មន្ត្រី​ជំនាញៈ ក្តៅខ្លួន ២ ថ្ងៃ​ដាក់​ថ្នាំ​មិន​បាត់ សូមកុំ​ផ្សំ​ថ្នាំ​ខ្លួនឯង ប្រញាប់​ទៅ​ពេទ្យ​

419
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានផ្តល់​អនុសាសន៍​ថា ករណី​មាន​អាកា​រៈ​ក្តៅខ្លួន​ចាប់ពី​៣៨​អង្សារ​ឡើងទៅ​រយៈ ២ ថ្ងៃ ដាក់​ថ្នាំ​មិន​បាត់ ហើយ​សង្ស័យថា មាន​ជំងឺគ្រុនឈាម ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ មិនត្រូវ​សាកល្បង​ផ្សំ​ថ្នាំលេប​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​វា​អាច​បណ្តាល​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ប្រសិនបើ​វា​ជា​ជំងឺគ្រុនឈាម​មែន ហើយ​ស្វែងរក​ការព្យាបាល​មិនបាន​ត្រឹមត្រូវ និង មិនបាន​ទាន់ពេលវេលា


​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បានលើកឡើង​យ៉ាងដូច​នេះ នា​ព្រឹក​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ នៅ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​វិធានការ​និង​ការពារ​ការកើត​ជំងឺគ្រុនឈាម​។​


គិត​ត្រឹម​ពី​ខែមករា ដល់​សប្ដាហ៍​ទី ២ ខែ កក្កដា ឆ្នាំ ២០១៩ នេះ អ្នក​កើត​ជំងឺគ្រុនឈាម មាន​រហូតដល់​ទៅ ២១,១៣០​នាក់ ស្លាប់​២៥​នាក់ ដែលជា​ការកើនឡើង​ជា​ង ៥ ដង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៨ ហើយ​ខេត្ដ​ចំនួន ៩ កំពុង​ប្រឈម ឡើង​ចុះ​នៃ​ជំងឺគ្រុនឈាម គឺ ខេត្ដ​ព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត មណ្ឌលគិរី និង​ក្រចេះ ។ កាលពីដើមឆ្នាំ ២០១៩ ក្រសួងសុខាភិបាល ក៏បាន​ត្រៀម​រួចជាស្រេច នូវ​ថ្នាំ​អា​បេ​ត ថ្នាំ​បាញ់​មូស សឺ​រ៉ូម​សម្រាប់​ព្យាបាល និង បាន​ចែកចាយ​រួចជាស្រេច ទៅដល់​មន្ដ្រី​ក្រុមការងារ​នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ដ ។​


​លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​បន្ថែមថា ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ផងដែរ ដល់​កន្លែង​លក់​ថ្នាំ​ទាំងអស់ ដោយ​មិនត្រូវ​លក់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ ដោយ​អាច​ត្រឹម​ថ្នាំ​បញ្ចុះ​កម្តៅ​ធម្មតា និង​វីតាមីន​តែប៉ុណ្ណោះ ។


​លោក​វេជ្ជបណ្ឌិត​រូបនេះ បាន​សូមឱ្យ​ប្រជាពលរដ្ឋ ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា ដូចជា​សម្អាត​ព្រៃ ឬ ធ្វើ​អនាម័យ​នៅក្បែរ​ផ្ទះ កុំ​ស្តុក​ទឹក​ទុក​នៅក្នុង​ពាង ឬ អាងទឹក​ដោយ​ពុំបាន​គ្រប​ឲ្យ​បាន​ជិត​ល្អ , លុបបំបាត់​កាកសំណល់ សំបក​កំប៉ុង សំបក​កង់ឡាន វត្ថុ​បាក់បែក និង សំបក​ដូង​ជាដើម ។ ទាំង​កុមារ​តូច មនុស្ស​ធំ ត្រូវ​ស្លៀកពាក់ ឲ្យ​បាន​ត្រឹមត្រូវ ដេក​ក្នុង​មុង ។


​គួរ​បញ្ជាក់ថា ឆ្នាំនេះ​ជា​ឆ្នាំ​វដ្ដ នៃ ការផ្ទុះ​នូវ​ជំងឺគ្រុនឈាម​នៅលើ​ពិភពលោក ដែលជា​វដ្ដ​មាន​ជា​រៀងរាល់ ៥ ទៅ ៦ ឆ្នាំ​ម្ដង ។ សម្រាប​សេចក្តីរាយការណ៍ និង​សួរ​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង ជំងឺឆ្លង សូម​ទូរ​សព្ទ​ទៅកាន់​លេខ ១១៥ ដោយ​ឥតគិតថ្លៃ​៕ Kh

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ថ្លែង​នៅក្នុង​សិក្ខាសាលា ( រូបៈ មេសា )