មន្ត្រី​ចុះ​ពិនិត្យ​ផលប៉ះពាល់​ពី​ការចាក់​មេ​អាស៊ីដ​របស់​ក្រុមហ៊ុន​ស៊ី​វ៉ា​ឌូ (CWADO) ចូល​ទឹកស្រះ

627
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ករណី​បុគ្គលិក​ក្រុមហ៊ុន​ជប៉ុន​ស៊ី​វ៉ា​ឌូ (CWADO) ចាក់​មេ​អាស៊ីដ ជា​កាកសំណល់​លាង​សំអាត​ចេញពី​រោងចក្រ​ផលិត​ហាដ​ឌី​ស​ពី​លោហៈធាតុ​អាលុយមីញ៉ូម ទៅ​ចាក់ចោល​ក្នុង​ទឹកស្រះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​កន្លងមក​នោះ មន្ត្រី​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​វាយតម្លៃ​ហើយ​។​

​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​ខែសីហា​ថា ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​-​តំណាង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​និង​ការិយាល័យ​បរិស្ថាន​ក្រុង ដឹកនាំ​ដោយ​លោក ផៃ​សុ​ភី អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៥​ខែសីហា បាន​ចុះ​ពិនិត្យ វាយតម្លៃ​ទីតាំង​ក្រុមហ៊ុន​ស៊ី​វ៉ា​ដូ (CWADO) ផលិត​ហាត​ឌី​ស ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ (SANCO) នៅ​ភូមិ​-​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ដែល​ប្រជាពលរដ្ឋ​ថា ចាក់​សំណល់​រាវ​ចូល​ស្រះ​ទឹក អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​ជាច្រើន​នាក់​។​

​ក្រោយ​ពិនិត្យ មន្ត្រី​បាន​យក​សំណាក​វិភាគ​បញ្ជូនទៅ​ថ្នាក់លើ​ពិសោធន៍ និង​បញ្ជាក់​លទ្ធផល​។ ប៉ុន្តែ​ជាក់ស្តែង​ខាង​តំណាង​ក្រុមហ៊ុន និង​កម្មករ ដែល​បាន​យក​កាកសំណល់​នោះ ទៅ​ចោល​ខុស​គោលដៅ​នោះ បានទទួល​ស្គាល់​ផលប៉ះពាល់​ដូចដែល​ពលរដ្ឋ​បាន​ចោទប្រកាន់​មែន​។ ខាង​បុគ្គលិក​និង​ក្រុមហ៊ុន​ក៏បាន​សន្យា​កែតម្រូវ​ផងដែរ​។​

​សូម​រំលឹកថា ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​សីហា​កន្លងមក​ថា ចោទថា ក្រុមហ៊ុន​ដឹក​សំរាម​ចេញពី​កាកសំណល់​របស់​រោងចក្រ​ផលិត​ហាដ​ឌី​ស (Hard Disk) ស៊ី​វ៉ា​ឌូ (CWADO) ដែល​បាន​ដឹក​មេ​អាស៊ីដ​ជា​កាកសំណល់ ចេញពី​រោងចក្រ​នេះ នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត យកទៅ​ចាក់ចោល​នៅក្នុង​ស្រះ​ទឹក​ទំហំ​កន្លះ​ហិកតា នៅក្នុង​ភូមិ​ទូល​ពង្រ សង្កាត់​ផ្សារកណ្ដាល វា​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​ជាច្រើន​នាក់​៕ ល​