មនុស្ស​(People) និង​ការរៀបចំ​គោលនយោបាយ (Policies) ។​
• អង្គការ​ទេសចរណ៍​ពិភពលោក​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​មាន​យន្តការ​តាមដាន​ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ដោយ​ប្រើប្រាស់​សូចនាករ ឬ​រង្វាស់​សមស្រប​។​

• UNWTO លើកទឹកចិត្ត​ឲ្យ​ប្រទេស​ជា​សមាជិក​ចូលរួម​ជា​សមាជិក​នៃ​បណ្ដាញ​អង្គភាព​ទទួលបន្ទុក​តា​ម​ដាន​ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព (International Network of Sustainable Tourism: INSTO ) (​ក្រសួងទេសចរណ៍​កម្ពុជា នឹង​សហការ​ជាមួយ UNWTO រៀបចំ​កិច្ចប្រជុំ INSTO នៅ​ខែវិច្ឆិកា ២០១៩ នៅ​ខេត្តសៀមរាប​។
• UNWTO បានស្នើ​ឲ្យ​មាន​យន្តការ​គុណភាព តាម​សង្វាក់​ផ្គត់ផ្គង់​ទេសចរណ៍​។​
• UNWTO ស្នើ​ឲ្យ​មាន​គោលនយោបាយ​ទេសចរណ៍​ត្រូវ​ឆ្លើយតប​នឹង SDG ទាំង​១៧​។​
• នាពេលខាងមុខ UNWTO នឹងសិក្សា​ដក​ពិសោធន៍​ថា​តើ​ពិភពលោក​អាច​ព​ន្លឿ​ន​ការដោះស្រាយ​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​តាមរយៈ​វិស័យ​ទេសចរណ៍​បាន​យ៉ាងណាខ្លះ​?​។​
• តាម​ការពិភាក្សា វិស័យ​ទេសចរណ៍​តាមរយៈ​ការធ្វើដំណើរ​ទេសចរ​ជាតិ និង​អន្តរជាតិ (​តាម​រថយន្ត​ផ្ទាល់ខ្លួន រថយន្តក្រុង រថភ្លើង និង​យន្តហោះ​) នឹង​បញ្ចេញ​ឧស្ម័ន​ការ​បូ​ន​ឌីអុកស៊ីត (CO2)​ស្មើនឹង​៥,៣% នៅ​ឆ្នាំ​២០៣០​។ (​ឆ្នាំ​២០១៦ មានតែ​៥%)​។​

លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ទៀតថា​ បន្ទាប់ពី​ចូលរួម​ប្រជុំ​គណៈកម្មការ រួចមក គណៈប្រតិភូ​យើង​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Xu Jing នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​UNWTO អំពី​ការរៀបចំ​ការងារ​សហ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ខាងមុខ​។​

​គណៈប្រតិភូ​ក៏បាន​ចូលរួម​វេទិកា​ជាន់ខ្ពស់​ស្ដីពី​ទេសចរណ៍​សុខភាព និង​ព្យាបាល​ជំងឺ (Medical and Health Tourism ) ដោយ UNWTO បាន​ណែនាំ​ឲ្យ​ប្រទេស​ជា​សមាជិក​ត្រូវ​រៀបចំ​ទទួល​ទេសចរ​នេះ ដែលមាន​ការកើនឡើង​យ៉ាងខ្លាំង​នាពេល​កន្លងមក និង​ទៅ​ថ្ងៃ​អនាគត ដោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​កំណើន​ជា​មធ្យម​ប្រមាណ ២៥% ក្នុង​មួយឆ្នាំ​៕B/