ដោយ: គូលែន / សៀមរាប: មន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការផ្សព្វផ្សាយនិងអប់រំអំពីបញ្ហាបរិស្ថានដល់សិស្សានុសិស្ស គឺជារឿងសំខាន់មួយដែលផ្ដល់ចំណេះដឹងផ្នែកគាំពារបរិស្ថាន រក្សាជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព សម្រាប់ថ្ងៃអនាគត។ លោក ខ្វៃ អាទិត្យា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសបើកសិក្ខាលាសាស្តីពី ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព នៅវិទ្យាល័យអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយនិងអប់រំអំពីបញ្ហាបរិស្ថានដល់សិស្សានុសិស្សនាពេលនេះ គឺជារឿងចាំបាច់ និង មានសារៈប្រយោជន៍សំខាន់ខ្លាំងណាស់ ដែលផ្ដល់ចំណេះដឹងដល់ពួកគេ ផ្នែកគាំពារបរិស្ថាន រក្សាជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព ហើយជួយផ្សព្វផ្សាយបន្ត និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននាបច្ចុប្បន្ន និង ពួកគេជាអ្នកមានសមត្ថភាពខ្ពស់ផ្នែកបរិស្ថានសម្រាប់ថ្ងៃអនាគត។
លោក ខ្វៃ អាទិត្យា មានប្រសាសន៍ទៀតថា ក្នុងសិក្ខាសាលានេះ ក៏បានធ្វើបទបង្ហាញលើការគ្រប់គ្រងសំណល់ប្លាស្ទិក ឲ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សន:ទាន ការអភិវឌ្ឍន៍ដោយចីរភាព និង ឆ្លើយតបទៅនឹងការជំរុញឲ្យមានការចូលរួមការកាត់បន្ថយសំណល់ប្លាស្ទិក ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់បរិស្ថាន និងជំរុញដល់មហាជនទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាបំបាត់ការបំពុលដោយប្លាស្ទិក ដើម្បីសុខភាពយើងនិងភពផែនដី។
លោក ខ្វៃ អាទិត្យា បានសំណូមពរដល់សិស្សានុសិស្សទាំងអស់ ចូលរួមកាត់បន្ថយប្លាស្ទិក ជាពិសេសកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ជាពិសេស កុំដុតថង់ប្លាស្ទីក ដែលធ្វើឲ្យប៉ះពាល់ស្រទាប់អូស្សូន បំពុលបរិយាកាស និងសុខភាព។
សូមបញ្ជាក់ថា បន្ទាប់ពីការធ្វើបទបង្ហាញបញ្ជ្រាបពីចំណេះដឹងពីវិស័យបរិស្ថានហើយ កម្មវិធីក៏មានវេទិកាសំណួរ និងចម្លើយ និងចែករង្វាន់ថង់បរិស្ថាន និងសម្ភារសិក្សាដល់សិស្សានុសិស្ស ដើម្បីពង្រឹងចំណេះដឹងវិស័យបរិស្ថាន និង ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មថែមទៀត ពីយុវជន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាពឲ្យកាន់តែល្អប្រសើរ៕ ល