មន្ត្រី​ក្រសួង​សង្គមកិច្ច​ស្នើ​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​ជ្រើសរើស​ជនពិការ​បម្រើកា​រងារ​

713
ចែករម្លែក
  • 337
    Shares

​ដោយៈ មេសា​/ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ លោក យៀប ម៉ាលី​ណូ បានស្នើ​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ និង វិស័យ​ឯកជន បន្ត រួមគ្នា​អនុវត្ត​កាតព្វកិច្ច​ក្នុងការ​ជ្រើសរើស​ជនពិកា​រ​បម្រើ​ការងារ​ក្នុង​អង្គភាព​ខ្លួន​ថា  ក្នុង​ឆ្នាំ​២០១៩​ខាងមុខ ក្រសួង​សង្គមកិច្ច នឹង​ចេញ​សេចក្តីជូនដំណឹង​លើ​ការជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ​ដល់​អង្គភាព​ជាប់​កាតព្វកិច្ច​ទាំងអស់ មក​ចុះ​បញ្ជិកា​ជាមួយនឹង​ក្រសួង​សង្គមកិច្ច ដើម្បី​ឲ្យ​ក្រសួង​ជួយ​សម្របសម្រួល លើ​ការងារ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ជាពិសេស​ស្តីពី​ការកំណត់​អត្រា និង បែបបទ​ជ្រើសរើស​ចូល​បម្រើ​ការងារ  ។

លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ

​លោក យៀប ម៉ាលី​ណូ ថ្លែង​យ៉ាង​ដូច្នេះ នាឱកាស​បិទ​សិក្ខាសាលា បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង ទិសដៅ​ការងារ​ឆ្នាំ ២០១៩ របស់​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ដែល​រៀបចំ​នៅឯ​ខេត្តសៀមរាប នា​រសៀល ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨​។​

​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ​បានកំណត់​ថា ក្រសួង​ស្ថាប័នរដ្ឋ ត្រូវ​ជ្រើសរើស​ជនពិការ ២ ភាគរយ ចំណែក​ស្ថាប័នឯកជន ត្រូវ​ជ្រើសរើស​ជនពិការ ១ ភាគរយ​ចូ​ម​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​របស់ខ្លួន ពុំ​នោះទេ ត្រូវ​បង់ប្រាក់​ចូល​មូលនិធិ​ជនពិការ​ជា​ជំនួស​ក៏បាន ។


​របាយការណ៍​របស់លោក សែម សុខ​បញ្ញា ប្រធាន​រដ្ឋបាល​សិទ្ធិ​ជនពិការ បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០១៨ ក្រសួង​ស្ថាប័នរដ្ឋ ចំនួន ៤០ បានជ្រើសរើសជនពិការ​ចូមបម្រើ​ការងារ​ចំនួន ៤.៤៧១​នាក់ ស្មើនឹង ១,៩៣ ភាគរយ ពោលគឺ​ជិត​គ្រប់​តាម​ការកំណត់​របស់​ច្បាប់​ហើយ ។ ចំណែក វិស័យ​ឯកជន ដូចជា ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង រោងចក្រ ចំនួន ៧៧ អង្គភាព ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត កណ្តាល និង ខេត្ត សៀមរាប  បានជ្រើសរើស​ជនពិកា​រ​ចូល​បម្រើ​ការងារ ចំនួន ៣.៤៧៥ នាក់ ដែល​បានសេចក្តីថា ការបំពេញ​កាតព្វកិច្ច​របស់​វិស័យ​ឯកជន ក្នុងការជ្រើសរើសជនពិការចូលបម្រើការងារ​នៅ​ខ្វះ​ច្រើន​នៅឡើយ ៕ Kh