មន្ត្រី​ចិន​និយាយថា ការចរចា​មិនអាច​ធ្វើ​បានទេ ខណៈ “​អាមេរិក​កំពុងកាន់​កាំបិត​ភ្ជង់​ក​ចិន​”

620
ចែករម្លែក

​ចិន​មិន​អាចធ្វើ​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្តីពី​ការបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​របស់ខ្លួន​បានទេ​ខណៈ​សហរដ្ឋអាមេរិក “​កំពុងកាន់​កាំបិត​ភ្ជង់​” ក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោយ​ដាក់ចេញ​នូវ​ការដំឡើង​ពន្ធ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​ចិន​ម្នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កញ្ញា​។​

​ការព្រមាន​នេះ​បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​ចោទប្រកាន់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ថា​បាន​សម្លុត​កំហែង​ប្រទេស​ដទៃ​។ វា​បាន​បំផ្លាញ​ក្តីសង្ឃឹម​សម្រាប់​ការវិវត្ត​ទៅរក​ដំណោះស្រាយ​សង្គ្រាម​របស់​ពួកគេ​អំពី​គោលនយោបាយ​បច្ចេកវិជ្ជា​របស់​ប៉េកាំង​។​

​លោក​ត្រាំ​បាន​ជំរុញ​ទៅមុខ​កាលពី​ថ្ងៃ​ចន្ទ​នូវ​ការដំឡើង​ពន្ធ​លើ​ការនាំ​ចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។ ប៉េកាំង​បាន​សងសឹក​វិញ​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​តម្លៃ ៦០ ពាន់​លាន​ដុល្លារ​។​

​ជម្លោះ​នេះ​បានកើត​ចេញពី​ការតវ៉ា​របស់​អាមេរិក​ថា​ប៉េកាំង​បាន​លួច​ឬ​ដាក់​សម្ពាធ​ក្រុមហ៊ុន​បរទេស​ឱ្យ​ប្រគល់​បច្ចេកវិជ្ជា​។ មន្ត្រី​អាមេរិក​និយាយថា​ផែនការ​របស់​ចិន​សម្រាប់​ការអភិវឌ្ឍ​ដែល​ដឹកនាំ​ដោយ​រដ្ឋ​លើ​ដៃគូ​ប្រកួតប្រជែង​ទូទាំង​ពិភពលោក​ខាង​ផ្នែក​មនុស្ស​យន្ត​និង​បច្ចេកវិជ្ជា​ដទៃទៀត គឺ​រំលោភ​លើ​កាតព្វកិច្ច​បើកចំហ​ទីផ្សារ​របស់ខ្លួន និង​អាចធ្វើឱ្យ​អាមេរិក​បាត់បង់​ភាពជា​អ្នកដឹកនាំ​ខាង​ឧស្សាហកម្ម​។​

​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​លោក វ៉ាង ស៊ូ​វិ​ន បាន​និយាយថា ប៉េកាំង​បើកចំហ​សម្រាប់​ការចរចា ប៉ុន្តែ​ថា​តើ​ការចរចា​បន្ត​ដំណើរកា​រ​ទៅមុខ​ឬ​អត់​គឺ​អាស្រ័យ​លើ​វ៉ាស៊ីនតោន​។ លោក​វ៉ាង​បាន​ដឹកនាំ​គណៈប្រតិភូ​ចិន​ទៅកាន់​កិច្ចចរចា​ចុងក្រោយ​នៅ​វ៉ាស៊ីនតោន​កាលពី​ខែសីហា​ដែល​បានបញ្ចប់​ទៅដោយ​គ្មាន​វឌ្ឍនភាព​។​

​លោក​វ៉ាង​បាន​និយាយ​នៅ​សន្និសីទកាសែត​ថា “​ឥឡូវ​ដោយហេតុថា​សហរដ្ឋអាមេរិក​បានអនុម័ត​វិធានការ​រឹតត្បិត​បែបនេះហើយ​កាន់​កាំបិត​ភ្ជង់​ក​អ្នកដទៃ តើ​ការចរចា​អាច​បន្ត​ទៅមុខ​រួច​យ៉ាងដូចម្តេច​? វា​នឹង​មិនមែនជា​ការចរចា​ស្មើភាព​គ្នា​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

នាវា​ដឹក​កុងតឺន័រ​ធ្វើដំណើរ​កាត់​ទីក្រុង​ឈី​ង​តាវ​នៃ​ខេត្ត​សាន​ទុង​កាលពី​ថ្ងៃទី ២៣ កញ្ញា ២០១៨