មន្ត្រី​គយ​កែវផុស​និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​បាន​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤

1090
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រី​គយ​ម្នាក់​ស្លាប់​និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​ស្លាប់​តាម​ក្រោយ បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​នៅ​ស្រុក​ព្រៃនប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១:២០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​ម្នាក់​បាន​ខ្សិ​ប​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង រថយន្ត ០១​គ្រឿង​ម៉ាក TOYOTA បា​ឡែ​ន ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2T-2534 បើកបរ​ដោយ​ឈ្មោះ ឆេង សុខ​នី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ជា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ញ៉ោ​ម នៅ ភេទ ប្រុស អាយុ ៣៨​ឆ្នាំ ជា​មន្ត្រី​គយ​នៅ កំពង់ផែ​ឃុំ កែវផុស (​ផែ​ទំនិញ​ឩ​ក​ញ៉ា​ម៉ុង​ឬ​ទ្ធី​) មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​នឹង​រថយន្ត​ធុន​ធំ ០១​គ្រឿង​ពណ៌ បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ​3D-2056 សណ្តោង​រុ​ឺ​ម៉ក មាន​ទិសដៅ​ផ្ទុយគ្នា​។

​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ ឈ្មោះ ឆេង សុខ​នី រងរបួស ធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ឈ្មោះ ញ៉ោ​ម នៅ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ធុន​ធំ​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។ រីឯ​វត្ថុតាង​រថយន្ត​ចំនួន ០២​គ្រឿង ខូចខាត​ធ្ងន់ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ស្ទូច​យក​ចេញពី​កន្លែងកើតហេតុ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕ ល​