មន្ត្រី​ជំនាញៈការសាងសង់​អគារ​ក្នុង​វត្ត​ត្រូវ​គិតដល់​វប្បធម៌​ផង​

2534
ចែករម្លែក
  • 4
    Shares

ដោយៈ មេសា / ភ្នំពេញៈ លោក ស៊ុន ពោ​រ៉ា មន្ត្រី​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ដែល​បាន​សិក្សា​ស្រាវជ្រាវ​អំពី​សិល្បៈ​ក្បាច់រចនា​នៅតាម​វត្ត​អារាម​អស់​រយៈពេល ៤ ឆ្នាំ បាន​លើកឡើងថា  ពុទ្ធបរិស័ទ​គឺជា​តួអង្គ​ចូលរួម​ដ៏​សំខាន់​មួយ ចំណែក​ព្រះចៅអធិការ និង អាចារ្យ​គណៈកម្មការ​វត្ត​នីមួយៗ​ដែលជា​តួអង្គ​អនុវត្ត​ផ្ទាល់ គប្បី​គិតថា ការសាងសង់​អាគារ​ណា​មួយ​នៅក្នុង​វត្ត​អារាម ជាពិសេស​ព្រះវិហារ គឺ​មិនមែន​គ្រាន់តែ​សម្រាប់តែ​ប្រើប្រាស់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង ដើម្បី តែ​បុណ្យ​កុសល​មួយ​មុខ​ឡើយ ប៉ុន្តែ​ក៏​ជាការ​បម្រើឱ្យ​វិស័យ​វប្បធម៌​ជាតិ​ផងដែរ ដ្បិត​វត្ត​អារាម​មិនមែន​គ្រាន់តែ​ជា​កន្លែង​ប្រតិបត្តិ​ធម៌​អា​ថ៍​មួយ​មុខ​ឡើយ ប៉ុន្តែ​វត្ត​អារាម​ក៏​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជាតិខ្មែរ​រាប់​រាប់ពាន់​ឆ្នាំ​មកហើយ​ដែរ ។ ហេតុនេះ​មុននឹង​ស្ថាបនា ត្រូវ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ខាង​សិល្បៈ​វប្បធម៌​ជាមុនសិន  ។

ព្រះវិហារ​ព្រះ​កែវ​មរកត ក្នុង​ព្រះបរមរាជវាំង គឺជា​វិហារ​ដែលមាន​រចនាបទ និង ក្បូរក្បាច់ នៃ ក្នុងការ​សម្គាល់​អត្តសញ្ញាណ​វប្បធម៌​ជាតិ ( រូបៈ មេសា)

​ការលើកឡើង​របស់លោក ស៊ុន ពោ​រ៉ា បែបនេះ​ដោយសារ​ត្រូវបាន​កត់សម្គាល់ ចាប់ពី​ក្រោយ​សម័យ​សង្គម​រាស្ត្រនិយម ជាពិសេស​ប្រមាណ​ ២ ទសវត្សរ៍​ចុងក្រោយ​នេះ ការស្ថាបនា​អគារ​នានា​នៅក្នុង​វត្ត​អារាម​ច្រើន​ទៅៗ ធ្វើ​ទៅតាម​អារម្មណ៍ និង ធនធាន​លុយកាក់​ប្រាក់កាស​រៀងៗ​ខ្លួន រហូត​ពេលខ្លះ​ក្លាយជា​របស់​ខុស​ខ្នាត ដូចជា​កម្ពស់​ក​ម្ព​រ​ទ្រ​ដោយ​កំពែង មិន​ស៊ីគ្នា​នឹង​កំពូល ។ ចំណែក​ក្បូរក្បាច់​ទៀតសោត ក៏​មិន​ប្រាកដជា​អ្វី ពោលគឺ​មិនមាន​ផ្ទុក​ទៅដោយ​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ឡើយ ។​

