មន្ត្រី​ក្រសួង​សាធារណការ ប្រាប់​ឱ្យ​ពលរដ្ឋ និង​មន្ត្រីរាជការ ជួយផ្តល់​ព័ត៌មាន​ពី​បញ្ហា​ផ្លូវ​ជង្ហុក​សំបុកមាន់​

301
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: មន្ត្រី​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បាន​ជំរុញ និង​ពន្យល់​បង្ហាញ​អោយ​មន្ត្រី​រាជា​ការ និង​ពលរដ្ឋ​ទូទៅ ចេះ​ប្រើបាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​រាយការណ៍​ព័ត៌មាន​ទាន់​ហេតុការណ៍​អំពី​បញ្ហា​ផ្លូវ​មាន​ជង្ហុក​សំបុកមាន់​ដែល​កំពុង​កើតមាន​នៅក្នុង​មូលដ្ឋាន​រស់នៅ​។​

​លោក យិន សិរី​វុ​ធ តំណាង​អគ្គ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បាន​ចាត់ទុកថា ការតភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទូទៅ មកកាន់​ក្រុមការងារ​ជំនាញការ​ក្រសួង​លើ​កិច្ចការងារ​ផ្តល់ព័ត៌មាន​ផ្លូវ​ខូច ជា​រឿង​សំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​ការយកចិត្ត​ទុក​ខ្ពស់ សម្រាប់​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ ការគ្រោះថ្នាក់​ចរាចរណ៍ និង​ក្រុមការងារ​បច្ចេកទេស​ចុះ​ជួសជុល​ទាន់ពេលវេលា​។​

​តំណាង​អគ្គ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ ក៏បាន​សង្កត់ធ្ងន់​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ២០១៩ ក្នុង​យុទ្ធនាការ បណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវ​ដល់​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង​ទៀតថា ប្រសិនបើ​ការជួសជុល​ផ្លូវ​សំបុកមាន់​ពុំទាន់​ពេលវេលា​ទេ វា​នឹង​ងាយ​បង្ក​ផ្លូវថ្នល់​ដែល​ខូច​តិចតួច​ឈានទៅរក​ការ​ខូច​បាក់ស្រុត​ទាំងស្រុង ដែលនាំអោយ​ចំណាយ​ថវិកាជាតិ​ច្រើន និង​លំបាក​ស្តារ​ផ្លូវ​ឡើងវិញ​។​

​គួរ​កត់សម្គាល់ថា គ្រប់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ សុទ្ធតែ​អាច​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍​ភ្លាមៗ​ពី​ករណី​ឃើញ​មាន​ផ្លូវ​និង​ប្រព័ន្ធ​ប្រឡាយ​លូ​ខូចខាត​ត្រង់​ទីតាំង​ណាមួយ​បាន ដោយ​គ្រាន់តែ​តម្លើង​កម្មវិធី​ថែទាំ​ផ្លូវ​ឈ្មោះ ROAD CARE Mobil app នៅលើ​ទូរស័ព្ទដៃ​លោកអ្នក​។​

​សម្រាប់​លោកស្រី ម៉ក់ ទន់ ប្រធានស្តីទី​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង អះអាងថា ការបណ្តុះបណ្តាល និង​វិធីសាស្ត្រ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវថ្នល់​តាមរយៈ​ពេល​ទូរស័ព្ទ​នេះ ពិត​ជាមាន​សារៈប្រយោជន៍​យ៉ាងខ្លាំង​ដល់​អ្នក​ទាំងពីរ មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទូទៅ​។ ហើយ​លោកស្រី និង​មន្ត្រីក្រោមឱវាទ នឹង​យក​ចំណេះដឹង​ជំនាញ​នេះ​ទៅ​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ការជួសជុល​ផ្លូវថ្នល់ បម្រើ​ប្រយោជន៍​សាធារណជន​។​

​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលរង​ស្រុក​មណ្ឌលសីមា ឱ្យដឹងថា ជាក់ស្តែង កន្លងទៅ រូបលោក ធ្លាប់តែ​ផ្តល់ព័ត៌មាន​តាមតែ​របា​យ​ការណ៍ និង​ទូរស័ព្ទ​ផ្ទាល់​ទៅ​អង្គភាព មន្ទីរជំនាញ ដើម្បី​ចុះមក​ជួសជុល​ផ្លូវ​ដែល​កំពុង​ខូចខាត​ក្នុង​សហគម៍​រស់នៅ​តែប៉ុណ្ណោះ​។ គាប់​ជួន​ពេលខ្លះ​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស និង​ខ្លះទៀត​ពុំមាន​ប្រសិទ្ធភាព​ឡើយ​ចំពោះ​សកម្មភាព​ជួសជុល​កែលម្អ​ដែល​ធ្វើឱ្យ​ផ្លូវ​កាន់តែ​ខូច​ខ្លាំង​ឡើង​។​

​បើតាម​លោក​អភិបាលរង​ស្រុក​មណ្ឌលសីមា លោក​នឹង​ផ្សព្វផ្សាយ​បន្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ប្រជាពលរដ្ឋ​របស់ខ្លួន​បានដឹង និង​ចេះ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវថ្នល់​អោយ​ទូលំទូលាយ និង​ហ៊ាន​រាយការណ៍​ព័ត៌មាន​ផ្លូវ​ខូច​នានា​ដែល​ពួកគេ​ជួបប្រទះ​។​

​ក្នុង​១​ឆ្នាំៗ រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​រាប់លាន​ដុល្លារ​ឯណោះ ដើម្បី​កែសម្រួល​ជួសជុល​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ជា​ជង្ហុក​សំបុកមាន់​នៅតាម​បណ្តា​រាជធានី​/​ខេត្ត​/​ក្រុង សម្រាប់ធ្វើ​ដំណើរ​ទៅមក​ប្រកបដោយ​សុវត្ថិភាព​។ ហើយ​សកម្មភាព​ជួសជុល​តែមួយ​មុខ​គត់​របស់​ក្រុម​ជំនាញការ មិន​អាចមាន​ប្រសិទ្ធិភាព​ទេ​ក្នុងការ​ធានាបាន​នូវ​ការថែទាំ​យូរអង្វែង លុះត្រាតែ​មានការ​ចូលរួម​ភាគី​ពាក់ព័ន្ធ​៕ ល​