មន្ត្រី​ជំនាញ​ថា​កម្ពុជា​មិនទាន់​រកឃើញ​ជំងឺ គ្រុន​ជ្រូក​អាហ្វ្រិក ទេ​

547
ចែករម្លែក
  • 12
    Shares

ដោយៈ មេសា​/ភ្នំពេញៈ ថ្មីៗ​នេះ​ត្រូវបាន​រកឃើញ​វត្តមាន​ជំងឺ​គ្រុន​ជ្រូក ១ ប្រភេទ ដែល​គេ​ឱ្យ​ឈ្មោះថា ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក បាន​ឆ្លង​ចេញពី​ប្រទេស​ចិន រីក​រាលដាល​ចូលដល់​ភាគ​ខាងជើង នៃ ប្រទេស​វៀតណាម ដែល​នៅ​ទីនោះ សត្វ​ជ្រូក​ក្នុង​កសិដ្ឋាន​យ៉ាងហោច​ចំនួន ៣ ត្រូវបាន​សម្លាប់ចោល​ទាំងអស់ ។ ដោយហេតុថា ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក បាន​ចូលដល់​ប្រទេស​វៀតណាម ដែលជា​ប្រទេសជិតខាង កម្ពុជា ហើយ​មាន​ទំនាក់ទំនង​គ្នា​យ៉ាងច្រើន​ក្នុង​នាំ​សត្វ​ជ្រូក​ចេញចូល​ទៀត​នោះ ទើប​បណ្តាលឱ្យ​អ្នក​ប្រក​របរ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា បារម្ភ ។​


​ប៉ុ​ន្ទេ​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិត កម្ម​សត្វ នៃ ក្រសួងកសិកម្ម បាន​អះអាង​យ៉ាងច្បាស់​ថា មិនទាន់​រកឃើញ​មាន​ករណី​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក នៅ​កម្ពុជា នៅឡើយ ហើយ​មន្ត្រី​ពាក់ព័ន្ធ​បាន​និ ង កំពុង​តាម ដាន យ៉ាង​យកចិត្តទុកដាក់ រួមទាំង​វិធានការ​ជីវ​សុវត្ថិភាព ពោលគឺ​ពិនិត្យ​សុខភាព​ សត្វ​ដែល​ត្រូវ​នាំចូល​ពី​ប្រទេសជិតខាង​មិន​ធ្វេសប្រហែស​ឡើយ ហេតុនេះ​សូម​សាធារណជន ជាពិសេស​កសិករ និង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក កុំ​ព្រួយបារម្ភ​អំពី​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​នេះឡើយ


​ចំណែក​លោក លី ឡា​វី​ល ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បានឱ្យដឹងថា សមាគម បាន​កំពុងធ្វើការ និង តាមដាន​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​យ៉ាង​យកចិត្តទុកដាក់ ហើយ​លោក លី ឡា​វី​ល បាន​ក្រើនរំឭក​ដល់​កសិករ និង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ទាំងអស់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ជួយ​តាមដាន និង បង្ការ​ទាំងអស់គ្នា ដោយ​ការបាញ់​ថ្នាំ​បង្ការ និង កុំ​ទិញ​អាហារ​ធ្វើ​ពី​សាច់ជ្រូក​យកទៅ​ពិសារ​នៅផ្ទះ ឬ នៅ​កន្លែង​ដែលមាន​ចិញ្ចឹម​ជ្រូក ។​


​ចំពោះ​អក្កា​រៈ នៃ ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក លោក លី ឡា​វី​ល បានឱ្យដឹងថា សត្វ​ជ្រូក​មាន​កន្ទួល​ក្រហម ហើយ​ដំណើរ​របស់​សត្វ​ជ្រូក​ប៉ែង​ជើង ដូចជា​មនុស្ស​ស្រវឹង ហើយ​ជំងឺ​នេះ នឹង​បណ្តាលឱ្យ​ជ្រូក​ស្លាប់​ក្នុង​រយៈពេល ២ ទៅ ៣ សប្តាហ៍​បន្ទាប់​វា​បានកើត​លើស​ត្វ​ជ្រូក​។​


​សូមបញ្ជាក់ថា ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក នេះ ត្រូវបាន​រកឃើញ​ដំបូង​នៅ​ទ្វីបអាហ្វ្រិក កាលពី​ឆ្នាំ ១៩២០ កើត​តែ​លើ​សត្វ​ជ្រូក​ប៉ុណ្ណោះ គឺ​មិនកើត​លើ​សត្វ​អ្វី​ផ្សេង​ឡើយ ហើយ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ ពោលគឺ​ប៉ះពាល់​តែ​សត្វ​ជ្រូក​ប៉ុណ្ណោះ ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​ការពារ​នៅឡើយ ៕ Kh

លោក លី ឡា​វី​ល ( ស្តាំ ) អះអាងថា​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក ហើយថា មិនទាន់រកឃើញមានករណីជំងឺគ្រុនជ្រូកប្រភេទនេះនៅឡើយ ( រូបៈ មេសា​)