មន្ត្រី​ក្រសួងសុខាភិបាល​សុំឱ្យ​គ្រូពេទ្យ​ខេត្តព្រះវិហារ​លុបបំបាត់​អ្នក​ព្យាបាល​ជំងឺ​មិនមែនជា​គ្រូពេទ្យ​

467
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​បាន​ជំរុញ​ឱ្យ​គណៈ​គ្រូពេទ្យ​ខេត្តព្រះវិហារ​ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​លុបបំបាត់​ឱ្យ​អស់អ្នក​ព្យាបាល​ជំងឺ​ដែល​មិនមែនជា​គ្រូពេទ្យ​។​

​លោក​ធា​គ្រុយ​បាន​ថ្លែង​បែបនេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​ក្នុងឱកាស​ដែល​លោក​សាស្ត្រ​ចា​រ្យ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​២​នៅ​ខេត្តព្រះវិហារ​។​ក្នុងនោះ​មានការ​ចូលរួម​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​លោក​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក​ប្រធាន​គណៈ​គ្រូពេទ្យ​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក​១៦​មករា​និង​គ្រូពេទ្យ​ជាច្រើនរូប​ទៀត​។​

​លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​បាន​ថ្លែងថា​គណៈ​គ្រូពេទ្យ​មាន​តួនាទី​ច្បាស់លាស់​គឺ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​ហើយ​និង​ការប្រកប​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ដោយ​ធានាថា​អ្នក​ដែល​កំពុង​មើលជំងឺ​ជាការ​ងារ​ព្យាបាល​គឺ​សុទ្ធតែជា​គ្រូពេទ្យ​។​ទន្ទឹម​និង​នោះ​ត្រូវ​លុបបំបាត់​ឱ្យអស់​អ្នក​ដែល​ព្យាបាល​ជំងឺ​មិនមែនជា​គ្រូពេទ្យ​។​

លោក​សាស្ត្រាចារ្យ​បាន​គូស​បញ្ជាក់ទៀតថា​តើ​ធ្វើ​ដូចម្តេច​ទើប​ដឹងថា​អ្នក​ដែល​ព្យាបាល​ជំងឺ​ជា​គ្រូពេទ្យ​?​លោ​កថា​ដើម្បី​ធានាថា​អ្នក​ទាំងអស់​ដែល​ព្យាបាល​ជំងឺ​ជា​គ្រូពេទ្យ​គឺមាន​សញ្ញាបត្រ​ចេញពី​សាលា​ពេទ្យ​និង​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​។​ជាមួយគ្នា​នោះ​លោ​កថា​ចំពោះ​អ្នក​ដែលមាន​ទោសឧក្រិដ្ឋ គឺ​មិន​ឱ្យធ្វើ​ពេទ្យ​ទេ ព្រោះ​បាត់បង់​សេចក្តីថ្លៃថ្នូរ នៃ​ការប្រកប​វិជ្ជាជីវៈ​មួយ​នេះ​។

​មិនអាច​ឱ្យ​អ្នកមាន​ទោសឧក្រិដ្ឋ​ម្នាក់​មើលជំងឺ​បានទេ​ព្រោះ​ការមើល​ជំងឺ​គឺ​ទាមទា​ច្រើនណាស់​រួមមាន​សមត្ថភាព​វិជ្ជាជីវៈ​ជាដើម​។​ជាមួយគ្នា​នោះ រដ្ឋលេខាធិការ បាន​បន្តថា អ្នក​ប្រកប​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ឬ​អ្នក​ព្យាបាល​ជំងឺ​ដែល​អត់​ចុះបញ្ជី​ការ​ជាមួយ​គណៈ​គ្រូពេទ្យ​និង​ទាំង​អត់​មាន​អាជ្ញា​បណ្ណ​ពី​គណៈ​គ្រូពេទ្យ​អាចជា​បុគ្គល​គ្មាន​សញ្ញាបត្រ​ឬ​ជំនាញ​ពេទ្យ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អតិថិជន​,​អាចជា​ពេទ្យ​មាន​សញ្ញាបត្រ​ត្រឹមត្រូវ តែ​មិនមាន​សមត្ថភាព និង​កាយសម្បទា​មាំទាំ​។​

​លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​បាន​បន្តថា​គ្រូពេទ្យ​មាន​សញ្ញាបត្រ​ត្រឹម​ត្រូវមាន​កាយសម្បទា​ត្រឹម​ត្រូវតែ​ខ្ជីខ្ជា​មិនបាន​ចុះបញ្ជី​ការ​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ផ្តល់​ដោយ​គណៈ​គ្រូពេទ្យ​សួរថា​អាច​ប្រកប​វិជ្ជាជីវៈ​បានដែរ ឬទេ​? លោក​សង្កត់ធ្ងន់ថា​ទោះ ក្នុង​ប្រភេទ​ណាមួយ​ក៏ដោយ អ្នក​ព្យាបាល​ជំងឺ​ទាំងឡាយ ដែល​មិនមាន​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​ផ្តល់​ដោយ​គណៈ​គ្រូពេទ្យ​អាច​ប្រឈម​និង​ទោសទណ្ឌ​ជា​ទោស​ព្រហ្មទណ្ឌ​។​

​លោក​ក៏បាន​ណែនាំ​ឱ្យ​គណៈ​គ្រូពេទ្យ​ខេត្តព្រះវិហារ​ត្រូវ​កាត់បន្ថយ​អាត្រា​ហួស​សុពលភាព​អាជ្ញា​បណ្ណ​នៅក្នុង​ខេត្ត​ឱ្យនៅ​ចំនួន​តិច​បំផុត​និង​ជំរុញ​ឱ្យ​គណៈ​គ្រូពេទ្យ​ខេត្ត​ត្រូវធ្វើ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ យ៉ាងហោចណាស់​ឱ្យបាន​មួយឆ្នាំ​២​ដង​៕S/​