ការលើកឡើងរបស់មន្ត្រីវ័យក្មេង ស៊ុន ពោរ៉ា គឺស្របទៅនឹងមហាសន្និបាតសង្ឃទូទាំងប្រទេស ហើយក៏ឆ្លើយ​តបទៅនឹងក្រសួងធម្មការ និង សាសនា និង ក្រសួងទេសចរណ៍ ដែលថ្មីៗនេះ បាននិងកំពុងជំរុញ រៀបចំវត្​តអារាមឱ្យក្លាយជាតំបន់ទេសចរណ៍ ហើយទាំងភ្ញៀវទេចរណ៍ជាតិ និង អតន្តរជាតិ នឹងបានស្គាល់អំពីក្បូរក្បាច់ សិល្បៈវប្បធម៌ជាតិបន្ថែមទៀត ប្រសិនបើវត្តអារាមរៀបចំឱ្យបានត្រឹមត្រូវ ។ ផ្ទុយទៅវិញ ពួកគេនឹងយល់ច្រឡំ ប្រសិនបើរៀបចំខុស ។

​លោក ស៊ុន ពោ​រ៉ា បន្ថែមថា វត្ត​អារាម គឺជា​សារមន្ទីរ​រស់​ប្រចាំ​តំបន់ ឬ សហគមន៍​នីមួយៗ ហេតុនេះ​សិល្បៈ ក្បូរ​ក្បាច់រចនា ដែល​ត្រូវ​ប្រើប្រាស់​ក្នុងការ​ស្ថាបនា​អាគារ​នីមួយ​ក្នុង​វត្ត ជាពិសេស ព្រះវិហារ គឺ​ត្រូវតែ​ផ្ទុក​ទៅដោយ​អត្ត​សញ្ញាញ​វប្បធម៌​ជាតិខ្មែរ ដើម្បី ឱ្យ​មនុស្ស​គ្រប់រូប​ស្គាល់​ថា​អ្វី​ជា​របស់​ខ្មែរ អ្វី​មិនមែនជា​របស់​ខ្មែរ ។ ចៀសវាង​ធ្វើឱ្យ​សាធារណ ជន​វង្វេង​អត្តសញ្ញាណ​របស់ខ្លួន ។ វា​គឺជា​រឿង​ងាយ​យល់​ណាស់​ថា ប្រសិនបើ​ខ្មែរ​មិន​ស្គាល់ អ្វី​ជា​របស់​ខ្លួនឯង​ទេនោះ យើង​មិនដឹងថា​នឹង​បង្កើត​អ្វី​ថ្មី​តាម​ដោយ​របៀប​ណា​ឡើយ ។

​សូមជម្រាបថា តាំងពី​ក្នុង​រជ្ជកាល​របស់​ព្រះករុណា នរោត្តម នា​សម័យ​ឧដុង្គ រហូតដល់​សម័យ​សង្គម​រាស្ត្រនិយម​របស់​ព្រះបាទ​សម្តេច​នរោត្តម សីហនុ ការស្ថាបនា​អគារ​នីមួយៗ​នៅក្នុង​វត្ត​អារាម ជាពិសេស​ព្រះវិហារ សុទ្ធតែ​មានច្បាប់​តម្រូវ​ឱ្យ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​អ្នកជំនាញ​ខាង​វិ​ប្ប​ធម៌​ជាតិ​សិន ទើប​អាច​សាងសង់​បាន ៕ Kh/សរន

ស៊ុន ពោ​រ៉ា មន្ត្រី​ក្រសួង​វប្បធម៌ និង ជា​អ្នកស្រាវជ្រាវ​អំពី​វត្ត​អារាម( រូបៈ មេសា)
ព្រះវិហារវត្តឧណ្ណាលោម ដែលជាវត្តកណ្តាល នៃ ព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជា ( រូបៈ ឯកសារ)
ព្រះវិហារវត្តបទុមវតីរាជរារាម ដែលជាវត្តដ៏មានចំណាស់បំផុតក្នុងចំណោមវត្តដែលចាស់ជាងគេបំផុតនៅភ្នំពេញ (រូបៈ ឯកសារ)