មន្ត្រី​ជំនាញ​ចុះ​សម្របសម្រួល និង​បើកប្រាក់ ជូន​កម្មករ​ចំនួន​ពីរ​នាក់ ដែល​ម្ចាស់​ហាង​បោក​អ៊ុត បញ្ឈប់ និង​មិនបាន​បើកប្រាក់​ជូន​

484
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការបញ្ឈប់​ការងារ​និង​មិនបាន​បើកប្រាក់​ខែ​អោយ​ក្មេងស្រី​ចំនួន​ពីរ​នាក់​នៅ​ហាង​បោក​អ៊ុត​ក្នុង​ក្រុង​សៀមរាប អាជ្ញាធរខេត្ត​បាន​ចាត់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ពិនិត្យ និង​ដោះ​ស្រាយ​។

ប្រធាន​មន្ទីរ​បាន​ចាត់​លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ និង​ជា​ប្រធាន​ក្រុមការងារ​កិច្ចការ​ទេស​ន្ត​ប្រវេសន៍ នៃ​លេខាធិការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​(​គខ​ប​ជ​) បានធ្វើការ​ស្រាវជ្រាវ​ចុះ​សម្របសម្រួល​ដោយ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ហាង​បោក​អ៊ុត N V K សេវ​សឺ​វី​សឡន​ឌ្រី ដែលមាន ម្ចាស់​ហាង​ឈ្មោះ សំ រចនា ជា​ជនជាតិខ្មែរ (​ប្រពន្ធ​) ប្តី​ជា​ជនជាតិ​បរទេស និង​កម្មករ​ទាំងពីរ​នាក់ រួមមាន ៖ ឈ្មោះ ថ​.​ស​. ភេទ​ស្រី ទី​ន្លែ​ង​កំណើត ភូមិស្រ​យ៉ូ​វ​ជើង ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ និង ឈ្មោះ ណ​.​ស​. ភេទ​ស្រី នៅ​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

តាមរយៈ​ការសាកសួរ​អំពី​មូលហេតុ ម្ចាស់​ហាង​បាន​ប្រាប់ថា​មូល​ហេតុដែល​បញ្ឈប់ និង​មិនបាន​បើក​ផ្តល់ជូន​ប្រាក់ខែ ដោយសារ​កម្មករ​ទាំង ពីរ​នាក់​ខាងលើ មិន​យកចិត្ត​ដាក់​ក្នុង​ការងារ (​ពេល​ភ្ញៀវ​មករក​សេវា ពួកគេ​មិន​ទទួល រាក់ទាក់​ភ្ញៀវ និង​បោក​អ៊ុត​សំលៀកបំពាក់​ភ្ញៀវ​មិន​ស្អាត​) ធ្វើ​ឲ្យ​បាត់​អតិថិជន​ជាច្រើន និង​ធ្វើ​ឲ្យ​ខូច​ម៉ាស៊ីនបោកខោអាវ​ទៀតផង​។​

​បន្ទាប់ពី​ស្តាប់​មូលហេតុ​រួច លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត បានធ្វើការ​ពន្យល់​អំពី​ច្បាប់​ស្តីពី​ការងារ និង​ហេតុផល​គ្រប់យ៉ាង ដល់​ម្ចាស់​ហាង​ជៀសវាង​មាន​វិវាទ​វែងឆ្ងាយ ជាមួយគ្នានេះ​ថៅកែ ក៏បាន​ព្រមព្រៀង​តាម​សំណើ​របស់​មន្ទីរ​ការងា​រ ដោយបាន​ព្រម​បើក​ផ្តល់ជូន​កម្មករ​ទាំងពី​រ​ខាងលើ​តាម​ការព្រមព្រៀង​រវាង​ថៅកែ និង​កម្មករ ដោយ​ម្នាក់​ទទួលបាន​១៣០ ដុល្លារ និង​ម្នាក់ទៀត​ទទួលបាន​១២០​ដុល្លារ គិត​ទៅតាម​ចំនួន​ថ្ងៃ​ដែល​បាន​បម្រើ​ការងារ​។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ លោក អ៊ឹម ចំរើន អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ខេត្តសៀមរាប បានប្រគល់​ថវិកា​ជូន​កម្មករ​ទាំងពីរ ដែល​បម្រើ​ការងារ​នៅ​កន្លែង​បោក​អ៊ុត NVK រួចរាល់​ហើយ​។

​ទន្ទឹមនឹង​ការទទួលបាន​ថវិកា​នេះ កម្មករ​ទាំងពីរ​នាក់ ក៏បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណា​ច់ការ​របស់​អាជ្ញាធរខេត្ត​លេខាធិការដ្ឋាន គខ​ប​ជ និង​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្តសៀមរាប ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​អន្តរាគមន៍​ជូន​ដល់​ពួកគាត់​៕B/