ដោយៈ មេសា/ភ្នំពេញៈ បើតាមក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ឆ្នាំ ២០១៩ នេះ រដូវភ្លៀងធ្លាក់ ឬរដូវវស្សា បានចូលមកដល់ពេញទីហើយ ចាប់ពីសប្តាហ៍ទី ៣ ខែឧសភា ហើយដូចដែលធ្លាប់កត់ចំណាំមក នៅក្នុងរដូវកាលនេះ ជំងឺដែលតែងតែកើតញឹកញាប់ជាងគេមាន ៧ ប្រភេទ គឺ ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ជំងឺផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺឆ្លងពីចំណីអាហារ ជំងឺឆ្លងពីទឹក ជំងឺអាសន្នរោគ និង ជំងឺលិបតូ ដែលអាចយាយីដល់សុខភាពមនុស្សគ្រប់រូប ជាពិសេសកុមារ ហើយអាចបាត់បង់អាយុជីវិតប្រសិនបើព្យាបាលមិនទាន់ពេលវេលា ឬមិនបានត្រឹមត្រូវ ។
ហេតុនេះចូរបង្ការជំងឺទាំងនេះ ដោយការពាក់អាវភ្លៀង ទទូឆត្រ និងពាក់ស្បែកជើងលុយទឹក , ក្រោយពេលត្រូវទឹកភ្លៀង ត្រូវប្រញាប់ងូតទឹកជម្រះខ្លួន , ទទួលទានទឹកក្តៅឧណ្ហៗ បរិភោគទឹកស៊ុបក្តៅៗ , បរិភោគពពួកអាហារដែលមានជីវជាតិ និងសម្បូរទៅដោយវីតាមីនសេ ដូចជា ផ្លែត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ និងពពួកបន្លែបៃតងចាស់ ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស់ ខាត់ណា សណ្តែកកួរ និងប៉េងប៉ោះ ជាដើម ហើយរក្សាអនាម័យខ្លួនប្រាណ កន្លែងរស់នៅ និងចំណីអាហារ ។ នេះគឺជាឱវាទរបស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និង ជាអ្នកនាំពាក្យ នៃក្រសួងសុខាភិបាល ។
ចំពោះអ្នកកើតជំងឺផ្តាសាយ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្តល់អនុសាសន៍ថា ត្រូវពាក់ម៉ាស់ បរិភោគទឹកឱ្យបាន ២ លីត្រក្នុង ១ ថ្ងៃ ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកឡើយ ព្រោះថា នៅពេលដែលស្រេកទឹក បានន័យថា រាងកាយរបស់យើងបានបាត់បង់ជាតិទឹកអស់ ១៥ ភាគរយរួចទៅហើយ , លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ជាពិសេសពេលក្អក មិនត្រូវក្អកដាក់បាតដៃឡើយ ។
ចំណុចនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានពន្យល់ល្អិតថា នៅពេលណាយើងក្អកដាក់បាតដៃ មេរោគនឹងជាប់នៅនឹងបាទដៃរបស់យើង ពេលយើងចាប់ដៃអ្នកដទៃ មេរោគនឹងឆ្លងទៅអ្នកដទៃ ។ ម្យ៉ាងវិញទៀត ពេលយើងចាប់កាន់ដៃទ្វារចេញចូលបន្ទប់ ចាប់កាន់សម្ភារប្រើប្រាស់នានា មេរោគនឹងជាប់នៅលើរបស់ទាំងនោះ លុះពេលអ្នកដទៃចាប់កាន់របស់ទាំងនោះ មេរោគ ក៏នឹងឆ្លងទៅអ្នកទាំងនោះដែរ ។ ហេតុនេះ សូមមេត្តាប្តូរទម្លាប់ឥរិយាបថ នៃ ការក្អក គឺថា ប្រសិនបើមានក្រដាស ក្រណាត់ ឬ កន្សែងជាដើម ក៏សូមក្អកដាក់របស់ទាំងនោះ ពោលគឺពេលក្អក ត្រូវយករបស់ទាំងនោះមកខ្ទប់មាត់ចុះ ។ ប៉ុន្តែប្រសិនបើគ្មានរបស់ទាំងនោះទេ សូមមេត្តាកុំក្អកដាក់បាតដៃឡើយ គឺត្រូវក្អកដាក់ដើមដៃ នោះមេរោគនឹងជាប់នៅនឹងដើមដៃ ពេលយើងចាប់ដៃ ឬ ចាប់កាន់របស់របរផ្សេងៗដូចដែលបានលើកឡើងពីខាងដើមមកហើយ គឺវានឹងមិនឆ្លងទៅអ្នកដទៃឡើយ ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បានរំឭកឱ្យលុបបំបាត់ដង្កូវទឹក និង ជម្រកមូសខ្លា ដូចជាម្បកកង់ឡាន ត្រឡោកដូង សម្បកកំប៉ុង ថ្លុកទឹក ឧស្សាហ៍លាងពាង ជម្រះព្រៃ និង ស្មៅជុំវិញផ្ទះ និង ដាក់ថ្នាអាបេតក្នុងពាងទឹក ជាដើម ។
នៅពេលមានជំងឺផ្តាសាយ ឬ គ្រុនក្តៅលើសពី ៣៨ អង្សា ត្រូវសម្រាកឱ្យបានច្រើន កាត់បន្ថយ ឬ ផ្អាកការហាត់ប្រាណ ហើយប្រើថ្នាំបញ្ចុះកម្តៅ ។ ករណីនៅតែមិនថយកម្តៅ ត្រូវរូតរះទៅមណ្ឌលសុខភាព ។ ព័ត៌មានបន្ថែមអាចទាក់ទងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃសេវា ពីគ្រប់ប្រព័ន្ធ ៕ Kh/Ha