មន្ត្រី​ចិន​នឹង​ទៅ​អាម៉េរិក​ត្រៀម​ចរចា​ពាណិជ្ជកម្ម​

147
ចែករម្លែក

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​និយាយថា​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន​នឹងធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​ដើម្បី​រៀបចំ​មូលដ្ឋានគ្រឹះ​សម្រាប់​កិច្ចចរចា​ពាណិជ្ជកម្ម​នៅ​ខែក្រោយ​។​

​សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ខាតបង់​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​ពួកគេ​បាន​បន្ធូរ​បន្ថយពន្ធ​មួយចំនួន​ចំពោះ​គ្នា​ទៅវិញទៅមក មុនពេល​ចរចា​នៅ​ខែតុលា​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​លោក លៀវ មីន នឹង​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ទៅធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​ពុធ​ដើម្បី “​ត្រួសត្រាយ​ផ្លូវ​” សម្រាប់​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​។​

​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក លីវ ហឺ បាន​ដើរតួ​ជា​អ្នកតំណាង​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង​ក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋមន្ត្រីក្រសួងរ​ត​នាគារ​អាម៉េរិក​លោក​ស្ទី​វិ​ន មេ​នូ​ជីន និង អ្នកតំណាង​ពាណិជ្ជកម្ម​អាម៉េរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ​។​

​កាលពី​សប្តាហ៍​មុន ចិន​បាន​និយាយថា ខ្លួន​នឹង​លើកលែង​ដល់​ផលិតផល​អាម៉េរិក​មួយចំនួន​រួមមាន​មុខទំនិញ​សំខាន់ៗ​ដូចជា​សណ្តែកសៀង​និង​សាច់ជ្រូក​ពី​ពន្ធ​បន្ថែម ខណៈ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​ពន្យារពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ​រយៈពេល ២ សប្តាហ៍ គឺ​រហូតដល់​ថ្ងៃទី ១៥ ខែតុលា​៕ ដោយ៖ កញ្ញាដាលីស

សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ខាតបង់​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