មន្ត្រី​ចុះ​ផ្សព្វផ្សាយ​សុវត្ថិភាព​ម្ហូបអាហារ ស្រាប់​តែមាន​សិស្ស​ដួលសន្លប់​ជិត​២០​នាក់​ទៀត​

917
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលា​វិទ្យាល័យ​ថ្មគោល​ស្ថិតក្នុង ក្រុម​១១ ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​រៀបចំ​ការផ្សព្វផ្សាយ​ដល់​សិស្សសាលា​វិទ្យាល័យ​ថ្មគោល ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ និង​ការពារ​អ្នកប្រើប្រាស់​។​

​ចូលរួម​ក្នុងឱកាស​នោះ មាន​លោក ហ៊ីង ប៊ុន​ថា​ន់ អភិបាលរង​ស្រុក​ថ្មគោល លោក​វេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធាន​មន្ទីរ​សុខាភិបាល លោក​ហ៊ីង សុថា​រិ​ទ្ធ នាយក​សាលា​វិទ្យាល័យ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត អាជ្ញាធរ​ឃុំ និង​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ សិ​ករង​ស្រុក លោកគ្រូ អ្នកគ្រូ សរុប​១.១00​នាក់​ស្រី​៧៥0​នាក់​។​

​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​បញ្ជាក់ថា នៅពេល​ផ្សព្វផ្សាយ​ចប់ ស្រាប់​តែមាន​សិស្ស​នៅ​វិទ្យាល័យ​ថ្មគោល​ចំនួន​ចំនួន​១៩​នាក់​ទៀត បាន​ដួលសន្លប់​ភាគច្រើន​សុទ្ធតែ​សិស្សស្រី​។ ពេលនោះ លោក​អធិការនគរបាល​ស្រុក​ថ្មគោល​បាន​បញ្ជា​ឲ្យ​រថយន្ត​សង្គ្រោះ ដឹក​សិស្ស​ដែល​ដួលសន្លប់​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល និង​យក​រថយន្ត​អគ្គិភ័យ​បាញ់​ទឹក​លាង​ក្នុង​បន្ទប់​តាម​សាលារៀន​ឱ្យបាន​ស្អាត ដើម្បីឱ្យ​បរិស្ថាន​ក្នុង​សាលា​មាន​អនាម័យ​ល្អ​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ចំពោះ​ការដួលសន្លប់​របស់​សិ​ស្ស​១៩​នាក់​ក្រោយនេះ កំពុង​ស្រាវជ្រាវ​រក​ពី​មូលហេតុ​ហើយ​៕ ល​